តាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយថា រូបភាពលម្អិតដែលថតដោយយន្តហោះស៊ើបការណ៍ U2sរបស់អាមេរិកក្នុងរយៈកម្ពស់ខ្ពស់ បានបង្ហាញយ៉ាងច្បាស់ពីឧបករណ៍ដែលបំពាក់លើបាឡុងនោះគឺ ពិតជាប្រើសម្រាប់តាមដានស៊ើបការណ៍សម្ងាត់ និងមិនដូចគ្នាសូម្បីបន្តិចជាមួយនឹងបាឡុងប្រើ ក្នុងវិស័យអាកាសធាតុឧតុនិយម។
មន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាមានអង់តែនជាច្រើនដើម្បីរួមបញ្ចូលជាបង្គុំធំមួយ ដែលទំនងជាប្រើសម្រាប់ប្រមូលយកទិន្នន័យ ទំនាក់ទំនងនៅតាមទីតាំងភូមិសាស្ត្រដែលវាហោះហើរពីលើ»។ លើសពីនេះ វាបានបំពាក់មកជាមួយ បន្ទះស្រូបពន្លឺព្រះអាទិត្យសូឡា ដែលមានទំហំធំល្មមដើម្បីផលិតថាមពលសម្រាប់បង្គុំអង់តែនទាំងនោះ ទើបឧបករណ៍ចាប់សញ្ញាអាចដំណើរការប្រមូលព័ត៌មានបាន។
ទន្ទឹមនឹងគ្នានេះ ភ្នាក់ងារ FBI អាមេរិកបាននិយាយថា អ្វីដែលគេបានប្រមូលបានពីក្នុងទឹក មកទល់នឹងពេលនេះ គឺគ្រាន់ជាផ្នែកតូចនៃបាឡុងប៉ុណ្ណោះ ពោលគឺសុទ្ធតែជាគ្រឿងបង្គុំអេឡិចត្រូនិចរបស់វា និងផ្ទាំងសូឡាសម្រាប់ស្រូបយក និងផ្តល់ថាមពល។ FBI បន្តថា ភ័ស្តុតាងដែលបានរកឃើញ និងនាំយកមកពិសោធន៍នេះ គឺមានកម្រិតតិចតួចខ្លាំងមែនទែន រីឯផ្នែកធំនៃនៃផ្ទាំងសូឡាបានលិចចូលទៅក្នុងទឹកជម្រៅប្រហែល១៤ម៉ែត្រឯណោះ។ ក្នុងន័យនេះ អ្វីដែលគេរកឃើញ យកមកពិនិត្យបាន គឺសុទ្ធជាបំណែកដែលអណ្តែតឡើងមកលើផ្ទៃសមុទ្រ។
សូមជម្រាបថា នេះគឺជាការសិក្សានិងសន្និដ្ឋានជំហានដំបូងរបស់អាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ទី៩ខែកុម្ភៈហើយថា សហរដ្ឋអាមេរិកនឹងស្វែងរកវិធានការប្រឆាំងនឹងអង្គភាព ឬក្រុមហ៊ុនណា ដែលមានទំនាក់ទំនងជាមួយយោធារបស់ប្រទេសចិន ពិសេសផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ចំពោះការហោះហើរនៃបាឡុងចារកម្មចិន ចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុននេះ។
សូមរំឭកថា កាលពីថ្ងៃទី២៨ខែមករា បាឡុងរបស់ចិនត្រូវបានយោធាអាមេរិកចាប់សញ្ញាដឹងថាបានហោះចូលក្នុងដែនអាកាសរបស់ខ្លួន ក្នុងរដ្ឋអាឡាស្កា ដែលនោះគឺជាកំណត់បានជាលើកដំបូងបំផុត តែវ៉ាស៊ីនតោនមិនបានបាញ់ទម្លាក់ភ្លាមៗឡើយ ព្រោះគេគិតថាទឹកសមុទ្រនៅអាឡាស្កាត្រជាក់ខ្លាំង និងពោរពេញដោយទឹកកកដែលវាអាចបង្កការលំបាកដល់ការរុករក៕