ប៉ូលិសប្រឆាំងបាតុកម្ម បានឃាត់និងឃុំខ្លួនបាតុករតួគីរាប់សិបនាក់ ក្រោយពួកគេបានប្រមូលផ្តុំគ្នានៅចំកណ្តាលក្រុងអ៊ីស្តង់ប៊ុល ដែលរដ្ឋបាលក្រុងមួយនេះអះអាងថា ជាបាតុកម្មដែលគ្មានការអនុញ្ញាត និង ខុសច្បាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បាតុករត្រូវបានរារាំងនិងឃាត់ខ្លួនក្នុងពេលដែលពួកគេព្យាយាមចូលទៅកាន់ទីលាន តាក់ស៊ីម(Taksim) ជាទីដែលពួកគេគ្រោងនឹងធ្វើការសម្តែងមតិ។ ការឈានដល់ការចាប់ខ្លួនបែបនេះ ធ្វើឡើងក្រោយការិយាល័យរបស់អភិបាលក្រុងអ៊ីស្តង់ប៊ុលបានអះអាងថា គេបានអនុញ្ញាតឱ្យបាតុករសម្តែងមតិតែនៅក្នុងស្រុកមួយផ្សេងទៀតប៉ុណ្ណោះ មិនមែនក្នុងក្រុងអ៊ីស្តង់ប៊ុលឡើយ ហើយបានចាត់ទុកការជួបជុំគ្នានៅគ្រប់ទីតាំងផ្សេងពីនេះ រួមទាំងក្រុងអ៊ីស្តង់ប៊ុលផងដែរ ថាគ្មានការអនុញ្ញាត និងខុសច្បាប់។
បាតុករខ្លះត្រូវបានប៉ូលីសបង្ក្រាបបាតុកម្មវាយតប់ មុននឹងវាយខ្នោះហើយបោះចូលទៅក្នុងរថយន្ត រួចក៏បើកចេញទៅ។ រូបភាពទាំងនេះក៏ត្រូវបានចាក់ផ្សាយលើទូរទស្សន៍ក្នុងស្រុករបស់តួគីផងដែរ។ ក្រៅពីនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ូលីសក៏បានឃាត់ខ្លួនមនុស្សចំនួន ៣០នាក់ផ្សេងទៀតនៅកណ្តាលទីក្រុង ប៉េស៊ីកតាស់(Besiktas) និងមនុស្ស២២នាក់ផ្សេងទៀតនៅក្នុងស្រុក ស៊ីស្លី(Sisli)។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី បាននិយាយថា អ្នកតវ៉ាសរុបចំនួន១៦៤នាក់ត្រូវបានឃុំខ្លួននៅទូទាំងទីក្រុង ពីបទប៉ុនប៉ងធ្វើបាតុកម្មខុសច្បាប់។
គួរបញ្ជាក់ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសតួគីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦៨%ឯណោះនៅក្នុងខែមេសា ខណៈដែលធនាគារកណ្ដាលរបស់ប្រទេសនេះ រំពឹងថា អតិផរណានៅពេញមួយឆ្នាំ២០២២នេះ មានជិត៤៣%។ សម្ទុះអតិផរណាដ៏ខ្ពស់នេះ ត្រូវបានជំរុញដោយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃតម្លៃទំនិញក្នុងប្រទេស បង្កឡើងដោយគោលនយោបាយមិនត្រឹមត្រឹមរបស់រដ្ឋាភិបាលក្រុងអង់ការ៉ា។ អត្រាអតិផរណានៅតួគី បានបន្តកើនឡើងរហូតមក តាំងតែពីខែធ្នូចុងឆ្នាំ២០២១មក។
បញ្ហាសេដ្ឋកិច្ចតួកគីមានឫសគល់យ៉ាងជ្រៅ ប៉ុន្តែបញ្ហាដែលរាលដាលពីខែធ្នូឆ្នាំ២០២១គឺបណ្ដាលមកពីការទទូចរបស់ប្រធានាធិបតីលោក អែរដូហ្គែន ដើម្បីបញ្ចុះការប្រាក់ក្នុងប្រព័ន្ធធនាគារតួគី ខណៈពេលដែលអតិផរណាកំពុងកើនឡើងស្រាប់ទៅហើយនោះ ដែលនេះជាយុទ្ធសាស្ត្រផ្ទុយស្រឡះទាំងស្រុងពីការណែនាំរបស់សេដ្ឋវិទូ។
សូមជម្រាប សូម្បីតែនៅអំឡុងពេលរាតត្បាតនៃមេរោគកូវីដ១៩ និងការរាំងស្ទះខ្សែចង្វាក់ផ្គត់ផ្គង់ដែលបានចាប់ផ្តើមរារាំងសេដ្ឋកិច្ចពិភពលោក ប្រទេសតួកគីបានប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចរួចស្រេចទៅហើយ ខណៈពេលដែលប្រទេសមួយនេះព្យាយាមដោះស្រាយបញ្ហាបំណុលដ៏ធំ និងការធ្លាក់តម្លៃរូបិយបណ្ណ លីរ៉ារបស់ខ្លួន គួបផ្សំនឹងការកើនឡើងអតិផរណា។
សេដ្ឋកិច្ចប្រទេសតួកគី កាលពីឆ្នាំ២០២១ សម្រេចបានកំណើនដល់ទៅ ១១% ប៉ុន្ដែ នៅឆ្នាំ២០២២ ត្រូវបានគេព្យាករចុងក្រោយនេះថា នឹងមានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ៕