សម្តេចក្រើនរំលឹកឲ្យមន្ត្រីទទួលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អ

សម្តេច ហ៊ុន សែន ជំរុញឲ្យមន្ត្រីទទួលប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អដូចស៊ីហ្គេម


នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការហើយ។ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យមន្ត្រីធ្វើបដិសណ្ឋារកិច្ចចំពោះប្រតិភូកីឡាជនមានពិការភាពមកពីប្រទេសក្នុងតំបន់អាស៊ានដែលមកចូលព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យបានល្អ ដូចកាលព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែរ។
សម្តេច ហ៊ុន សែន ជំរុញឲ្យមន្ត្រីទទួលប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អដូចស៊ីហ្គេម

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវនៅព្រឹកថ្ងៃទី៣១ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជំរុញឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមយកចិត្តទុកដាក់ និងទទួលប្រតិភូកីឡាមកពីប្រទេសផ្សេងៗឲ្យបានល្អ ដូចអ្វីដែលកម្ពុជាបានធ្វើចំពោះប្រតិភូចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ដែលទើបបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗដែរ។ ការក្រើនរំលឹកនេះធ្វើឡើង ស្របពេលដែលព្រឹត្តិការណ៍កីឡាសម្រាប់អត្តពលិកមានពិការភាពមួយនេះ នឹងបើកជាផ្លូវការនៅថ្ងៃទី ៣ដល់ថ្ងៃទី ៩ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ នឹងមានប្រតិភូកីឡាជាតិ និងអន្តរជាតិចូលរួមសរុបជិត២ពាន់៧រយនាក់ ក្នុងនោះម្ចាស់ផ្ទះកម្ពុជាបានដាក់កីឡាចំនួន១២ប្រភេទឲ្យចូលរួមប្រកួតប្រជែង ហើយបច្ចុប្បន្នមានប្រតិភូកីឡាមកពីប្រទេសមួយចំនួនបានមកដល់កម្ពុជាហើយ។

ទន្ទឹមនឹងជំរុញឲ្យមន្ត្រីពង្រឹងផ្នែកបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងទស្សនាការប្រកួតរបស់អត្តពលិកក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជា ក៏អត្តពលិកមកពីប្រទេសក្នុងតំបន់អាស៊ានរួមទាំងទីម័រខាងកើត។ សម្រាប់សម្តេចការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ គឺបានបង្ហាញពីការយកចិត្តទុកដាក់ និងជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់អត្តពលិកមានពិការភាព ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេដូចមនុស្សដែលមិនមានពិការភាពដែរ។ អាស៊ានប៉ារ៉ាហ្គេមជាប្រកួតកីឡាក៏ពិតមែន តែវាក៏ផ្នែកមួយក្នុងការចូលរួមចំណែកជួយបង្កើនមិត្តភាព និងពង្រឹងសាមគ្គីភាពរវាងប្រទេសក្នុងក្របខណ្ឌអាស៊ានផងដែរ។

ពាក់ព័ន្ធពិធីបើកបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ព្រឹត្តិការណ៍នេះនឹងរៀបចំមិនឲ្យចាញ់ពិធីបើកបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបិទបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗនោះទេ។ ពោលគឺពិធីបើកបិទព្រឹត្តិការណ៍កីឡាសម្រាប់ជនមានពិការភាពនេះ នឹងមានការសម្តែងក្បាច់គុន របាំវប្បធម៌ប្រពៃណី និងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត ហើយក៏មានការបាញ់កាំជ្រួចផងដែរ។ បើតាមការអះអាងរបស់ សម្តេចតេជោ នៅក្នុងថ្ងៃបើកបិទព្រឹត្តិការណ៍នេះនឹងមានការបាញ់កាំជ្រួចច្រើនជាងព្រឹត្តិការណ៍ស៊ីហ្គេមទៅទៀត។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារអាមេរិកសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រមួយនេះ។ អ្វីដែលធ្វើឲ្យប្រទេសនៅក្នុងតំបន់ និងលើពិភពលោកកោតសរសើរ និងចោលក្រសែភ្នែកមកមើលកម្ពុជានោះ គឺក្នុងនាមជាម្ចាស់ផ្ទះលើកដំបូងកម្ពុជាសម្រេចមិនយកថ្ងៃអាហារ និងការស្នាក់នៅរបស់ប្រតិភូកីឡាអន្តរជាតិ ដែលជាទូទៅពួកគេត្រូវបង់ម្នាក់៥០ដុល្លារអាមេរិកនៅក្នុងមួយថ្ងៃ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ផ្តាំដល់អ្នកបន្តវេនដឹកនាំប្រទេស ត្រូវចេះបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវបន្តនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពង្…

សកម្មភាពរោងចក្ររបស់ចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុក ខណៈការស្ទុះងើបសេដ្ឋកិច្ចឡើងវិញហាក់នៅទ្រឹង

ព័ត៌មាន
សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុកទៅទៀតនៅក្នុងខែឧសភានេះ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ ហើយការធ្លាក់ចុះនេះបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ