តាមដានវិបត្តិ​នយោបាយ​នៅម៉ាឡេស៊ី

សម្ព័ន្ធ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី គាំទ្រ​លោក អាន់វ៉ា ជាបេក្ខជន​នាយករដ្ឋមន្ត្រី


លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស​នៅថ្ងៃព្រហស្បតិ៍ (ទី២៦ កុម្ភៈ ២០២០) នេះ ថា សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី Pakatan Harapan ឬ​ប្រែថា សម្ព័ន្ធ​នៃក្ដីសង្ឃឹម បាន​ប្រកាស​គាំទ្រ​​រូប​លោក​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបខាងឆ្វេង) និង​លោក មហាធៀ មហាម៉ាត់។ រូបភាព ៖ EPA
ដោយ

ទន្ទឹម​នឹង​នេះដែរ សមាជិក​គណបក្ស​យុត្តិធម៌​ប្រជាជន​ របស់លោក អាន់វ៉ា ផ្ទាល់ ក៏បាន​ប្រកាស​ដែរ​ថា ពួកគេ​ដាក់​ឈ្មោះ​លោក អាន់វ៉ា ជា​ប្រមុខ​ដឹកនាំ​របស់​ប្រទេសម៉ាឡេស៊ី។ 

ការប្រកាស​បែប​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​លាលែង​ពីមុខ​តំណែង​របស់​នាយក​រដ្ឋមន្ត្រី លោក មហាធៀ មហាម៉ាត់ កាលពីដើម​សប្ដាហ៍នេះ ដែល​បច្ចុប្បន្ន លោក​កំពុងគ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​នាម​ជា​នាយរដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន។ 

ការប្រទាញ​ប្រទង់គ្នា​រវាង​លោក មហាធៀ សព្វថ្ងៃ​ អាយុ ៩៤ឆ្នាំ និង​លោក អាន់វ៉ា សព្វថ្ងៃ អាយុ ៧២ឆ្នាំ ដែលបាន​រួមគ្នា​បង្កើត​កតិកា​សញ្ញា​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយដើម្បី​ឈ្នះការបោះឆ្នោត​កាលពីឆ្នាំ​២០១៨ បាន​គ្របដណ្ដប់​លើ​នយោបាយ​របស់​ម៉ាឡេស៊ី​អស់រយៈពេលជាង ២ទសវត្សរ៍ និង​ជា​ឫសគល់​នៃ​វិបត្តិ​ចុងក្រោយ​បំផុត​នេះ។ 

លោក មហាធៀ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន បានស្នើបង្កើត​រដ្ឋាភិបាលរួបរួម​មួយ ដោយ​មិនចាំបាច់​ត្រូវ​មានភក្តីភាព​ចំពោះ​បក្ស​នយោបាយ​ នៅពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​កំពុង​ជួបប្រទះ​បញ្ហា​សេដ្ឋកិច្ច​ថមថយ និង​កំពុងរង​ផល​ប៉ះពាល់ពី​វីរុស កូរ៉ូណា។

នៅព្រឹកថ្ងៃពុធនេះ លោក មហាធៀ បានថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ និង​បាន​សុំ​ទោស ចំពោះ​«ភាពវឹកវរ​ផ្នែក​នយោបាយ» ដែល​រូបលោក​បានបង្ក​ឡើង។ 

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក អាន់វ៉ា បាន​និយាយថា រូបលោក​ប្រឆាំងជំទាស់​ទៅនឹង​កិច្ច​ប្រឹងប្រែង​ណា​មួយ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ទ្វារក្រោយ។ 

លោក អាន់វ៉ា បាននិយាយថា សម្ព័ន្ធ Pakatan បាន​អញ្ជើញ​លោក មហាធៀ ឲ្យ​ធ្វើជាប្រធាន​នៃ​កិច្ច​ប្រជុំ​មួយ ដើម្បី​ស្ដារឡើងវិញ​នូវ​សម្ព័ន្ធ​នៃក្ដីសង្ឃឹម ប៉ុន្តែ លោក មហាធៀ មិនយល់ព្រម​ចូលរួម​កិច្ច​ប្រជុំ​នោះ​ទេ ដូច្នេះទើប​គណៈកម្មាធិការប្រធាន បាន​សម្រេចចិត្ត​តែងតាំង​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​​របស់​សម្ព័ន្ធ​នៃ​ក្ដី​សង្ឃឹម។ 

លោក អាន់វ៉ា បានប្រាប់​សន្និសីទ​សារព័ត៌មានថា «យើង​រង់ចាំ​ការសម្រេចចិត្ត​ពី​សំណាក់​ព្រះមហាក្សត្រ»។ 

ក្នុងកិច្ច​ព្យាយាម​ដើម្បីបញ្ចប់​វិបត្តិ​នយោបាយ​ ព្រះមហាក្ស​ម៉ាឡេស៊ី ព្រះបាទ ស៊ុលតាន់ អះម៉ាត់ ស្ហា បាន​ជួប​ប្រជុំ​ជាមួយ​សមាជិក​ជាប់ឆ្នោត​នៃ​រដ្ឋសភាទាំង ២២២រូប ក្នុងរយៈពេល​ ២ថ្ងៃ​កន្លង​មកនេះ។ អ្នកដែលបានចូលរួម​ក្នុង​ប្រជុំ​ទាំងនេះ បាន​និយាយថា ខ្លួនត្រូវបានស្នើ​ឲ្យ​ដាក់​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែលខ្លួន​ពេញចិត្ត​ឬថា តើចង់បាន​ឲ្យ​មានការបោះឆ្នោត​ឡើង​វិញ ឬ​យ៉ាងណា។

គណបក្ស​របស់លោក អាន់វ៉ា មាន ៣៩អាសនៈ ហើយ​ដៃគូ​នៅក្នុង​សម្ព័ន្ធ​អាច​ផ្ដល់​ ៦២អាសនៈ​ផ្សេងទៀត។ ខណៈ​ដែល​អ្នកនយោបាយមួយចំនួន បានសម្ដែង​ការគាំទ្រ​ឲ្យ​លោក មហាធៀ បន្ត​កាន់តំណែង គេមិនច្បាស់ទេថា តើ​ពួកគេ​គ្រប់គ្នា​នឹង​ផ្ដល់​ការគាំទ្រ​ដល់​លោក មហាធៀ ឬអត់​នោះ​ទេ៕




អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា

ព័ត៌មាន
ស្របពេលដែលរោងចក្រកាត់ដេរនៅកម្ពុជាចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ ក្រោយផ្ទុះកូរ៉ូ ណាវីរុស និងការដកផ្នែកខ្លះនៃEBA ផងនោះ សម្តេចហ៊ុនសែន បានអ…

សិស្សជាង ២.៥០០ នាក់នៅថៃ ខកខានសិក្សា ដោយសារសាលាបិទទ្វារ បន្ទាប់ពីរកឃើញ សិស្សម្នាក់ឆ្លងវីរុស Covid 19

ព័ត៌មាន
សាលា Pharaharuthai Donmuang ដែលមានសិស្ស ២.៥០០ នាក់ នៅក្នុងស្រុក ដនមឿង ប្រទេសថៃ បានត្រូវសម្រេច​ឲ្យ​បិទទ្វារចំនួន ១៤ ថ្ងៃ បន្ទាប់ពីរកឃើញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ