ការរលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីដូច្នេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ញើញចូលរួមពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្ដេចយល់ស្របនឹងតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់មានការកែប្រែចង្កូតរថយន្តពីស្ដាំទៅឆ្វេងនោះទេ សម្រាប់អ្នកមិនទាន់ប្ដូរពីចង្កូតស្ដាំទៅឆ្វេង ក៏ប៉ុន្តែ ត្រូវទៅបង់ពន្ធជាដាច់ខាត។ ក្នុងន័យនេះ សម្ដេចក៏បានសង្កត់ធ្ងន់ផងដែរថា ការលើកលែងនេះ សម្រាប់តែអ្នកមានរថយន្តចង្កូតស្ដាំដែលមានក្នុងប្រទេសស្រាប់ប៉ុណ្ណោះ ដោយសម្ដេចគូសបញ្ជាក់ថា សម្រាប់ម្ចាស់រថយន្តចង្កូតស្ដាំដែលមិនបានមកបង់ពន្ធ ត្រូវតែមកបង់ពន្ធ ហើយអ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។ លើសពីនោះ សម្ដេចក៏បានបញ្ជាក់យ៉ាងធ្ងន់ៗ ទៀតថា ចាប់ពីថ្ងៃទី៦ ខែកក្កដា ២០២២ តទៅ សម្ដេចមិនអនុញ្ញាតឲ្យមានការនាំចូលបន្តនូវរថយន្តចង្កូតស្ដាំនេះ ជាដាច់ខាត ដោយសម្ដេចបញ្ជាក់ថា ក្នុងករណីមានរថយន្តចង្កូតស្ដាំនាំចូលថ្មី មិនអនុញ្ញាតឱ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។
បើតាមសម្ដេចតេជោ ហ៊ុន សែន កន្លងទៅ មានរថយន្តចង្កូតស្តាំមួយចំនួនបានចូលមករកក់ប្រាក់ រួចហើយទៅកែចង្កូត ក៏ប៉ុន្តែ ក៏មានអ្នកដែលបានកក់ប្រាក់រួច តែមិនទាន់បានទៅដូរចង្កូតនោះ គឺ មិនចាំបាច់ដូរនោះទេ តែត្រូវវិលមកបន្ថែមលុយបង់ពន្ធឲ្យដាច់ រួចទទួលលិខិតពីគយ សម្រាប់បញ្ជូនទៅទទួលផ្លាកលេខសម្រាប់ប្រើប្រាស់ ជាការស្រេច។
ជាថ្មីម្ដងទៀត សម្តេចក៏បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតនេះ មានសុពលភាពត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នេះ ប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជា កម្លាំងសមត្ថកិច្ចតាមព្រំដែនមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្តាំថ្មីៗ ចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ ពិសេសតាមព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបញ្ជាក់ថា រថយន្តចង្កូតស្តាំអត់ពន្ធ ដែលលួចនាំចូល កន្លងមក មានតែតាមព្រំដែនថៃ ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរ កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ តែងតែបានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្មានពន្ធ និងចង្កូតស្តាំទាំងអស់ឲ្យរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ឲ្យបានទាន់ថ្ងៃឱសានវាទ បើមិនចង់រងការពិន័យ និងវិធានការក្តៅ ហើយថ្ងៃឱសានវាទនោះ ក៏បានផុតតាំងតែថ្ងៃទី៣០ខែមិថុនាមកម្ល៉េះ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្លាប់បានអះអាងថា ក្នុងករណីគយបង្ក្រាបបានរថយន្តចង្កូតស្តាំ នឹងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ រីឯ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូលនឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់តាមនីតិវិធីជាធរមាន។
បើតាមឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ធ្លាប់បានគូសបញ្ជាក់ថា ក្នុងរយៈពេល៨ខែ នៃការបើកយុទ្ធនាការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធ មានរថយន្តគ្មានពន្ធជ្រកក្រោមស្លាលេខ ខ.ម ន.ប និងរដ្ឋផ្សេងៗ ជិត៧ពាន់គ្រឿងបានចូលមកបង់ពន្ធ ដោយប្រមូលបានថវិកាជិត ៦៥លានដុល្លារ៕