
ឯកឧត្តម ឡៅ ទិព្វសីហា មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៧នេះ គម្រោងនៃការវិនិយោគលើវិស័យសំណង់កើនឡើង ២៨ភាគរយ។
លោកថា នៅក្នុងអំឡុងឆ្នាំ២០១៨ ខាងមុខ តម្រូវការលំនៅដ្ឋាន អគារការិយាល័យ នឹងមានការកើនឡើងបន្ថែមទៀត ស្របទៅនឹងកំណើនប្រជាជន ការហូរចូលនៃវិនិយោគទុនបរទេស និងភ្ញៀវទេសចរ។
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីដដែល ថ្លែងដូច្នេះថា ៖ «ខ្ញុំគិតថា ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត វិស័យសំណង់នៅកម្ពុជានឹងនៅតែបន្តរីកចម្រើនខ្លាំងក្លាដដែល។ ខ្ញុំអះអាងដូច្នេះដោយសារតែកម្លាំងទិញលំនៅដ្ឋាន ការជួលអគារស្នាក់នៅ និងការជួលអគារការិយាល័យមានច្រើន ហើយតម្រូវការច្រើនទាំងអស់នេះ ក៏ដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរឹងមាំ»។

អ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ KFA បានឲ្យដឹងដែរថា ការវិវឌ្ឍនៃវិស័យអចលនទ្រព្យនិងសំណង់នៅក្នុងឆ្នាំ២០១៧នេះ ធៀបនឹងឆ្នាំមុន មិនមានការប្រែប្រួលខ្លាំងក្លាទេ សម្រាប់ទីតាំងកណ្តាលរាជធានីភ្នំពេញ ក៏ប៉ុន្តែ ក្នុងរយៈពេល៩ខែចុងក្រោយនេះ សកម្មភាពវិនិយោគនិងការដោះដូរអចលនទ្រព្យនៅតំបន់ជាយៗក្រុងឯណោះវិញ ផុសផុលយ៉ាងខ្លាំងធ្វើឲ្យតម្លៃដីធ្លីតំបន់ខ្លះបានកើនឡើងតម្លៃទ្វេដង ពិសេស គឺប៉ែកខាងត្បូង និងខាងជើងរាជធានីភ្នំពេញ។
លោកឧកញ៉ា នួន រិទ្ធី មានប្រសាសន៍ដូច្នេះថា ៖ «នៅតំបន់ជុំវិញទីក្រុងភ្នំពេញ និងជាយក្រុង មានភាពរំជើបរំជួលខ្លាំង ហើយដីធ្លីតំបន់ខ្លះ តម្លៃកើនឡើងទ្វេដង នៅប៉ែកខាងត្បូង និងខាងជើង ខណៈវិនិយោគិនងាកទៅធ្វើការវិនិយោគកាន់តែច្រើននៅតំបន់ជាយៗក្រុង រួមមាន គម្រោងអភិវឌ្ឍន៍ពិភពថ្មី បុរីប៉េងហួត បុរីជីបម៉ុង បុរី ឌឹផាម និង ពិសេសទៀត គឺគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសារធារណៈ ដែលមានតម្លៃទាប ដែលគាំទ្រដោយរាជរដ្ឋាភិបាល សរុប មកទល់ពេលនេះ មានជិត១ម៉ឺនខ្នងហើយ»។

មិនខុសពីលោកឧកញ៉ា នួន រិទ្ធី ទេ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល បានគូសបញ្ជាក់បន្ថែមថា អ្វីដែលយើងមើលឃើញប៉ែកខាងជើង ក៏មានប៉ែកខាងត្បូងក៏មាន ពោលគឺរីកចម្រើនគ្រប់ទិសនៃរាជធានីភ្នំពេញ ប៉ុន្តែ បើឲ្យយើងធ្វើការវាយតម្លៃថា ប៉ែកខាងណាមានសន្ទុះនៃការអភិវឌ្ឍអចលនទ្រព្យខ្លាំងជាងគេ គឺប៉ែកខាងជើងទីក្រុង ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា ឫស្សីកែវ ព្រែកព្នៅ និងសែនសុខ។
ប៉ុន្តែ លោកឧកញ៉ា ចេង ខេង បន្តថា ជាការកត់សម្គាល់ ស្ថានភាពនាឆ្នាំកន្លងទៅ ទីផ្សារអចលនទ្រព្យមុនពេលបោះឆ្នោត អ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យភាគច្រើនបានបង្ហាញពីក្តីបារម្ភ និងបានធ្វើឲ្យទីផ្សារនេះនៅទ្រឹង ទាំងសកម្មភាពទិញដូរ ទាំងតម្លៃ ប៉ុន្តែ ក្រោយពេលបោះឆ្នោត ស្ថានភាពនេះបានប្រែក្លាយជាល្អឡើងវិញ ដោយរាល់សកម្មភាពវិនិយោគអចលនទ្រព្យដំណើរការជាធម្មតា អាចនិយាយបានថា ល្អជាងនៅមុនអំឡុងពេលបោះឆ្នោតទៅទៀត។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាតែងជួបបញ្ហាប្រឈមនៅរាល់ពេលបោះឆ្នោត ដោយសារតែអ្នកវិនិយោគបារម្ភពីការធ្វើនយោបាយរបស់អ្នកនយោបាយ។ លោកថា អ្នកនយោបាយគឺជាក្បាលម៉ាស៊ីនដឹកនាំសេដ្ឋកិច្ច។
លោក គីម ហ៊ាង ថ្លែងយ៉ាងដូច្នេះ ៖ «ជាទូទៅ មិនអាចនិយាយបានថា មានតែប្រទេសកម្ពុជាទេ ប្រទេសណាក៏ដោយ ឲ្យតែមានការបោះឆ្នោតគឺតែងតែមានភាពជ្រួលច្របល់ខាងផ្នែកនយោបាយ ហើយស្ថានភាពពិភពលោក សព្វថ្ងៃនេះ គឺនយោបាយជាអ្នកដឹកនាំសេដ្ឋកិច្ច មិនមែនមានតែនៅកម្ពុជា អាមេរិក សិង្ហបុរី និងអឺរ៉ុបទេ មានន័យថា បើអ្នកនយោបាយបត់ទៅខាងណា នោះសេដ្ឋកិច្ចនឹងធ្វើដំណើរទៅតាមនោះដែរ។ នៅពេលជិតដល់បោះឆ្នោត ខ្ញុំគិតថា វានឹងមានការប៉ះពាល់ តែប៉ះពាល់ត្រឹមកម្រិតណានោះ គឺអាស្រ័យលើស្ថានភាពនយោបាយ។ ខ្ញុំអាចនិយាយថាស្ថានភាពនយោបាយប្រទេសយើងបច្ចុប្បន្ន គឺកំពុងល្អ ដូច្នេះ នៅពេលស្ថានភាពនយោបាយល្អ នោះវិស័យសេដ្ឋកិច្ច និងវិស័យអលនទ្រព្យក៏ល្អដែរ ប៉ុន្តែ នៅពេលនយោបាយមានការផ្លាស់ប្តូរនៅក្នុងកម្រិតជាវិជ្ជមានវិស័យដីធ្លីកាន់តែល្អប្រសើរ តែបើផ្លាស់ប្តូរក្នុងកម្រិតជាអវិជ្ជមានវិញ សេដ្ឋកិច្ចនិងធ្លាក់ចុះ ដីធ្លីនឹងធ្លាក់ដោយស្វ័យប្រវត្តិ»៕