ការអះអាងបែបនេះ ធ្វើឡើងស្របពេលដែលបច្ចុប្បន្នទីក្រុងម៉ូស្គូកំពុងដើរកៀគរ រកសម្លេងគាំទ្រពីប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថាជាមិត្ត ហើយដែលក្នុងនោះភាគច្រើនជាប្រទេស ដែលមានទំនោរមិនត្រូវរ៉ូវនឹងលោកខាងលិច ដូចជា អ៊ីរ៉ង់ ភូមា និងចិនជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចាប់តាំងពីបានលើកទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈមក ប្រទេសរុស្ស៊ីបានរងការវាយប្រហារតាមរយៈដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដែលត្រូវបង្កើតឡើងក្នុងបំណង ផ្តាច់រុស្ស៊ីឱ្យនៅឯកោចេញពីសេដ្ឋកិច្ចពិភពលោក ក្នុងនោះរួ មមានដកហូតទ្រព្យសកម្មរបស់រុស្ស៊ីនៅក្រៅប្រទេស ការរិតត្បិតការចេញនាំចូលរបស់ប្រើប្រាស់ ទំនិញ រួមចាប់តាំងពីផលិតផលអេឡិចត្រូនិក ដល់គ្រឿងបន្លាស់យន្តហោះផងដែរ។ អ្វីដែលខ្លាំងក្លាជាងនេះទៅទៀត គឺការដកធនាគាររុស្ស៊ីចេញប្រព័ន្ធទូទាត់សកល SWIFT។
នៅចំពោះមុខឥស្សរជនរដ្ឋាភិបាលគ្រាក់ៗ នៃវិមានក្រឹមឡាំង លោកពូទីនថ្លែងថា៖ មិនត្រឹមតែការរឹតបន្តឹងប៉ុណ្ណោះទេ ប៉ុន្តែការបិទខ្ទប់ស្ទើរតែទាំងស្រុងនៃការនាំចូលផលិតផលបច្ចេកវិទ្យាខ្ពស់ពីបរទេស គឺជាចេតនាដែលលោកខាងលិចគុំកួន ប្រឆាំងនឹងប្រទេសរុស្ស៊ីជាយូរមកហើយ។
លោកនិយាយបន្តថា៖ វាច្បាស់ណាស់ថា នេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសរុស្ស៊ី ប៉ុន្តែយើងនឹងមិនចុះចាញ់ ហើយក៏នឹងមិនធ្វើឱ្យរុស្ស៊ីស្ថិតក្នុងភាពច្របូកច្របល់ តាមបំណងរបស់លោកខាងលិចដែរ។ លើសពីនេះ រុស្ស៊ីក៏មិនធ្វើឱ្យការព្យាកររបស់លោកខាងលិច ដែលអះអាងថាសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងវិលត្រឡប់ទៅរកពេលវេលារាប់ទសវត្សរ៍មុននោះ ក្លាយជាការពិតបានដែរ។
លោកពូទីនប្តេជ្ញាចិត្តថា ប្រទេសរុស្ស៊ីនឹងអភិវឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួនឱ្យបាន ដោយមិនចាំបាច់ពឹងលើក្រុមហ៊ុនរបស់លោកខាងលិចទៀតឡើយ។
គួរកត់សម្គាល់ថា ការអះអាងទាំងអស់នេះ ដោយប្រធានាធិបតីពូទីន ធ្វើឡើងនៅក្រោយពេលដែលរុស្ស៊ី ហាក់បានបង្កើនទំនាក់ទំនងស្អិតល្មួត នឹងប្រទេសមួយចំនួន ទាំងក្នុងនិងក្រៅតំបន់ដែលសុទ្ធសឹងជាអ្នកជិតស្និទ្ធនឹងរុស្ស៊ី ហើយមានទំនោរប្រឆាំង ឬមិនត្រូវរ៉ូវជាមួយសហរដ្ឋអាមេរិក និងលោកខាងលិច។
ក្នុងនោះគេសង្កេតឃើញនៅមួយរយៈចុងក្រោយ រុស្ស៊ីបានឆ្លើយឆ្លងគ្នាយ៉ាងសកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ ដែលមើលមុខគ្នាមិនចំសោះឡើយជាមួយលោកខាងលិច ពិសេសសហរដ្ឋអាមេរិក ក្នុងសំណុំរឿងនុយក្លេអ៊ែរ។
ជាក់ស្តែង លោកពូទីនបានទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ងក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់តែម្តង គឺលោក អាយាតូឡា អាលី ខាន់មេនី(Ayatollah Ali Khamenei)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខដឹកនាំរុស្ស៊ីរូបនេះ បានធ្វើដំណើរទៅខាងក្រៅអតីតទឹកដីនៃសហភាពសូវៀត រាប់ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនមក។
មន្ត្រីវិមានក្រឹមឡាំងមួយរូបនិយាយថា៖ កិច្ចសន្ទនារវាងប្រមុខដឹកនាំទាំងពីរ គឺលោកពូទីន និងលោក អាយ៉ាតូឡា ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់នោះ គឺមានសារសំខាន់ខ្លាំងណាស់។ វាជាកិច្ចសន្ទនាដ៏គួរឱ្យទុកចិត្តបាន អំពីបញ្ហាសំខាន់ៗជាច្រើនទាំងក្នុងក្របខណ្ឌទ្វេភាគី អន្តរជាតិ។ ប្រភពដដែលបន្តថា បញ្ហាភាគច្រើនដែលរុស្ស៊ី និងអ៊ីរ៉ង់ពិភាក្សាគឺ មានការយល់ឃើញដូចគ្នា ហើយខ្លះទៀតគឺដូចគ្នាបេះបិទ។
ស្ថិតក្នុងវ័យ៦៩ឆ្នាំបុរសខ្លាំងរុស្ស៊ី លោកពូទីន កម្រចេញក្រៅប្រទេសធ្វើទស្សនកិច្ចខ្លាំងណាស់ ពោលគឺនៅក្រោយពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ និងក្រោយមកទៀតគឺ បន្ទាប់ពីបានលើកទ័ពចូលអ៊ុយក្រែន។
តាមរយៈការធ្វើដំណើរទៅកាន់សាធារណរដ្ឋឥស្លាម សម្រាប់ដំណើរទស្សនកិច្ចនៅបរទេសដ៏សំខាន់លើកដំបូងរបស់លោកចាប់តាំងពីសង្គ្រាមអ៊ុយក្រែនមក លោកពូទីនកំពុងផ្ញើសារយ៉ាងច្បាស់ទៅកាន់លោកខាងលិចថា រុស្ស៊ីនឹងស្វែងរកការកសាងទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលជាសត្រូវរបស់សហរដ្ឋអាមេរិកចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មកនោះ៕