អ្នកស្រី ឡឹម ម៉ារី ម្ចាស់សហគ្រាស យូនីកា បានគូសបញ្ជាក់ថា មកទល់ពេលនេះ សហគ្រាសរបស់លោកស្រីបានសហការជាមួយអ្នកផលិត និងកែច្នៃត្រីនៅក្នុងខេត្តសៀមរាប និងសហគ្រាសតាមបណ្ដាខេត្តមួយចំនួនទៀតនៅជុំវិញតំបន់បឹងទន្លេសាប ព្រមទាំងអ្នកកែច្នៃផលិតផលជលផលសមុទ្រផងដែរ។ តាមរយៈកិច្ចសហការក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO ត្រូវបានម្ចាស់សហគ្រាសរូបនេះអះអាងថា វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការកែច្នៃអាហារដែលមានគុណភាព និងស្តង់ដាខ្ពស់នៅកម្ពុជា។ បើតាមការអះអាងរបស់ម្ចាស់សហគ្រាសរូបនេះ ផលិលផលជលផលកែច្នៃក្រោមគម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។ គម្រោងរបស់អង្គការយូនីដូនេះ មិនត្រឹមតែជួយលើកកម្ពស់វិស័យចិញ្ចឹម និងកែច្នៃត្រីនោះទេ ថែមទាំងបានជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសនៃអង្គការ UNIDO បានចាត់ទុកសកម្មភាពចូលរួមរបស់សហគ្រាសនានាតាំងពីដំណាក់កាលដំបូង និងរហូតមកទល់ពេលនេះ គឺទទួលបានជោគជ័យ ខណៈផលិតផលជលផលកែច្នៃរបស់សហគ្រាសជាច្រើនដែលមានការគាំទ្រពីគម្រោង CAPFISH-Capture ត្រូវបានចរាចរលក់នៅទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនេះ អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់រូបនេះ រំពឹងថា ច្បាប់ស្ដីពីជលផល និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងៗ ព្រមទាំងនិមិត្តសញ្ញាគុណភាពផលផលិតផលកម្ពុជានឹងពាំនាំកម្ពុជា ទៅកាន់ភាពជោគជ័យបន្ថែមទៀតនាពេលខាងមុខ។
សូមបញ្ជាក់ថា មកទល់ពេលនេះមានសហគ្រាសចំនួន១៧ ទទួលបាននិមិត្តសញ្ញាគុណភាពផល ផលិតផលកម្ពុជា(CQS)។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា កម្ពុជានឹងអាចនាំចេញផលិតផលជលផលទៅកាន់ទីផ្សារថ្មីៗកាន់តែច្រើនបន្ថែមទៀត ជាពិសេសទីផ្សារអឺរ៉ុប ខណៈមកទល់ពេលនេះសហគ្រាសទាំងនោះបានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងសមត្ថភាពផលិត និងបច្ចេកទេសស្របតាមស្តង់ដាសុវត្ថិភាព និងអនាម័យ ហើយកំពុងរង់ចាំការចុះវាយតម្លៃពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យនាំចេញតែប៉ុណ្ណោះ៕
អត្ថបទ បូ ដូឡា,រូបភាព តែន ចិន