រុស្ស៊ី-អ៊ុយក្រែន

លោក ពូទីន កាត់បញ្ចូលតំបន់ចំនួន៤ នៃទឹកដីអ៊ុយក្រែនចូលជាដែនដីសហព័ន្ធរុស្សីជាផ្លូវការ


ប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី ៣០ កញ្ញា នឹងប្រកាសបញ្ចូលតំបន់ចំនួនបួននៃទឹកដីអ៊ុយក្រែនដែលខ្លួនបានវាយដណ្តើមកាន់កាប់បានចាប់តាំងពីខែកុម្ភៈមក ចូលជាដែនដីថ្មីរបស់សហព័ន្ធរុស្សីជាផ្លូវការ ខណៈរដ្ឋាភិបាលទីក្រុងកៀវ និងប្រទេសខាងលិចឯណោះវិញបានប្រកាសថា នឹងមិនទទួលស្គាល់ជាដាច់ខាត ហើយស្ថានការនាពេលនេះ ត្រូវបានគេមើលឃើញថា វាអាចនឹងបណ្តាលឲ្យសង្គ្រាមរីករាលកាន់តែធំជាងនេះក៏ថាបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បុរសខ្លាំង ពូទីន កាត់ទឹកដីអ៊ុយក្រែនចូលជាដែនដីថ្មីរបស់ប្រទេសរុស្សី

នៅក្នុងពិធីអបអរសាទរ​នៃការដាក់បញ្ចូលទឹកដីអ៊ុយក្រែន​ចូល​ជាដែនដីថ្មីរបស់រុស្ស៊ីនេះ លោក ពូទីន នឹងធ្វើជាអធិបតីលើការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពី «ការចូលជាទឹកដីថ្មីរបស់សហព័ន្ធរុស្ស៊ី» ពោលគឺវាធ្វើឡើង បីថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយរុស្សី និងត្រួវបានទីក្រុងម៉ូស្គូ​រាយការណ៍ថា​ មានការបោះឆ្នោតសម្តែងការពេញចិត្តរហូតដល់ទៅ៩៩%។ ទោះយ៉ាងណា វាស្តែងឡើងដូចគ្នាទៅនឹងការដាក់បញ្ចូលដែនដីគ្រីមៀ​កាលពីប្រាំបីឆ្នាំមុនដែរ ដែលកាលនោះ រុស្សីបានធ្វើវិធីសាស្ត្រនេះដូចគ្នា។

ដោយឡែក រដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចបាន​ពណ៌នាថា ការបោះឆ្នោតនេះ គឺចង់បន្លំភ្នែកពិភពលោក និងមានលក្ខណៈខុសច្បាប់ទាំងស្រុង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃទី ២៩​ខែកញ្ញាថា «ការធ្វើប្រជាមតិដោយបង្ខិតបង្ខំរបស់វិមានក្រឹមឡាំង គឺជាកិច្ចខិតខំប្រឹងប្រែង​ឥតប្រយោជន៍ ដើម្បីបិទបាំងពីចេតនា​ចង់ដណ្តើមឈ្លានពានទឹកដីអ៊ុយក្រែនថែមទៀត​តែប៉ុណ្ណោះ។

ដូចគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាកាលពីថ្ងៃទី២៩ខែកញ្ញាថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ជាដាច់ខាត​នូវការទាមទាររប​ស់រុស្ស៊ី លើដែនដីអធិបតេយ្យអ៊ុយក្រែន និងបានថ្កោលទោសការធ្វើប្រជាមតិនោះ ថាជា «ការបោកប្រាស់ទាំងស្រុង និងជាលទ្ធផលនៃការសម្ដែងឆាកល្ខោនបន្លំភ្នែក​របស់ទីក្រុងម៉ូស្គូឲ្យតែល្អមើល តែប៉ុណ្ណោះ»។

រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ប្រសិនបើទីក្រុងមូស្គូបន្តធ្វើដូច្នោះ វានឹងគ្មានតម្លៃផ្លូវច្បាប់ ហើយសមនឹង​ទទួលបានការថ្កោលទោស​បន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងបើកកិច្ចប្រជុំកំពូលមួយនៅ​ថ្ងៃទី៣០ខែកញ្ញាដែល«នឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយ» ជាការឆ្លើយតបទៅនឹងការដាក់បញ្ចូលដែនដីអ៊ុយក្រែនពីសំណាក់រុស្សីនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានបង្ហើបថា កិច្ចប្រជុំនេះ ផ្តោតទៅលើការពង្រឹងគោលនយោបាយសន្តិសុខជាតិរបស់អ៊ុយក្រែន។

មែនទែនទៅ ក្នុងចំណោមតំបន់ចំនួនបួន​ដែលភាគច្រើន​នៃតំបន់ Luhansk និង Kherson ប្រទេសរុស្ស៊ីបានគ្រប់គ្រងស្ទើរតែទាំងអស់​ទៅហើយ ដោយឡែក វិមានក្រឹមឡាំងគ្រប់គ្រង​ប្រហែល ៦០% ប៉ុណ្ណោះនៃតំបន់ Donetsk និង ៧០% នៃតំបន់ Zaporizhzhia​។

ថ្មីៗនេះដែរ នៅក្នុងសេណារីយ៉ូនៃកាត់បញ្ចូលទឹកដីអ៊ុយក្រែនយ៉ាងប្រញាប់ប្រញាល បួកផ្សំនឹងការគំរាមប្រើអាវុធនុយក្លេអ៊ែរ​ពីសំណាក់​បុរសខ្លាំង ពូទីន​​ ក្រោយរុស្សីធ្វើការកែនទ័ព៣សែននាក់ដើម្បីទៅឈរជើងក្នុងសមរភូមិអ៊ុយក្រែននោះ អ្នកនយោបាយលោកខាងលិចខ្លះ​មើលឃើញថា មូស្គូកំពុងតែធ្លាក់ដៃមែនទែន ហើយការគំរាមគំហែងប្រើនុយក្លេអ៊ែរ​ទំនងមិនមែនជាការលេងសើច​ច្រើនជាង ព្រោះមូស្គូកំពុងស្ថិតភាពទាល់ច្រក និងមើលមិនឃើញជម្រើសណាផ្សេងដើម្បីកម្លាចលោកខាងលិចឲ្យ​ឈប់គាំទ្រអ៊ុយក្រែន និងការពារដែនដីដែលទើបតែបញ្ចូលថ្មីផងដែរ៕




អត្ថបទបន្ទាប់


តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!

ព័ត៌មាន
នៅទីបំផុត សាលក្រមតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ៣០ ខែកញ្ញាបានប្រកាសសម្រេចថា ឲ្យលោកប្រាយុទ្ធ ចាន់ អូចា ឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញហើយ…

បារាំងផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងច្បាប់ចូលនិវត្តន៍ថ្មី និងទាមទារការដំឡើងប្រាក់ឈ្នួល

ព័ត៌មាន
ពលរដ្ឋបារាំងបាននាំគ្នាចេញតាមដងផ្លូវធ្វើបាតុកម្មទូទាំងប្រទេសតែម្តងកាលពីថ្ងៃទី ២៩ខែកញ្ញា ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលកម្មករ ប្រឆាំងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ