សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹង

សកម្មភាពរោងចក្ររបស់ចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុក ខណៈការស្ទុះងើបសេដ្ឋកិច្ចឡើងវិញហាក់នៅទ្រឹង


សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុកទៅទៀតនៅក្នុងខែឧសភានេះ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ ហើយការធ្លាក់ចុះនេះបានដាក់សម្ពាធលើអ្នកបង្កើតគោលនយោបាយក្នុងការជំរុញឱ្យមានការស្ទុះងើបឡើងវិញផ្នែកសេដ្ឋកិច្ច និងបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុអាស៊ីធ្លាក់ចុះទាបផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹង

ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយនៅថ្ងៃពុធនេះថា សន្ទស្សន៍ការបញ្ជាទិញផ្នែកឧស្សាហកម្មផ្លូវការ (PMI) បានធ្លាក់ចុះដល់កម្រិតទាប ៤៨,៨ ពិន្ទុ ក្នុងរយៈពេលប្រាំខែមកហើយ ដោយបានធ្លាក់ចុះពីកម្រិត ៤៩,២ ពិន្ទុក នៅក្នុងខែមេសា គឺស្ថិតនៅក្រោមកម្រិតមធ្យម ៥០ ពិន្ទុ ដែលជាកម្រិតបែងចែកពីការធ្លាក់ចុះនិងការកើនឡើងនៃសេដ្ឋកិច្ច។

សកម្មភាពវិស័យសេវាកម្មបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល ៤ ខែមកនេះ បើគិតត្រឹមខែឧសភា ដោយសន្ទស្សន៍ PMI មិនមែនផលិតកម្មផ្លូវការ បានធ្លាក់ចុះពីកម្រិត ៥៦,៤ ពិន្ទុ មកនៅត្រឹមកម្រិត ៥៤,៥ ពិន្ទុវិញ។

លទ្ធផលនៃការធ្លាក់នេះបានជំរុញឱ្យទីផ្សារនៅអាស៊ីធ្លាក់ដល់កម្រិតក្រហម នៅពេលដែលតម្លៃប្រាក់យ័នរបស់ចិន និងប្រាក់ដុល្លាររបស់អូស្ត្រាលី និងដុល្លាររបស់នូវែលសេឡង់ធ្លាក់ចុះ ហើយផ្សារហ៊ុនក្នុងតំបន់ក៏ដាំក្បាលចុះយ៉ាងខ្លាំងផងដែរ។

លោក ព្រូស ផាង (Bruce Pang) ប្រធានសេដ្ឋកិច្ចវិទូនៅក្រុមហ៊ុនអចលនទ្រព្យ ចូន ឡាង ឡាសាល (Jones Lang LaSalle) បាននិយាយថា ការធ្លាក់ចុះ តម្រូវការក្នុងស្រុកនេះអាចដាក់បន្ទុកលើកំណើនប្រកបដោយនិរន្តរភាពរបស់ចិនប្រសិនបើគ្មានការផ្លាស់ប្តូរគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីជំរុញឱ្យមានការស្ទុះងើបឡើងវិញដ៏ទូលំទូលាយទេនោះ។

សន្ទស្សន៍ PMI ក៏បានបង្ហាញពីទិន្នន័យរបស់សកម្មភាពរោងចក្រចុះខ្សោយនៅផ្នែកផ្សេងៗទៀតនៅតំបន់អាស៊ី។ ជាក់ស្ដែង ប្រទេសជប៉ុនបានរាយការណ៍ពីការធ្លាក់ចុះទិន្នផលគួរឱ្យភ្ញាក់ផ្អើល រីឯនៅប្រទេសកូរ៉េខាងត្បូងវិញ ក៏មានរបាយការណ៍ស្ដីពីការធ្លាក់ចុះផ្នែកផលិតកម្មដែរ។

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក កំពុងងើបចេញពីការបិទខ្ទប់នៃជំងឺកូវីដ១៩ រយៈពេល ៣ ឆ្នាំ ប៉ុន្តែការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៅមិនទាន់ស្មើគ្នាទេ ដោយសារការចំណាយលើសេវាកម្ម គឺខ្លាំងជាងសកម្មភាពនៅក្នុងវិស័យឧស្សាហកម្ម វិស័យអចលនទ្រព្យ និងវិស័យដែលផ្តោតលើការនាំចេញ។

សន្ទស្សន៍រងនៃសន្ទស្សន៍ PMI នៅខែឧសភានេះ បានបង្ហាញថា ទិន្នផលរោងចក្របានថយចុះ ខណៈដែលការបញ្ជាទិញថ្មី រួមទាំងការនាំចេញថ្មី បានធ្លាក់ចុះ ២ ខែជាប់គ្នា។

ការិយាល័យស្ថិតិជាតិរបស់ចិន (NBS) បាននិយាយថា ឧស្សាហកម្មកែច្នៃលោហធាតុគីមីនៅប្រទេសចិនបានប្រឈមនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងផលិតកម្ម និងតម្រូវការទិញដែក។

ចំណែកនៅក្នុងវិស័យសេវាកម្មវិញ ការដឹកជញ្ជូនតាមផ្លូវដែកនិងផ្លូវអាកាស កន្លែងស្នាក់នៅ និងការផ្តល់ម្ហូបអាហារ នៅតែមានការកើនឡើង ដោយសារតែមានការធ្វើដំណើរច្រើននៅក្នុងថ្ងៃឈប់សម្រាកនាឱកាសទិវាពលកម្មខែឧសភា ប៉ុន្តែសកម្មភាពក្នុងវិស័យអចលនទ្រព្យបានធ្លាក់ចុះ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ជំរុញឲ្យមន្ត្រីទទួលប្រតិភូកីឡាចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឲ្យបានល្អដូចស៊ីហ្គេម

ព័ត៌មាន
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកជាផ្លូវការហើយ។ សម្តេចតេជោ ហ៊ុន សែន ជំ…

គម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១០០ហិកតា ថ្មីមួយទៀតក្នុងខេត្តកំពង់ចាម នឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ

ព័ត៌មាន
ដើម្បីបំពេញនូវកំណើននៃតម្រូវការផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តំបន់សេដ្ឋកិច្ចថ្មីមួយកន្លែងទៀត នឹងលេចជារូបរាង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ