វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅថៃនឹងធ្លាក់ចុះជាង១០% នៅឆ្នាំនេះ?


ប្រាក់ចំណេញរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីត្រឹមត្រូវចំនួន៣៥នៅក្នុងប្រទេសថៃ ត្រូវបានព្យាករថា នឹងធ្លាក់ចុះរហូតដល់ទៅជាង១០% នៅឆ្នាំ២០២៤ នេះ បើធៀបនឹងឆ្នាំ២០២៣ ហើយកត្តាចម្បងដែលនាំឱ្យប្រាក់ចំណេញធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារលំនៅឋាន និងយុទ្ធនាការបញ្ចុះតម្លៃយ៉ាងគំហុក ដើម្បីទាក់ទាញអ្នកទិញ ខណៈដែលតម្រូវការធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យអចលនទ្រព្យ
ដោយ

លោកស្រី ស៊ូមិត្រា វង់ប៉ាក់ឌី (Sumitra Wongpakdee) នាយកគ្រប់គ្រងក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ និងប្រឹក្សាយោបល់ Terra Media and Consulting បានលើកឡើងថា ការធ្លាក់ចុះតម្រូវការទីផ្សារបានជំរុញឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកែសម្រួលយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនយ៉ាងច្រើននៅឆ្នាំនេះ រួមទាំងការលក់បញ្ចុះតម្លៃ និងយុទ្ធនាការធ្វើប្រូម៉ូសិនយ៉ាងគំហុកផងដែរ ដើម្បីបង្កើនការលក់ ដោយសុខចិត្តលះបង់ប្រាក់ចំណេញ ធ្វើយ៉ាងណាដើម្បីរក្សាគោលដៅប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។

អំឡុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីចំនួន៣៥ បានរាយការណ៍ថា ពួកគេទទួលបានប្រា​ក់ចំណេញសុទ្ធសរុបរួមបញ្ចូលគ្នាចំនួន៦១០លានដុល្លារអាម៉េរិក ពីប្រាក់ចំណូលជាង៥,៥ពាន់លានដុ​ល្លារអាម៉េរិក បើធៀបនឹងប្រាក់ចំណេញជាង១ពាន់លានដុល្លារអាម៉េរិក ពីប្រាក់ចំណូលជិត១០ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ និងប្រឹក្សាយោបល់ Terra Media and Consulting បានឱ្យដឹងថា កម្រិតប្រាក់ចំណេញសុទ្ធសរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានខាងលើបានធ្លាក់ចុះមកនៅត្រឹម៩,៣% បើធៀបនឹងកម្រិត១១,៦% ក្នុងឆ្នាំ២០២៣ និង១៣,១% ក្នុងឆ្នាំ២០២២។

ទន្ទឹមនេះ ប្រាក់ចំណូលសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីត្រឹមត្រូវទាំង៣៥ខាងលើនេះ ត្រូវបានព្យាករថា នឹងធ្លាក់ចុះចន្លោះពី៥% ទៅ៨% មកនៅត្រឹម៨,៨ពាន់លានដុល្លារអាម៉េរិកនៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សិង្ហបុរី ក្លាយជាប្រទេសទី១ ដែលគ្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍សម្រាប់ផ្ទេរទិន្នន័យសម្ងាត់

ប្រទេសសិង្ហបុរី បានបោះជំហានទៅមុនពិភពលោកហើយក្នុងវិស័យបច្ចេកវិទ្យាកង់ទិច ដោយគ្រោងបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដ៏ទំនើបមួយ ដែលបំពាក់ដោយប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ