អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានបោះទុនវិនិយោគជាង៥០លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតចំណីសត្វមួយបន្ថែមទៀតដើម្បីជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់ចំណីសត្វក្នុងស្រុក ដែលកំពុងមានការកើនឡើង។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺដើម្បីរួមចំណែកជួយលើកកម្ពស់ការប្រើប្រាស់ផលិតក្នុងស្រុកក្នុងគោលដៅកាត់បន្ថយឬលុបការនាំចូលចំណីសត្វពីក្រៅប្រទេសនាពេលអនាគត។ បើតាមការគូសបញ្ជាក់របស់មហាសេដ្ឋីកសិកម្មរូបនេះ កម្ពុជាបាននាំចូលចំណីសត្វក្នុងមួយឆ្នាំៗមានទំហំប្រមាណ១៨០លានដុល្លារអាមេរិក។
គោលបំណងសំខាន់មួយទៀត គឺអ្នកឧកញ៉ា ម៉ុង ឬទ្ធី ចង់រួមចំណែកជួយជំរុញកំណើន និងអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើននិងប្រកួតប្រជែងបន្ថែមទៀតជាមួយបណ្តាប្រទេសក្នុងតំបន់។ បន្ថែមលើនេះ គឺដើម្បីរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋ និងកាត់បន្ថយពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ម្យ៉ាងទៀត ការបង្កើតរោងចក្រនេះ ក៏ជាផ្នែកមួយជួយបង្កើតទីផ្សារកសិផលជូនដល់កសិករ និងកាត់បន្ថយការនាំចេញផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមសម្រាប់បម្រើឲ្យការផលិតចំណីសត្វទៅក្រៅប្រទេសផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលបានបន្ថែមទៀតថា រោងចក្រនេះ ក៏ជាផ្នែកជួយរួមចំណែកធានាសន្តិសុខស្បៀងអាហារក្នុងប្រទេស ដោយមិនចាំបាច់ពឹងផ្អែកលើទីផ្សារនាំចូលចំណីសត្វ និងសត្វពីប្រទេសជិតខាងនានា។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី រោងចក្រនេះផ្តោតសំខាន់លើការផលិតចំណីជ្រូក និងមានសមត្ថភាពអាចផលិតចំណីសត្វបាន៣០តោនក្នុង១ម៉ោង ឬប្រមាណ៣៦ម៉ឺនតោនក្នុង១ឆ្នាំ។ រោងចក្រដែលសាងសង់លើផ្ទៃដី២៤ហិកតានេះគ្រោងដាក់ឲ្យដំណើរនៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ នេះមិនមែនជារោងចក្រផលិតចំណីសត្វលើកដំបូងនោះទេ ពោលគឺក្រុមហ៊ុន ម៉ុង ឬទ្ធី កាលពីឆ្នាំ២០១៧ បានដាក់ឲ្យរោងចក្រផលិតចំណីសត្វមួយ ដែលមានសមត្ថភាពអាចផលិតចំណីសត្វបាន២០តោនក្នុង១ម៉ោង។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានអះអាងប្រាប់ខេមបូណូមីសថា ទាំងទុនវិនិយោគ និងទុនបង្វិលក្នុងប្រតិបត្តិការរោងចក្រចំណីសត្វទាំងពីរកន្លែងរបស់អ្នកឧកញ៉ា គឺមានមានការចំណាយប្រហែល១០០លានដុល្លារអាមេរិក៕