លោក ពូទីន និងលោក ត្រាំ

លោក ពូទីន និងលោក ត្រាំ សុទ្ធតែមិនចូលរួមក្នុងការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន ដែលលោក ពូទីន ខ្លួនឯងជាអ្នកស្នើឡើង


ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំមកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ កន្លងទៅបានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយភាគីអុយក្រែន ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាម។
លោក ពូទីន និងលោក ត្រាំ
ដោយ

ប៉ុន្តែជាលទ្ធផលចុងក្រោយ ទាំងលោក ពូទីន ខ្លួនឯង និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សុទ្ធតែបានបង្ហាញជំហរថា លោកទាំងពីរនឹងមិនចូលរួមឡើយនៅក្នុងកិច្ចចរចាសន្តិភាព ដែលធ្វើឡើងនៅប្រទេស

តួកគី ដោយភាគីរុស្ស៊ីបានបញ្ជូនក្រុមអ្នកបច្ចេកទេស ដែលមានបទពិសោធន៍ច្រើនឱ្យទៅចូលរួមជំនួសវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនបានស្នើឱ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយភាគីអ៊ុយក្រែននៅទីក្រុងអ៊ីស្ទែនប៊ុល ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា នេះ ដោយគ្មានកំណត់លក្ខខណ្ឌជាមុន។ ទោះជាយ៉ាងណា កាលពីល្ងាចថ្ងៃពុធ ទី១៤ ខែឧសភា ម្សិលមិញ ភាគីរុស្ស៊ីបាននិយាយថា គណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចូលរួមក្នុងកិច្ចចរចាសន្តិភាពនៅតួកគី នឹងរួមបញ្ចូលសមាសភាពទីប្រឹក្សាប្រធានាធិបតីលោក វ៉្លាឌីមៀ មេឌីនស្គី (Vladimir Medinsky) និងអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អាឡិចសាន់ដឺ ហ្វ័រមីន (Alexander Fomin) ផងដែរ ប៉ុន្តែឈ្មោះរបស់លោក ពូទីន មិនមានក្នុងបញ្ជីឈ្មោះគណៈប្រតិបតិភូនេះទេ។

បន្ទាប់ពីការប្រកាសសមាសភាពគណៈប្រតិភូរបស់ភាគីរុស្ស៊ី មន្ត្រីអាម៉េរិកមួយរូបបានទម្លាយឱ្យដឹងថា លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣នៅតំបន់មជ្ឈិមបូព៌ា ក៏នឹងមិនចូលរួមក្នុងកិច្ចចរចានេះដែរ។ មេដឹកនាំសហរដ្ឋអាម៉េរិករូបនេះបានលើកឡើងមុននេះថា លោកកំពុងពិចារណាជម្រើសក្នុងការចូលរួមការចរចាសន្តិភាពសម្រាប់អ៊ុយក្រែន។

ជាការពិតណាស់ លោក ពូទីន មិនដែលបានបញ្ជាក់ថា លោកនឹងចូលរួមដោយផ្ទាល់នោះទេ ហើយអវត្តមានរបស់ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាម៉េរិកបានធ្វើឱ្យរសាយបាត់អស់នូវក្ដីសង្ឃឹមថា នឹងទទួលបានលទ្ធផលជាដុំកំភួននៅក្នុងការចរចាបញ្ចប់សង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមបញ្ឆេះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

គួររំឭកថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី នៅមុននេះបានអញ្ជើញក្នុងន័យឌឺដងឱ្យលោក ពូទីន ចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចានេះ ប្រសិនបើលោកមិនខ្លាចទេនោះ។ ហើយការលើកឡើងបែបនេះទំនងជាចង់បង្ហាញឱ្យលោក ដូណាល់ ត្រាំ បានឃើញថា តើភាគីអ៊ុយក្រែង ឬក៏ភាគីរុស្ស៊ី ដែលជាអ្នកចង់បានសន្តិភាពជាងគេឱ្យពិតប្រាកដ។

ស្របពេលលោក ហ្សេឡិនស្គី កំពុងធ្វើដំណើរទៅកាន់ប្រទេសតួកគី កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ មន្ត្រីអ៊ុយក្រែន មួយរូបបានទម្លាយឱ្យដឹងថា លោក ហ្សេឡិនស្គី បានលើកឡើងហើយថា លោកនឹងមិនចូលរួមក្នុងកិច្ចចរចានេះឡើយ លុះត្រាតែលោក ពូទីន ចូលរួម ទើបលោកចូលរួមដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បានជជែកពិភាក្សាជាមួយលោក ពូទីន ពាក់ព័ន្ធនឹងរឿង យន្ដហោះ MH17 ដែលត្រូវបានគេបាញ់ទម្លាក់កាលពីជាង ១០ឆ្នាំមុន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Lbrahim បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបានជជែកជាមួយនឹងលោកប្រធានាធិ…

លោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំដល់ទៅជាង២៤០ពាន់លានដុល្លារជាមួយប្រទេសកាតា ក្នុងចំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សម្រេចបានកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាង២៤៣ពាន់លានដុល្លារអាម៉េរិកជាមួយប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ