វិស័យ​​ថាមពល

អ្នកជំនាញបារម្ភការហក់ឡើងតម្លៃប្រេងចំរដូវភ្ជុំដាក់សម្ពាធលើការចំណាយរបស់ពលរដ្ឋ ​ខណៈអាជ្ញាធរត្រៀមអន្តរាគមន៍ទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃទំនិញ


វិបត្តិប្រេងឥន្ធនៈសកល ដែលកំពុងផ្ទុះឡើងចំពេលរដូវកាលបុណ្យភ្ជុំបិណ្ឌ ត្រូវបានអ្នកជំនាញវាយតម្លៃថា កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើថ្លៃដឹកជញ្ជូន ថ្លៃដើមផលិតកម្ម និងរុញឱ្យតម្លៃទំនិញនៅលើទីផ្សារកើនឡើង ខណៈដែលអំណាចទិញរបស់ប្រជាពលរដ្ឋកំពុងស្ថិតក្រោមសម្ពាធ។
វិស័យ​​ថាមពល
ដោយ

នៅចំពោះមុខបញ្ហានេះ ក្រុមអ្នកជំនាញ ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងប្រព័ន្ធគាំពារសង្គម ដាក់ចេញវិធានការអន្តរាគមន៍លើវិស័យដឹកជញ្ជូន ជំរុញការវិនិយោគលើថាមពលជំនួស ព្រមទាំងពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង និងទំនិញនាំចូល។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា វិបត្តិប្រេងឥន្ធនៈសកល ដែលកើតឡើងស្របពេលរដូវបុណ្យភ្ជុំបិណ្ឌ បានបង្កើនសម្ពាធលើថ្លៃដឹកជញ្ជូន ដែលអាចជំរុញឱ្យតម្លៃទំនិញ និងសេវាកម្មកើនឡើង ស្របពេលអំណាចទិញរបស់ប្រជាពលរដ្ឋកំពុងរងសម្ពាធស្រាប់។

លោកបណ្ឌិតយល់ថា ដើម្បីកាត់បន្ថយផលប៉ះពាល់លើគ្រួសារងាយរងគ្រោះរាជរដ្ឋាភិបាលគួរបន្ត និងពង្រឹងយន្តការដែលមានស្រាប់តាមរយៈការបង្កើនការគាំទ្រដល់ប្រព័ន្ធគាំពារសង្គម ព្រមទាំងពិចារណាអន្តរាគមន៍សមស្របចំពោះវិស័យដឹកជញ្ជូន ដើម្បីកុំឱ្យការកើនឡើងថ្លៃប្រេងឥន្ធនៈបន្តរុញថ្លៃទំនិញ និងបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យអាជីវករប្រកបរបរដោយការទទួលខុសត្រូវ និងកុំឆ្លៀតឱកាសដំឡើងតម្លៃទំនិញ និងសេវាកម្មខ្ពស់ជាងតម្លៃទីផ្សារក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីកុំឱ្យបន្ទុកចំណាយរបស់ប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ។

ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យថ្លៃដើមផលិតកម្ម និងថ្លៃដឹកជញ្ជូនកើនឡើង ដែលជំរុញឱ្យតម្លៃទំនិញ និងម្ហូបអាហារឡើងថ្លៃ និងបង្កសម្ពាធលើអ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្នើឱ្យរាជរដ្ឋាភិបាលពង្រីកការវិនិយោគលើថាមពលអគ្គិសនី និងពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ព្រមទាំងបង្កើនសមត្ថភាពស្តុកប្រេង និងសម្រួលពន្ធលើការនាំចូលប្រេង។ លោកបណ្ឌិត បានបន្ថែមថា ភាគីពាក់ព័ន្ធគួរបន្តគាំទ្រកសិករក្នុងស្រុក ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

ជុំវិញបញ្ហានេះឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានគូសបញ្ជាក់ថា នៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះមិនទាន់មានការប្រែប្រួលតម្លៃទំនិញខុសប្រក្រតីណា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព ឬទឹកចិត្តធ្វើបុណ្យរបស់ប្រជាពលរដ្ឋនោះទេ។

ទោះជាយ៉ាងណា ប្រសិនរកឃើញមានការដំឡើងថ្លៃដោយគំហុក ឬអនាធិបតេយ្យ មន្ត្រី ក.ប.ប. នឹងចុះអន្តរាគមន៍ភ្លាមៗ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវយ៉ាងដល់អាជីវករទាំងអស់ឱ្យជៀសវាងការលក់ដូរមិនសុច្ចរិត ដោយមិនត្រូវលក់បន្លែ ត្រី សាច់ មានសារធាតុគីមី ឬទំនិញហួសកាលកំណត់ និងដាច់ខាតមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃទំនិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយសម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥,១៥០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ៥,៦៥០រៀលក្នុងមួយលីត្រ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិន និងវៀតណាម ទុករឿងជម្លោះប្រវត្តិសាស្ត្រមួយឡែក ប្រកៀកស្មាគ្នាពង្រឹងសេដ្ឋកិច្ច និងពង្រីកពាណិជ្ជកម្ម

ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចលេចធ្លោនៅតំបន់អាស៊ី គឺចិន និងវៀតណាមកំពុងដើរលើផ្លូវយុទ្ធសាស្ត្រមួយ ដែលពិភពលោកកំពុងតាមដា…

តើកងកម្លាំងពិសេស SIF ដែលលោក ត្រាំ ទើបបង្កើតឡើងមានតួនាទីសំខាន់ៗអ្វីខ្លះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើតកងកម្លាំងពិសេស Super Intelligence Force ឬហៅកាត់ថា SIF ដែលជាយន្តការថ្នាក់ជាតិ ថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ