តម្លៃប្រេងពិភពលោក

តម្លៃប្រេងរអិលធ្លាក់ចុះអស់១០ដុល្លារក្នុងមួយធុងបារ៉ែល ដោយសារឥទ្ធិពលមេរោគបំប្លែងថ្មី អូមីក្រុង


តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ១០ដុល្លារអាមេរិក ក្នុងមួយធុងបារ៉ែល នៅថ្ងៃជួញដូរចុងក្រោយកាលពីចុងសប្ដាហ៍មុននេះ ដែលជាការធ្លាក់ចុះប្រចាំថ្ងៃខ្លាំងបំផុតមិនធ្លាប់មាន បើគិតតាំងខែមេសាឆ្នាំ២០២០មក។ កត្តាដែល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះខ្លាំងយ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា ដោយសារតែមានការផ្ទុះឡើងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង ដែលទើបតែបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ ហើយមេរោគនេះក៏កំពុងរកឃើញមានឆ្លងទៅដល់បណ្ដាប្រទេស និងដែនដីមួយចំនួនផងដែរ។
កម្មករដើរពិនិត្យមើលធុងដាក់ប្រេងឆៅ
ដោយ

វត្តមាន​មេរោគ​បំប្លែង​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​នៅ​ផ្សារភាគហ៊ុន និង​តម្លៃ​ប្រេង​ឆៅ មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង ដោយ​ក្នុង​នោះ ពួក​គេ​ក៏​បារម្ភ​ពី​ការ​ផ្គត់ផ្គង់​ប្រេង​អាច​នឹង​មាន​លើស​តម្រូវការ​នៅ​ក្នុង​ត្រីមាស​ទី​១​នៅ​ឆ្នាំ​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​ចុះ​ផ្សាយ​។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​គឺ​កំពុង​ដើរ​ស្រប​ទៅ​នឹង​ទីផ្សារ​ភាគហ៊ុន​សកល​ក៏​កំពុង​ដាំ​ក្បាល​ចុះ​ដូច​គ្នា​ដែរ នៅ​ប៉ុន្មាន​មក​ថ្ងៃនេះ ដោយសារ​តែ​ភ័យ​ខ្លាច​នៃ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី ឈ្មោះ​ថា អូ​មី​ក្រុង ដែល​អាច​ធ្វើ​ឲ្យ​បន្ទច់បង្អាក់​ដល់​កំណើនសេដ្ឋកិច្ច និង​តម្រូវការ​ប្រេងឥន្ធនៈ​។

នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​ឃើញ​បណ្ដា​ប្រទេស​ជា​ច្រើន​ពិសេស​នៅ​តំបន់​អឺរ៉ុប អា​មេ​រិ​ក រួម​ទាំង​ប្រទេស​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​រួម​ទាំង​ថៃ និង​សិង្ហ​បុរី ក៏​បាន​ប្រកាស​ដាក់​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​តំបន់​អាហ្វ្រិក​មួយ​ចំនួន​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​។ បើ​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង អាច​មាន​សមត្ថភាព​ឆ្លង​ខ្ពស់​ជាង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​ទៅ​ទៀត ហើយ​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​កំណត់​រួច​ហើយ​ថា មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង គឺជា​មេរោគ​មួយ​ប្រភេទ ដែល​មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​។

ទីផ្សារ​ភាគហ៊ុន ពិសេស​ទីផ្សារ​ប្រេង​ឆៅ​រង្គោះរង្គើ​ដាំ​ក្បាល​ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រោយ​ពី​មានការ​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង តួយ៉ាង តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អង់គ្លេស​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ បាន​ធ្លាក់​ចុះ ៩​ដុល្លារ​៥០​សេន ឬ​ស្មើនឹង​អត្រា​ធ្លាក់​ចុះ ១១,៦% ក្នុង​មួយ​ធុង​បារ៉ែល នាំ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​មាន​ត្រឹមតែ ៧២​ដុល្លារ ៧២​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​ធុង​បា​រែ​ល ខណៈ​ដែល​ទីផ្សារ​ប្រេង​អង់គ្លេស​នេះ ក៏​ទើបតែ​មានការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្ដា​ហ៍​ប្រមាណ​ជាង​៨%​រួច​ហើយ​ដែរ​។

នៅ​ទីផ្សារ​ប្រេង​ឆៅ​អា​មេ​រិ​ក​វិញ មានការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​អស់​១០​ដុល្លារ ២៤​សេន ឬ​ស្មើនឹង​អត្រា​ធ្លាក់​ចុះ ជាង​១៣% ក្នុង​មួយ​ធុង​បារ៉ែល​ដែរ ពោល​គឺ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​មួយ​នេះ នៅ​មាន​ត្រឹមតែ ៦៨​ដុល្លារ ១៥​សេន​ប៉ុណ្ណោះ ក្នុង​មួយ​ធុង​បារ៉ែល ខណៈ​ដែល​ការ​ធ្លាក់​ចុះ​ប្រចាំ​ស​ប្ដា​ហ៍​មាន​ដល់​ជាង ១០%​។

តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ធ្លាក់​ចុះ នេះ ក៏​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ៗ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បញ្ចេញ​ស្ដុក​ប្រេង​ឆៅ​ដែល​ខ្លួន​បម្រុង​ទុក​ទៅ​លើ​ទីផ្សារ​ផង​ដែរ​។ ក្នុង​នោះ អា​មេ​រិ​កបាន​ប្រកាស​នឹង​បញ្ចេញ​ស្ដុក​ប្រេង​បម្រុង​ដល់​ទៅ ៥០​លាន​បា​រែ​ល​ឯណោះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ទាប​មក​វិញ​៕




អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ១៩ ប្រភេទ Moderna ជាង១៨ម៉ឺនដូសបន្ថែមទៀត ត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់ផ្ដល់ជូនកម្ពុជា អត្ថបទ៖ ខេមបូណូមីស

ព័ត៌មាន
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Moderna ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិក ប្រមាណ ជាង ១៨ម៉ឺន៨ពាន់ដូស ដែលជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក…

អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានចំនួន៤

ព័ត៌មាន
អ្នកការទូតកំពូលរបស់អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសក្នុងតំបន់អាស៊ាន ចំនួន៤រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ