
ពាក់ព័ន្ធបញ្ហាទីផ្សារពោតក្រហមនេះដែរ រាជរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជនមួយចំនួនបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាទីផ្សារជូនកសិករ។
លោកស្រី សាប សាវិ កសិករដាំពោតក្រហមម្នាក់នៅឃុំតាសែន ខេត្តបាត់ដំបង បានលើកឡើងថា ក្រោយមានឈ្មួញកណ្ដាលមកក្រឡុកតម្លៃ មកទល់ពេលនេះតម្លៃពោតក្រហមស្រស់របស់កសិករនៅតំបន់លោកស្រីបានបន្តធ្លាក់ថ្លៃមកនៅត្រឹមជាង៤០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះដោយកាលពីឆ្នាំមុនអាចលក់បានចន្លោះពី៦០០រៀលទៅ៧០០រៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ មកទល់ពេលនេះនៅតំបន់លោកស្រីមិនទាន់មានដំណឹងណាមួយពាក់ព័ន្ធនឹងការជួយប្រមូលទិញពោតក្រហមនៅឡើយទេ។
ជាមួយគ្នានេះ លោក សឿង សំអឿន កសិករដាំពោតក្រហមនៅខេត្តបាត់ដំបងម្នាក់ដែរនោះបានរៀបរាប់ថា នៅដើមរដូវប្រមូលពោតក្រហមប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃពោតក្រហមហាក់មានការធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយមានឈ្មួញកណ្ដាលចូលមកក្រឡុកតម្លៃនៅក្នុងតំបន់របស់លោក។ បើតាមការអះអាងរបស់កសិកររូបនេះ លោកនឹងកាត់បន្ថយការផលិតពោតក្រហមនៅឆ្នាំក្រោយ ប្រសិនបើឆ្នាំនេះលក់មិនបានផលចំណេញ ឬខាតដើម។ ទន្ទឹមនឹងនេះ លោក បានសំណូមពរដល់បណ្ដាភាគីពាក់ព័ន្ធ ជួយចុះមកប្រមូលទិញពោតក្រហមរបស់កសិករនៅជាយដែន ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងកាត់បន្ថយក្តីបារម្ភរបស់កសិករ។
លោកស្រី ឯក សេងហុង កសិករដាំពោតក្រហមនៅខេត្តបាត់ដំបងម្នាក់ដែរនោះ បានអះអាងថា តម្លៃពោតក្រហមនៅឆ្នាំនេះហាក់មិនទាន់អាចផ្ដល់ប្រាក់ចំណេញដល់កសិករនៅឡើយទេ។ តែយ៉ាងណាលោកស្រី ក្ដីរំពឹងថា តម្លៃពោតក្រហមនៅឆ្នាំនេះនឹងមានភាពល្អប្រសើរ ក្រោយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមានផែនការជួយប្រមូលទិញពោតក្រហមពីកសិករ។
ពាក់ព័ន្ធគ្នានេះដែរលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា ទោះបីការប្រមូលផលពោតក្រហមមិនទាន់ឈានចូលមកដល់យ៉ាងណាក្ដី តែរាជរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជួយសម្របសម្រួលទីផ្សារពោតក្រហមដល់កសិករ។
គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល បានសន្យាជួយរកទីផ្សារពោតជូនដល់កសិករក្នុងរយៈពេលវែងតាមរយៈការជួយទិញសម្រាប់ផ្គត់ផ្គង់ផ្ទៃក្នុងជំនួសការនាំចូល ក៏ដូចជានាំចេញទៅកាន់ប្រទេសផ្សេងទៀតក្រៅពីថៃ៕
អត្ថបទ៖ ជា ម៉ារ៉ា