ខេត្តព្រះសីហនុរំពឹងស្រូបទាញគម្រោងវិនិយោគថ្មីៗ

ខេត្តព្រះសីហនុរំពឹងស្រូបទាញគម្រោងវិនិយោគថ្មីៗបានកាន់តែច្រើន ក្រោមឥទ្ធិពលដំឡើងពន្ធរបស់លោក ត្រាំ


មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ក្រោយរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត និងដាក់ចេញយន្តការជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការវិនិយោគលើគម្រោងអគារជាប់គាំងតែម្តង។
ខេត្តព្រះសីហនុរំពឹងស្រូបទាញគម្រោងវិនិយោគថ្មីៗ
ដោយ

ថ្នាក់ដឹកនាំខេត្តនេះរំពឹងថា ខេត្តនៅភាគនិរតីមួយនេះនឹងអាចស្រូបទាញគម្រោងវិនិយោគថ្មីៗពីបណ្តាប្រទេសផ្សេងៗបានកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសទាំងនោះរងឥទ្ធិពលនៃការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលនឹងឡើងកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់បានប្តេជ្ញាចិត្តខ្ពស់ក្នុងការលាងសម្អាតភាពអវិជ្ជមាននានា ដើម្បីស្តារមុខមាត់ខេត្តជាប់មាត់សមុទ្រមួយនេះឱ្យមានភាពល្បីសុះសាយឡើងវិញ ពោលគឺអាជ្ញាធរខេត្តបានប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងបង្រ្កាបរាល់បទល្មើស និងបទឧក្រិដ្ឋនានាឱ្យអស់ពីខេត្តនេះ។ បន្ថែមលើនេះ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវយន្តការនានា ដើម្បីជំរុញ និងទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ចូលមកកាន់ខេត្តដ៏មានសក្តានុពលរបស់កម្ពុជាមួយនេះផងដែរ។ ទន្ទឹមនឹងនេះឯកឧត្តម ឡុង ឌីម៉ង រំពឹងជឿជាក់ថា ក្រោមឥទ្ធិពលនៃផែនការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ វានឹងជួយរុញច្រានគម្រោងវិនិយោគពីបណ្តាប្រទេសផ្សេងៗឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត។ លោក ដូណាល់ ត្រាំ នឹងឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

ពាក់ព័ន្ធការទាក់ទាញការវិនិយោគនេះដែរ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុកាលពីដើមឆ្នាំនេះមក មិនត្រឹមតែបានជួយជំរុញការដោះស្រាយបញ្ហាគម្រោងអគារជាប់គាំងនៅក្នុងខេត្តនេះប៉ុណ្ណោះទេ ថែមទាំងបានជំរុញសកម្មភាពវិនិយោគថ្មីៗមកកាន់ខេត្តនេះផងដែរ។ តាមរយៈលទ្ធផលទាំងនេះធ្វើឱ្យឯកឧត្តមរំពឹងថា ខេត្តព្រះសីហនុនឹងទទួលបានគម្រោងវិនិយោគថ្មីៗកាន់តែច្រើនថែមទៀតនាពេលខាងមុខ បន្ទាប់ពីមានវិនិយោគិនបរទេសជាច្រើនបានបង្ហាញជំនឿទុកចិត្ត និងចំណាប់អារម្មណ៍លើយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

សូមជម្រាបថា នៅក្នុងរយៈពេល១១ខែកន្លងមកនេះក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣គម្រោង ជាមួយមានទុនវិនិយោគជាង៦ពាន់លានដុល្លារ លើសផែនការគ្រោងទុក ដែលរំពឹងទទួលបានត្រឹម១០០គម្រោង និងទុនវិនិយោគជាង១ពាន់លានដុល្លារ។ ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន១០៣គម្រោងជាមួយទុនវិនិយោគជាង២ពាន់៥រយលានដុល្លារ, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន៨៦គម្រោងក្រោមទុនវិនិយោគជិត២ពាន់៧រយលានដុល្លារ ការពង្រីកគម្រោងចំនួន១៧ គម្រោងមានទុនវិនិយោគជាង៧រយលានដុល្លារ និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន៧គម្រោងមានទុនវិនិយោគសរុប៣០លានដុល្លារ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ចនឌារបានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម សាខាខេត្តត្បូងឃ្មុំ

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវត្រាក់ទ័រចនឌារ ម…

ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយរឹងមាំដែលផ្អែកលើនីតិរដ្ឋ ដើម្បីសម្រេចបានគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ