ការថ្លែងសុន្ទរថាជាសាធារណៈលើកដំបូងរបស់លោក ពូទីន អំពីចលនាបះបោររបស់ក្រុមទាហានស៊ីឈ្នូលវែកន័រដឹកនាំដោយលោក ព្រីនហ្កូហ្ស៊ីន បានបានកើតឡើងនៅថ្ងៃចន្ទ។ លោកប្រធានាធិបតីបានថ្លែងក្នុងសម្ដីផ្ទាល់ថា៖ «ចាប់តាំងពីដើមដំបូងនៃព្រឹត្តិការណ៍ម្លេះ វិធានការនានាត្រូវបានដាក់ចេញតាមការណែនាំរបស់ខ្ញុំ ដើម្បីចៀសវាងការបង្ហូរឈាមធ្ងន់ធ្ងរ»។
លោក ពូទីន បានបន្តក្នុងន័យដើមទៀតថា៖ «ពេលវេលាគឺត្រូវការជាចាំបាច់ ក្នុងអ្វីៗផ្សេងទៀត ដើម្បីផ្តល់ឱកាសឱ្យអ្នកដែលបានប្រព្រឹត្តកំហុស បានគិតពិចារណា និងបានយល់ថា សកម្មភាពរបស់ពួកគេត្រូវបានបដិសេធយ៉ាងម៉ឺងម៉ាត់ដោយសង្គម ហើយបានយល់ថា ដំណើរនេះនាំទៅរកផលវិបាកដ៏មហន្តរាយនិងសោកសង្រេង ចំពោះប្រទេសរុស្ស៊ី និងរដ្ឋរបស់យើង»។
ការថ្លែងបែបនេះរបស់លោក ពូទីន បន្ទាប់ពីការសន្យារបស់លោកកាលពីថ្ងៃសៅរ៍ដែលថានឹងកម្ទេចការបះបោររបស់ទាហានក្នុងក្រុមវែកន័រ គឺហាក់ដូចជាគូសបញ្ជាក់អំពីព្រឹត្តិការណ៍មួយដែលមេដឹកនាំលោកខាងលិចជាច្រើនយល់ឃើញថាបានបង្ហាញកម្សោយរបស់លោក ពូទីន ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនជាង១៦ខែមកនេះ។
សូមរំលឹកថា កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រុមទាហានស៊ីឈ្នូលវេកន័រជាច្រើនរយនាក់ ក្រោមការដឹកនាំរបស់លោក ព្រីហ្កូហ្ស៊ីន បានចូលមកកាន់កាប់ទីក្រុង រ៉ូស្តូវ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ ក្រោមការបញ្ជាផ្ទាល់របស់លោក ព្រីហ្កូហ្ស៊ីន ទាហានវេកន័របានធ្វើដំណើរឆ្ពោះទៅទីក្រុងម៉ូស្គូ ជាក្បួន ដោយមានទាំងរថក្រោះ និងរថពាសដែកផ្សេងៗទៀត។ លោក ព្រីហ្កូហ្ស៊ីន ថា សកម្មភាពនេះគឺដើម្បី«យុត្តិធម៌»សម្រាប់កងទ័ពរុស្ស៊ីដែលបានពលីដោយសារការកុហកនៅក្នុងសង្គ្រាមអ៊ុយក្រែន។ លោកបានទាមទារឱ្យមានការបណ្ដេញរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គី ស៊ូហ្គូ និងអគ្គសេនាធិការកងទ័ពរុស្ស៊ីលោក វ៉ាល់ឡេរី ហ្កេរ៉ាស៊ីម៉ូវ ចេញពីតំណែង។
ប៉ុន្តែអ្វីៗហាក់មានសភាពប្រសើរមកវិញ បន្ទាប់ពីមានការជួយអន្តរាគមន៍សម្រុះសម្រួលដោយប្រធានាធិបតីបេឡារុស្ស លោក លូកាសេនកូ។ លោក ពូទីន បាននិយាយថាទាហានក្នុងក្រុមវែកន័រណាដែលសុខចិត្តធ្វើការឱ្យក្រសួងការពារជាតិរុស្ស៊ីអាចប្តូរទៅឈរជើងនៅប្រទេសបេឡារុស្សវិញ បើមិនអ៊ីចឹងទេអាចទៅជួបជុំគ្រួសារពួកគេវិញ។
លោក ពូទីន បានថ្លែងអំណរគុណដល់យុទ្ធជន និងមេបញ្ជាការក្រុមទាហានស៊ីឈ្នួលវែកន័រ ដែលបានបញ្ឈប់ការប៉ះបោររបស់ពួកគេ ដើម្បីជៀសវាងនូវអ្វីដែលលោកហៅថា«ការបង្ហូរឈាមបងប្អូនឯង» ហើយលោកថា សមាជិកភាគច្រើនរបស់ក្រុមវេកន័រគឺជាអ្នកស្នេហាជាតិ។
នៅក្នុងការថ្លែងកាលពីថ្ងៃចន្ទ លោក ពូទីន ពុំបាននិយាយអំពីការផ្លាស់ប្តូរណាមួយក្នុងជួរមេដឹកនាំយោធាកំពូលៗតាមការទាមទាររបស់លោក ព្រីហ្កូហ្ស៊ីន ទេ។
ទន្ទឹមគ្នានេះ នៅថ្ងៃចន្ទដដែលនោះ ក្រសួងការបរទេសអាមេរិកបាននិយាយថា ស្ថានការណ៍ក្នុងប្រទេសរុស្ស៊ីគឺនៅតែមិនទាន់ល្អនៅឡើយ ក្រោយការបះបោរមិនសម្រេចត្រូវបានបញ្ឈប់។ លោក ម៉ាធូ មីល័រ (Matthew Miller) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងថា វាជារឿងថ្មីមួយដែលឃើញការដឹកនាំរបស់លោកប្រធានាធិបតីពូទីនប្រឈមមុខនឹងការប្រឆាំង ហើយថា វាជារឿងថ្មីមួយដែលឃើញលោក ព្រីហ្កូហ្ស៊ីន បានចោទសួរដោយផ្ទាល់អំពីហេតុផលនៃសង្គ្រាមនេះ ហើយបានហៅសង្រ្គាមនៅអ៊ុយក្រែនថា ត្រូវបានធ្វើឡើងដោយផ្អែកលើការភូតកុហក។
ប្រទេសរុស្ស៊ីបានហៅសង្គ្រាមនៅអ៊ុយក្រែនថាជា«ប្រតិបត្តិការយោធាពិសេស» ដើម្បីលុបបំបាត់អ្វីដែលខ្លួនហៅថាការគំរាមកំហែងចំពោះសន្តិសុខរបស់ខ្លួន ដែលបង្កឡើងដោយរដ្ឋាភិបាលនិយមលោកខាងលិចនៅទីក្រុងកៀវ៕