លោក ស្ទេវ ស្កេលីស (Steve Scalise) លោកចីម ចូដេន (Jim Jordan) និងលោក ខេវិន ហើន (Kevin Hern) ជាបេក្ខភាពលេចធ្លោបីរូប ដែលអាចនឹងក្លាយជាប្រធានសភាបន្ទាប់ពីលោក ម៉ាកាធី។
អ្នកទាំងបីសុទ្ធតែជាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ និងមានការគាំទ្រយ៉ាងច្រើនក្នុងជួរបក្ស ក៏ដូចជាសមាជិកសភាសាធារណរដ្ឋផ្សេងទៀត។ ទោះយ៉ាងណា ក្រៅពីអ្នកទាំងបី គេក៏ឃើញមានតំណាង រាស្ត្រមួយចំនួនទៀតក៏កំពុងប្រជែងគ្នា និងស្វែងរកការគាំទ្រ ដើម្បីអង្គុយលើកៅអីនេះដែរ។
លោកស្ទេវ ស្កេលីស (Steve Scalise) វ័យ៥៧ឆ្នាំ ត្រូវបានចាត់ទុកថាជាអ្នកស្នងតំណែង លោក McCarthy ជាយូរមកហើយ។ លោកបានជួបជាមួយពួកសាធារណរដ្ឋស្ងាត់ៗ ដើម្បីកៀរគរការគាំទ្រសម្រាប់តំណែងកំពូលមួយនេះ។ លោក ស្កេលីស ត្រូវបានគេមើលឃើញថា ជាអ្នកអភិរក្សខ្លាំងជាងលោក McCarthy ទៅទៀត។
ប៉ុន្តែអ្វីដែលជាអកុសល លោក កំពុងមានជំងឺប្រចាំកាយ និងកំពុងទទួលការព្យាបាលជំងឺមហារីក។ មែនទែនទៅ ស្កេលីស គឺជាតំណាងរាស្ត្រមកពីរដ្ឋ Louisiana និងមានតំណែងខ្ពស់បំផុតទីពីរក្នុងសភាតំណាងបក្សសាធារណរដ្ឋ។ កាលពីថ្ងៃពុធ លោក បានប្រកាសបេក្ខភាពប្រធានសភាដោយនិយាយថា «តាមរយៈបទពិសោធន៍កន្លងមក លោក នឹងអាចនាំទៅរកការស្រុះស្រួលគ្នារវាងគំនិតផ្ទុយគ្នាក្នុងជួរសមាជិកសភាទាំងពីរបក្សបាន។ ជាមួយគ្នានេះលោក ម៉ាត ហ្កេតហ្ស (Matt Gaetz) ដែលជាអ្នកផ្គួចផ្តើតគំណិតស្នើទម្លាក់តំណែងលោក ម៉ាកាធី ក៏បាននិយាយដែរថា ស្កេលីស អាចជាបេក្ខភាពដ៏ល្អសម្រាប់កៅអីប្រធានសភាអាមេរិក។
ក្រៅពីនេះ គេក៏ឃើញមានលោក ចីម ចូដេន (Jim Jordan) ជាអ្នកប្រឆាំងលោក ចូ បៃដិន ឈានមុខគេ ក៏បានប្រកាសត្រៀមខ្លួនសម្រាប់ការបោះឆ្នោតធ្វើជាប្រធានសភាផងដែរ។ លោក ចូដេន ដែលមាន វ័យ៥៩ឆ្នាំ គឺជាប្រធានគណៈកម្មាធិការតុលាការសភា និងការប្រើប្រាស់អាវុធនៃអនុគណៈកម្មាធិការជ្រើសរើសរដ្ឋាភិបាលសហព័ន្ធ។ លោក គឺជាតំណាងរាស្ត្រមកពីរដ្ឋ Ohio របស់បក្សសាធារណរដ្ឋ និងធ្លាប់ដឹកនាំការស៊ើបអង្កេតលើរដ្ឋបាលលោក ចូ បៃដិន ហើយក៏ជាអ្នកគាំទ្ររបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ក្នុងតួនាទីជាប្រធានគណៈកម្មាធិការតុលាការសភា លោក ចូដេន បានបើកការស៊ើបអង្កេតលើការចោទប្រកាន់លើលោក ចូ បៃដិន និងបានប្រទាំងប្រទើសជាមួយរដ្ឋអាជ្ញាសហព័ន្ធជុំវិញរឿងក្តីលោក ត្រាំ ផងដែរ។ អ្នកខ្លះមើលឃើញថា ចូដេន ជាតំណាងរាស្ត្រសាធារណរដ្ឋ ដែលមានជំហរស្តាំនិយមជ្រុល និងមានទំនាក់ទំនងជិតស្និទខ្លាំងជាមួយលោក ម៉ាកាធី។
បេក្ខភាពលេចធ្លោរមួយទៀត គឺលោក ខេវិន ហើន (Kevin Hern)ដែលជាដឹកនាំក្រុមគោលនយោបាយសម្រាប់សមាជិកសភាអភិរក្សនិយម ក៏បាននិយាយថា លោកកំពុងពិចារណាការឈេរឈ្មោះធ្វើជាប្រធានសភាដែរ។
លោក ជាតំណាងរាស្ត្ររដ្ឋ Oklahoma មកពីបក្សសាធារណរដ្ឋ។ ដូចទៅនឹងលោក ចូដេន ដែរ លោក ហើន ទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋជាច្រើន ដែលប្រឆាំងនឹងលោក ម៉ាកាធី ក្នុងអំឡុងពេលបោះឆ្នោតប្រធានសភាកាលពីខែមករា កន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយ ការដកតំណែងប្រធានសភានេះ គឺជារឿងដែលអ្នកនយោបាយ និងប្រជាជនអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។
យោងតាមការស្ទង់មតិចុងក្រោយមួយបានរកឃើញថា ពីរភាគបីនៃប្រជាជនអាមេរិកជឿថា អ្នកនយោបាយអាមេរិកទាំងពីរបក្សមិនអាចទុកភាពខុសគ្នាខាងនយោបាយនៅមួយឡែក ដើម្បីធ្វើការរួមគ្នាឡើយ។ នៅប៉ុន្នានឆ្នាំចុងក្រោយនេះ តួនាទីប្រធានកាន់តែយ៉ាប់យ៉ឺន និងអស្ថិរភាពខ្លាំង ព្រោះបានផ្លាស់ប្តូរញឹកញាប់ពេក។
សមាជិកសភាសាធារណរដ្ឋខ្លះយល់ថាពួកគេត្រូវតែផ្លាស់ប្តូរច្បាប់ស្តីពីការដកតំណែងប្រធានសភានៅពេលខាងមុខ ដើម្បីកុំឱ្យមានការបោះឆ្នោតទម្លាក់ស្រួលពេក៕