នៅក្នុងពិធីអបអរសាទរនៃការដាក់បញ្ចូលទឹកដីអ៊ុយក្រែនចូលជាដែនដីថ្មីរបស់រុស្ស៊ីនេះ លោក ពូទីន នឹងធ្វើជាអធិបតីលើការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពី «ការចូលជាទឹកដីថ្មីរបស់សហព័ន្ធរុស្ស៊ី» ពោលគឺវាធ្វើឡើង បីថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយរុស្សី និងត្រួវបានទីក្រុងម៉ូស្គូរាយការណ៍ថា មានការបោះឆ្នោតសម្តែងការពេញចិត្តរហូតដល់ទៅ៩៩%។ ទោះយ៉ាងណា វាស្តែងឡើងដូចគ្នាទៅនឹងការដាក់បញ្ចូលដែនដីគ្រីមៀកាលពីប្រាំបីឆ្នាំមុនដែរ ដែលកាលនោះ រុស្សីបានធ្វើវិធីសាស្ត្រនេះដូចគ្នា។
ដោយឡែក រដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចបានពណ៌នាថា ការបោះឆ្នោតនេះ គឺចង់បន្លំភ្នែកពិភពលោក និងមានលក្ខណៈខុសច្បាប់ទាំងស្រុង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃទី ២៩ខែកញ្ញាថា «ការធ្វើប្រជាមតិដោយបង្ខិតបង្ខំរបស់វិមានក្រឹមឡាំង គឺជាកិច្ចខិតខំប្រឹងប្រែងឥតប្រយោជន៍ ដើម្បីបិទបាំងពីចេតនាចង់ដណ្តើមឈ្លានពានទឹកដីអ៊ុយក្រែនថែមទៀតតែប៉ុណ្ណោះ។
ដូចគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាកាលពីថ្ងៃទី២៩ខែកញ្ញាថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ជាដាច់ខាតនូវការទាមទាររបស់រុស្ស៊ី លើដែនដីអធិបតេយ្យអ៊ុយក្រែន និងបានថ្កោលទោសការធ្វើប្រជាមតិនោះ ថាជា «ការបោកប្រាស់ទាំងស្រុង និងជាលទ្ធផលនៃការសម្ដែងឆាកល្ខោនបន្លំភ្នែករបស់ទីក្រុងម៉ូស្គូឲ្យតែល្អមើល តែប៉ុណ្ណោះ»។
រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ប្រសិនបើទីក្រុងមូស្គូបន្តធ្វើដូច្នោះ វានឹងគ្មានតម្លៃផ្លូវច្បាប់ ហើយសមនឹងទទួលបានការថ្កោលទោសបន្ថែមទៀត។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី៣០ខែកញ្ញាដែល«នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយ» ជាការឆ្លើយតបទៅនឹងការដាក់បញ្ចូលដែនដីអ៊ុយក្រែនពីសំណាក់រុស្សីនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានបង្ហើបថា កិច្ចប្រជុំនេះ ផ្តោតទៅលើការពង្រឹងគោលនយោបាយសន្តិសុខជាតិរបស់អ៊ុយក្រែន។
មែនទែនទៅ ក្នុងចំណោមតំបន់ចំនួនបួនដែលភាគច្រើននៃតំបន់ Luhansk និង Kherson ប្រទេសរុស្ស៊ីបានគ្រប់គ្រងស្ទើរតែទាំងអស់ទៅហើយ ដោយឡែក វិមានក្រឹមឡាំងគ្រប់គ្រងប្រហែល ៦០% ប៉ុណ្ណោះនៃតំបន់ Donetsk និង ៧០% នៃតំបន់ Zaporizhzhia។
ថ្មីៗនេះដែរ នៅក្នុងសេណារីយ៉ូនៃកាត់បញ្ចូលទឹកដីអ៊ុយក្រែនយ៉ាងប្រញាប់ប្រញាល បួកផ្សំនឹងការគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់បុរសខ្លាំង ពូទីន ក្រោយរុស្សីធ្វើការកែនទ័ព៣សែននាក់ដើម្បីទៅឈរជើងក្នុងសមរភូមិអ៊ុយក្រែននោះ អ្នកនយោបាយលោកខាងលិចខ្លះមើលឃើញថា មូស្គូកំពុងតែធ្លាក់ដៃមែនទែន ហើយការគំរាមគំហែងប្រើនុយក្លេអ៊ែរទំនងមិនមែនជាការលេងសើចច្រើនជាង ព្រោះមូស្គូកំពុងស្ថិតភាពទាល់ច្រក និងមើលមិនឃើញជម្រើសណាផ្សេងដើម្បីកម្លាចលោកខាងលិចឲ្យឈប់គាំទ្រអ៊ុយក្រែន និងការពារដែនដីដែលទើបតែបញ្ចូលថ្មីផងដែរ៕