ឥណ្ឌា-អឺរ៉ុប

មេដឹកនាំឥណ្ឌាទស្សនកិច្ចនៅអឺរ៉ុប ក្រោយរងការរិះគន់មិនថ្កោលទោសរុស្ស៊ី និងបង្កើនការទិញប្រេងច្រើនជាងមុន


នៅចំពោះមុខការរិះគន់ខ្លាំងៗថា មិនបានថ្កោលរុស្ស៊ីលើសង្គ្រាមឈ្លានពានអ៊ុយក្រែន ព្រមទាំងឆ្លៀតឱកាសបង្កើនការនាំចូលប្រេងពីរុស្ស៊ីកាន់តែច្រើនជាងមុន នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោកណារិន ដ្រាម៉ូឌី(Narendra Modi) បានផ្តើមដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបដើមសប្តាហ៍នេះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកណារិន ដ្រាម៉ូឌី ទស្សនកិច្ចនៅប្រទេសក្នុងតំបន់អឺរ៉ុប
ដោយ

ទស្សនកិច្ច​នេះ ត្រូវ​បាន​គេ​រំពឹង​ថា សំណុំរឿង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន គឺជា​កម្មវត្ថុ​ចម្បង​ដែល​បណ្តា​ប្រទេស​នៅ​អឺរ៉ុប នឹង​យក​មក​ដាក់​លើ​តុ​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ខណៈ​ដែល​ឥណ្ឌា​មក​ទល់​នឹង​ពេល​នេះ មិន​ត្រឹមតែ​មិន​បាន​ចូលរួម​ជាមួយ​ប្រទេស​លោក​ខាងលិច ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​នោះ​ទេ រិ​ត​តែ​បាន​សម្រុក​បញ្ជា​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី​ច្រើន​ជាង​មុន​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ ឥណ្ឌា ក៏​ជា​អ្នក​នាំ​ចូល​សម្ភារៈ​យោធា​ជា​ច្រើន​ពី​រុ​ស្ស៊ី​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​។

ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​០២​ឧសភា មុន​ពេល​ចេញដំណើរ​មក អា​ល្លឺ​ម៉​ង់​ជាទី​ដែល​បាន​បំពេញ​ទស្សនកិច្ច​មុនគេ លោក​ណា​រិ​ន​ដ្រា មូ​ឌី​គូសបញ្ជាក់​ថា​៖ ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​អឺរ៉ុប​កើតឡើង​នៅ​ពេល​ដែល​តំបន់​នេះ ជួប​បញ្ហា​ប្រឈម​និង​តម្រូវ​ឲ្យ​មាន​ជម្រើស​ច្រើន​។ លោក​ម៉ូ​ឌី បន្ថែម​ថា ទស្សនកិច្ច​របស់​លោក​លើក​នេះ នឹង​ពង្រឹងស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ដៃគូ​អឺរ៉ុប ដែល​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​វិបុលភាព​សម្រាប់​ប្រទេស​ឥណ្ឌា​។

ក្នុង​ថ្ងៃ​ដំបូង​នៃ​បេស​សកម្ម​របស់​លោក​មូ​ឌី នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ មេដឹកនាំ​ឥណ្ឌា​រូប​នេះ​បាន​ជួប​ជាមួយនឹង​អធិការបតី​អា​ល្លឺ​ម៉​ង់ លោក អូ​ឡា​ហ្វ ស្ហុ​លស៍ (Olaf Scholz)​។ ជាមួយ​គ្នា​នោះ ភាគី​អា​ល្លឺ​ម៉​ង់​បាន​សន្យា​ផ្តល់​ថវិកា​ជាង ១០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​ឥណ្ឌា​សម្រេច​បាន​នូវ​គោលដៅ​អាកាសធាតុ​របស់​ខ្លួន​ផង​ដែរ​។

ចំពោះ​សំណុំរឿង​នៅ​អ៊ុយ​ក្រែ​ន​វិញ គេ​សង្កេត​ឃើញ​មេដឹកនាំ​ទាំង​ពីរ​ហាក់​នៅ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​នៅឡើយ ក្នុង​ជំហរ​របស់​ពួក​គេ ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ ជាក់ស្តែង សេចក្តីថ្លែងការណ៍​ក្រោយ​ជំនួប របស់​មេដឹកនាំ​អា​ល្លឺ​ម៉​ង់ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​ពី​សេចក្តីថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​។

លោក​មូ​ឌី បាន​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ពិតប្រាកដ​មួយ ប៉ុន្តែ​ហាក់​ជំទាស់​នឹង​ការ​អំពាវនាវ​របស់​លោក​ខាងលិច ឲ្យ​ថ្កោលទោស​សកម្មភាព​របស់​វិមាន​ក្រឹម​ឡាំង ដែល​ពួក​គេ​ពណ៌នា​ថា​ជា ប្រតិបត្តិការ​យោធា​ពិសេស​។ មេដឹកនាំ​ក្រុង​ញូ​ដេ​លី អះអាង​ថា មាន​តែ​ការ​ចរចា​គ្នា​តែ​មួយ​គត់ ជា​វិធី​ឆ្ពោះទៅ​រក​ច្រកចេញ​នៃ​បញ្ហា​។

គួរ​បញ្ជាក់​ថា លោក​ណា​រិ​ន​ដ្រា ម៉ូ​ឌី នឹង​បន្តដំណើរ​ទៅ​កាន់​ទីក្រុង កូ​ប៉េ​ន​ហេ​ចេ​ន​(Copenhagen) ដើម្បី​ចូលរួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក អ៊ី​ស្លង់ ហ្វាំ​ង​ឡង់ ស៊ុ​យ​អែ​ត និង​ន័​រវេ​ស ក្នុង​កិច្ចប្រជុំ​កំពូល​ឥណ្ឌា​-​អឺរ៉ុប​ខាងជើង រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ៣​ខែឧសភា​តទៅ​។ លោក​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ទី​ក្រុងប៉ារីស ដែល​ជាទី​ដែល​លោក​ម៉ូ​ឌី នឹង​ជួប​ជាមួយ​លោក ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​នៅ​ថ្ងៃ​ទី​៤​ឧសភា​។

គួរ​ជម្រាប​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ឥណ្ឌា​បាន​ដើរតួ​ម៉ត់ចត់​ណាស់ ខាង​ផ្នែក​ការទូត រវាង​លោក​ខាងលិច និង​ទីក្រុង​ម៉ូ​ស្គូ​។ ឥណ្ឌា​កំពុង​ស្ថិត​នៅ ក្នុង​កាលៈទេសៈ​មួយ​ដ៏​លំបាក​, លំបាក​ក៏​ដោយសារ​ឥណ្ឌា​ត្រូវ​រែកពុន រវាង​រុ​ស្ស៊ី​ដែល​ជា​មិត្ត​ដ៏​សំខាន់ និង​ក្រុម​ប្រទេស​លោក​ខាងលិច រួម​មាន​អា​មេ​រិ​ក អឺរ៉ុប​ជាដើម ដែល​ក៏​គឺជា​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ សម្រាប់​ឥណ្ឌា​ដែរ​។

ឥណ្ឌា មិន​បាន​ថ្កោលទោស​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​នោះ​ទេ ទាំង​លក្ខណៈ​ទ្វេភាគី និង​ក្នុង​មហាសន្និបាត​អង្គ​សហប្រជាជាតិ​។ រដ្ឋាភិបាល​ក្រុង​ញូ​ដេ​លី គ្រាន់តែ​បាន​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​អរិភាព​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​។ គេ​ត្រូវ​ដឹង​ដែរ​ថា ឥណ្ឌា​ជា​អ្នក​នាំ​ចូល​សម្ភារៈ​យោធា​ច្រើន​ណាស់​ពី​ប្រទេស​រុ​ស្ស៊ី ពោល​បើ​ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ឥណ្ឌា​បាន​បែរ​ទៅ​រក​ទិញ​សព្វាវុធ​ពី​លោក​ខាងលិច​ខ្លះ​ក្តី ប៉ុន្តែ​ជាង​៨០% នៃ​អាវុធ​របស់​ឥណ្ឌា គឺ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​រុ​ស្ស៊ី​។

បន្ថែម​ពីលើ​នេះ ឥណ្ឌា​ក៏​ទទួល​បាន​ប្រយោជន៍​មិន​តិច​ដែរ​ពី​រុ​ស្ស៊ី​នៅ​មួយ​រយៈ​ចុង​ក្រោយ ពោល​កាលពីដើម​ខែមីនា គ្រា​ដែល​រុ​ស្ស៊ី​ចាប់ផ្តើម​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​លោ​ខាងលិច ពិបាក​ក្នុង​ការ​លក់​ប្រេង​ឆៅ ឥណ្ឌា​បាន​បញ្ជា​ទិញ​ប្រេង​រុ​ស្ស៊ី​ភ្លាម​ៗ​ចំនួន​៥​លាន​ធុង​បារី​ល ក្នុង​តម្លៃ​ដែល​រុ​ស្ស៊ី​លក់​បញ្ចុះតម្លៃ​។ គិត​ពី​ចុងខែ​កុម្ភៈ​ត្រឹម​ខែមេសា​ឆ្នាំ​នេះ ឥណ្ឌា បាន​ទិញ​ប្រេង​ពី​រុ​ស្ស៊ី យ៉ាង​ហោច​ណាស់ ១៣ លាន​បារ៉ែល ហើយ ដែល​វា​ជិត​ស្មើ​ទៅ​នឹង​ការ​ទិញ​ប្រេង​ពេញ​មួយ ឆ្នាំ ២០២១ កន្លង​ទៅ ដែល​កាលនោះ​ឥណ្ឌា​នាំ​ចូល​ប្រេង​ត្រឹម ១៦​លាន បារ៉ែល​ប៉ុណ្ណោះ ពី​រុ​ស្ស៊ី​។

ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បាន​ចុះ​ផ្សាយ​ដោយ​យោង​ប្រភព​ពី​កាសែត​ក្នុងស្រុក​ឥណ្ឌា​ថា ក្នុង​ពេល​ដែល​រុ​ស្ស៊ី​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច អ្នក​នាំ​ចេញ​ចំណីអាហារ គ្រឿង​សេ​រ៉ា​មិច និង​សារធាតុ​គីមី​ចំនួន​៥០​ក្រុមហ៊ុន​របស់​ឥណ្ឌា នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​នៅ​ចុងខែ​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា​ក្រុមហ៊ុន​រុ​ស្ស៊ី​ចង់​នាំ​ចូល​ផលិតផល​ទាំងនេះ​ពី​ឥណ្ឌា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋតួគីចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ជុំវិញការឡើងថ្លៃទំនិញ ខណៈប៉ូលីសឃាត់ខ្លួនរាប់សិបនាក់

ព័ត៌មាន
ពលរដ្ឋតួគី នៅដើមសប្ដាហ៍នេះ បានចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ជុំវិញការឡើងថ្លៃទំនិញ ខណៈប៉ូលីសឃាត់ខ្លួនរាប់សិបនាក់!! ប្រឈមមុខនឹងវិបត្តិអ…

កំពង់ផែពហុបំណងតម្លៃជាង១ពាន់លានដុល្លារនៅខេត្តកំពត នឹងបើកការដ្ឋានសាងសង់នៅស្អែកនេះ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសាធារណការបានអះអាងថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនឹងបើកការដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ