ចិននឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ និងអ្នកតំណាងជាង១៤០ប្រទេសនៅជុំវិញពិភពលោក ដែលមកចូលរួមវេទិកាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានបើកធ្វើឡើងកាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីប៉េកាំង។
តាមរយៈវេទិកាអន្តរជាតិនេះ ចិនមានបំណងបង្កើនឥទ្ធិពលខ្លួនជាមហាអំណាចពិភពលោកតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ ដែលបានប្រកាសដោយលោក ស៊ី ជិនពីង កាលពីមួយទសវត្សន៍មុន។
វេទិកាឆ្នាំនេះ នឹងក្លាយជាឱកាសលើកទីបីសម្រាប់លោក ពូទីន ដែលបានចូលរួមពីរលើករួចមកហើយកាលពីឆ្នាំ២០១៧ និង២០១៩។
លោក ស៊ី និងលោក ពូទីន ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង Gaza។ គួរជម្រាបថា ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានរិះគន់សកម្មភាពរបស់អ៊ីស្រាអែល និងបានអំពាវនាវឱ្យមានបទឈប់បាញ់ ដែលបង្ហាញថា មហាអំណាចទាំងពីរ កំពុងប្រឹងប្រែងឱ្យមានកិច្ចចរចារ ផ្ទុយពីសហរដ្ឋអាមេរិក ដែលគាំទ្រអ៊ីស្រាអែល ក្នុងការប្រើកម្លាំងតបតលើក្រុមហាម៉ាសវិញ។
អ្នកវិភាគខ្លះយល់ថា ពេលវេលានៃវេទិកានេះ ធ្វើឡើងចំពេលដែលអ៊ីស្រាអែល បង្ហាញសញ្ញាចាប់ផ្តើមលុកលុយតាមផ្លូវគោកទៅលើតំបន់ ហ្គាហ្សា ដែលនឹងធ្វើឱ្យពិភពលោកលែងចាប់អារម្មណ៍យកចិត្តទុកដាក់តទៅទៀតលើសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ការចូលរួមវេទិកានេះ ក៏ជាឱកាសសម្រាប់ពូទីនបង្ហាញទៅកាន់ពិភពលោកថា រុស្ស៊ីមានមិត្តដ៏រឹងមាំគឺប្រទេសចិន។
មេដឹកនាំប្រទេសទាំងពីរបានជួបគ្នាមិនតិចជាង៤០ដងទេក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ ក្នុងជំនួបកាលពីឆ្នាំមុន លោក ស៊ី និងលោក ពូទីន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយអំពី«ភាគជាដៃគូគ្មានដែនកំណត់»។ សេចក្តីថ្លែងការណ៍នោះមានកម្មវត្ថុប្រឆាំងនឹងលោកខាងលិច និងបង្ហាញពីទំនាក់ទំនងស៊ីជម្រៅជាងពេលណាៗទាំងអស់រវាងចិន និងរុស្ស៊ី។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋចិននៅមុនព្រឹត្តិការណ៍ខ្សែក្រវាត់និងផ្លូវនៅថ្ងៃអង្គារ លោក ពូទីន បានសរសើរលោក ស៊ី ថា ជាមេដឹកនាំនឹងន ស្ងប់ស្ងាត់ ជាក់ស្តែង និងអាចទុកចិត្តបានស័ក្តិសមជាមេដឹកនាំពិភពលោក៕