ពូទីនបញ្ជាឱ្យបន្តធ្វើសង្គ្រាមកុំដកដៃ!

លោកពូទីន ដាក់បញ្ជាឱ្យបន្តធ្វើសង្គ្រាម ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវឱ្យថែរក្សាច្បាប់ជាអន្តរជាតិ


ស្របពេលដែលបុរសខ្លាំងរុស្ស៊ី លោកពូទីនបញ្ជាឲ្យបន្ដធ្វើសង្គ្រាមកាន់តែខ្លាំងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សេរឺហ្កី ឡាវរ៉ូវ ឯណោះវិញ បានថ្លែងពីទីក្រុងហានូយប្រទេសវៀតណាម នៅថ្ងៃពុធសប្ដាហ៍នេះ ដោយបានអំពាវនាវដល់ភាគីទាំងអស់ក្នុងពិភពលោកឱ្យខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិទៅវិញ ខណៈដែលលោកអះអាងថា ពិភពលោកកំពុងវិវឌ្ឍន៍ក្នុងស្ថានភាពដ៏ស្មុគស្មាញ។
លោកពូទីន ដាក់បញ្ជាឱ្យបន្តធ្វើសង្គ្រាម ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវឱ្យថែរក្សាច្បាប់ជាអន្តរជាតិ

នៅមិនយូរប៉ុន្មាន បន្ទាប់ពីវាយយកបានក្រុងយុទ្ធសាស្ត្រចុងក្រោយនៃខេត្តលូកហាន់ តំបន់បាសរបស់អ៊ុយក្រែន លោកពូទីនប្រធានាធិបតីរុស្ស៊ីបានដាក់បញ្ជាឱ្យកងទ័ពបន្តធ្វើសង្គ្រាមកុំដកដៃ ដើម្បីសម្រេចតាមគោលដៅដែលបានកំណត់ទុក គឺគ្រប់គ្រងខេត្តដូណេកស៍មួយទៀត នឹងឈានទៅគ្រប់គ្រងដុនបាសទាំងមូល។ជាក់ស្តែងសេចក្តីរាយការណ៍ ពីកងទ័ពអ៊ុយក្រែននៅដូណេកស៍ឱ្យដឹងនៅថ្ងៃទី ៦កក្កដាថា កងទ័ពរុស្ស៊ីកំពុងផ្លោងកាំភ្លើងធំយ៉ាងខ្លាំងចូលតំបន់ដូណេកស៍។

ដូចបានដឹងតាំងតែពីដើមសប្តាហ៍នេះហើយថា ក្រុងលីសីឆាន់ដែលជាក្រុងសំខាន់ចុងក្រោយ របស់ខេត្តលូកហាន់បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ពីអំណេះតទៅបុរសខ្លាំងលោកពូទីន បានដាក់បញ្ជាឱ្យកងទ័ពបន្តធ្វើសង្គ្រាមកុំដកដៃឱ្យសោះ ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន គឺគ្រប់គ្រងតំបន់ដុនបាសទាំងមូល។ តំបន់ដែលរុស្ស៊ីហៅថា ដុនបាស រួមបញ្ជូលខេត្តចំនួនពីររបស់អ៊ុយក្រែនរួមមាន ខេត្តលូកហាន់ និងដូណេក។ រុស្ស៊ីនិយាយថា គោលដៅចង់ដណ្ដើមការគ្រប់គ្រងតំបន់ Donbas ទាំងមូលពីអ៊ុយក្រែន គឺសម្រាប់ ក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូ ហើយដែលរុស្ស៊ីទទួលស្គាល់ថាជាសាធារណរដ្ឋប្រជាមានិតឯករាជ្យ។

គួរជម្រាបថា នៅភាគខាងកើត អ៊ុយក្រែនបានបាត់បង់ទីក្រុងម្តងមួយៗទៅក្នុងដៃកងទ័ពរុស្ស៊ី ប៉ុន្តែបើយើងក្រលេកមើលទៅភាគខាងត្បូងវិញ កងទ័ពអ៊ុយក្រែនកំពុងផ្តោតអាទិភាពវាយដណ្តើមយកទីក្រុង ឃឺសិន(Kherson) ពីរុស្ស៊ីមកវិញ។ សម្រាប់អ៊ុយក្រែន តំបន់ភាគខាងត្បូងជាតំបន់យុទ្ធសាស្រ្តសំខាន់ណាស់ ដែលទីក្រុងកៀវត្រូវការចាំបាច់ ដើម្បីអាចចូលទៅប្រើសមុទ្រខ្មៅបានឡើងវិញ។

គួរបញ្ជាក់ថា សមុទ្រជាផ្លូវដឹកជញ្ជូនសំខាន់ខ្លាំងណាស់របស់អ៊ុយក្រែន ពិសេសសម្រាប់ការនាំចេញស្បៀងអាហារចំបងៗដែលបានដាំដុះ នៅអ៊ុយក្រែនដូចជាស្រូវសាលី ពោត និងគ្រាប់ធញ្ជជាតិផ្សេងៗ។ ការដណ្តើមបានក្រុង Kherson ពីរុស្ស៊ីមកវិញប្រៀបបាននឹងការជួយស្តារស្ថានការណ៍ស្បៀងអាហារសកលមួយផ្នែកដែរ។

ដ្បិតតែរុស្ស៊ីបន្តធ្វើសង្គ្រាមមែន តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវឱ្យរក្សាច្បាប់អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃពុធបានអំពាវនាវដល់ភាគីទាំងអស់ក្នុងពិភពលោកឱ្យខិតខំប្រឹងប្រែងដើម្បីការពារច្បាប់អន្តរជាតិ ខណៈដែលលោកបានហៅពិភពលោកបច្ចុប្បន្ននេះថា កំពុងវិវឌ្ឍចូលទៅក្នុងស្ថានភាពមួយដ៏ស្មុគស្មាញ។ លោក Lavrov និយាយបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយសមភាគីវៀតណាមលោក ប៊ុយ ថាន់ សុន (Bui Thanh Son) នៅទីក្រុងហាណូយ។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងខណៈដែលប្រទេសរុស្ស៊ីត្រូវបានប្រទេសលោកខាងលិចចោទប្រកាន់ថាបានបំពានច្បាប់អន្តរជាតិតាមរយៈការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ក្នុងនោះមេដឹកនាំសហភាពអឺរ៉ុបបានជំរុញទីក្រុងមូស្គូឱ្យគោរពតាមដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលប្រាប់រុស្ស៊ីឱ្យដកទ័ពចេញពីអ៊ុយក្រែន។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះកំពុងទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម មុននឹងចេញដំណើរទៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមកិច្ចប្រជុំG20 ក្នុងកំរិតរដ្ឋមន្ត្រីការបរទេស ដែលនឹងធ្វើឡើងក្នុងសប្តាហ៍នេះ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំមានស្រាប់អាចបង់ពន្ធ ដោយមិនចាំបាច់ប្ដូរចង្កូត

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ព្រមតាមសំណូមពររបស់ប្រជាពលរដ្ឋអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំ ដែលមានស្រាប់ក្នុងស្រុកអាចត្រឹមបង…

អាមេរិកត្រៀមជំរុញក្រុមប្រទេសG20 ដាក់សម្ពាធបន្ថែមលើរុស្សីឲ្យបើកផ្លូវសមុទ្រ ព្រមទាំងបានព្រមានចិនកុំឲ្យលូកដៃជួយរុស្ស៊ី

ព័ត៌មាន
នៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអាតូនី ប្លីនខេន (Antony Blinken) នឹងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ