វិស័យកសិកម្ម

កសិករដង្ហោយសុំឱ្យតម្លៃស្រូវឡើងថ្លៃស្របតាមតម្លៃប្រេងម៉ាស៊ូត ដើម្បីទប់ទល់នឹងការហក់ឡើងថ្លៃដើមផលិត


​​​កសិករអ្នកបង្កបង្កើនផលស្រូវកំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានបន្តហក់ឡើងខ្ពស់ ផ្ទុយពីតម្លៃស្រូវដែលនៅតែមានកម្រិតទាប។ តាមការលើកឡើងរបស់កសិករ ពួកគេចង់ឱ្យតម្លៃស្រូវហក់ឡើងដល់ជាង១,០០០រៀលក្នុង១គីឡូក្រាម ដើម្បីអាចទូទាត់ជាមួយថ្លៃដើមផលិត ដែលបច្ចុប្បន្នបានកើនឡើងស្ទើរតែទ្វេដងទៅហើយ។
វិស័យកសិកម្ម
ដោយ

លោក វង្ស ប៉ោយយ៉ង់ កសិករធ្វើស្រែនៅខេត្តបាត់ដំបង បានរអ៊ូរទាំថា បន្ទាប់ពីតម្លៃប្រេងម៉ាស៊ូតបហក់ឡើងដល់៨,១០០រៀលក្នុង១លីត្របានធ្វើឱ្យកសិករនៅតំបន់របស់លោកចំណាយថ្លៃដើមខ្ពស់ជាងមុនទ្វេដង ហើយគ្រាន់តែថ្លៃភ្ជួររាស់ដីឡើងដល់២០ម៉ឺនរៀលក្នុង១ហិកតា ដោយកាលពីខែមុនមានតម្លៃត្រឹមតែ១១ទៅ១២ម៉ឺនរៀលតែប៉ុណ្ណោះ។ កសិកររូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើតម្លៃស្រូវនៅតែស្ថិតក្នុងរង្វង់៧០០រៀលក្នុង១គីឡូក្រាមដូចបច្ចុប្បន្ន វាមិនត្រឹមតែធ្វើឱ្យពលរដ្ឋប្រឈមនឹងការខាតប៉ុណ្ណោះទេ ថែមទាំងអាចជំរុញឱ្យពួកគេបោះបង់ការផលិតផងដែរ។ ជាមួយគ្នានេះ លោក ចង់តម្លៃហក់ឡើងខ្ពស់ដូចការហក់ឡើងតម្លៃប្រេងឥន្ធនៈដែរ។

ជាមួយគ្នានេះ លោក នួន ណារិន្ទដា កសិករធ្វើស្រែនៅខេត្តឧត្តរមានជ័យ បានលើកឡើងថា ការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកដាំដុះស្រូវ ដោយវាបានជំរុញឱ្យថ្លៃដើមហក់ឡើងខ្ពស់។ បើតាមការអះអាងរបស់កសិកររូបនេះ លោកត្រូវត្រៀមថ្លៃដើមផលិតខ្ពស់ជាងមុនប្រមាណ៥០% ខណៈតម្លៃស្រូវបច្ចុប្បន្នមិនទាន់អាចឆ្លើយតបនឹងការកើនឡើងនេះនៅឡើយទេ។ ជាមួយគ្នានេះ លោកសំណូមពរឱ្យភាគីពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យតម្លៃស្រូវសើមឡើងដល់លើសពី ១,០០០រៀលក្នុង១គីឡូក្រាម ទើបកសិករអាចទទួលបានប្រាក់ចំណេញខ្លះ។

ទន្ទឹមគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះកសិករអ្នកបង្កបង្កើនទិន្នផលផលស្រូវកំពុងជួបបញ្ហាថ្លៃដើមផលិតកើនឡើងខ្ពស់ ដែលអាចជំរុញឱ្យពួកគេកាត់បន្ថយការផលិតនៅឆ្នាំនេះ។ បើតាមលោក សុខ សុថា ការភ្ជួររាល់ដី ឈ្នួលច្រូតស្រូវ និងជីថ្នាំកំពុងកើនឡើងទ្វេដង ដូច្នេះលោកសំណូមពរដល់ភាគីពាក់ព័ន្ធជួយធ្វើយ៉ាងណាឱ្យតម្លៃស្រូវបានឡើងថ្លៃយ៉ាងតិច២០% ក៏ដូចជាជួយផ្ដល់ប្រាក់ឧបត្ថម្ភធនដល់កសិករក្នុងកាលៈទេសៈនេះ ដើម្បីរក្សាស្ថរិភាពនៃការបង្កបង្កើនទិន្នផលស្រូវ និងលើកទឹកចិត្តដល់កសិករ។

បើយោងតាមការវាយតម្លៃ ការកាត់បន្ថយផ្ទៃដីបង្កបង្កើនផលដោយសារវិបត្តិតម្លៃប្រេងនេះ អាចនឹងធ្វើឱ្យទិន្នផលស្រូវនៅឆ្នាំនេះប្រឈមនឹងធ្លាក់ចុះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដោយសម្រេចចាត់ទុកអាករលើតម្លៃបន្ថែម (VAT) ១០% លើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងឧស្ម័ន LPG ជាបន្ទុករបស់រដ្ឋទាំងស្រុង។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ថ្លៃដើមផលិតកម្ម ក្នុងពេលដែលតម្លៃថាមពលលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការកើនឡើង៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋាភិបាលនឹងបើកឱ្យពលរដ្ឋចូលលេងកម្សាន្តក្នុងអាកាសយានដា្ឋនអន្តរជាតិភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

​​រាជរដ្ឋាភិបាលកម្ពុជានឹងបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាសួនសាធារណៈ​ឱ្យពលរដ្ឋចូលទស្សនាកម្សាន្ត ហាត់ប្រាណ និងលេងកីឡាដោយម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ