បញ្ហា Covid-19 នៅកម្ពុជា

វិបត្តិ Covid-19៖ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ស្នើសុំអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល


សមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី ៣១ ខែមីននេះ បានចេញលិខិតមួយជូនទៅកាន់រាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសផលិតចំណីអាហារនៅក្នុងវិបត្តិការរាតត្បាតនៃមេរោគ Covid-19 ដែលកំពុងកើតឡើងកាន់តែធ្ងន់ធ្ងរ។
វិបត្តិ Covid-19៖ សមាគមអ្នកផលិតចំណីអាហារកម្ពុជា ស្នើសុំអន្តរាគមន៍បន្ទាន់ពីរាជរដ្ឋាភិបាល
ដោយ

ក្នុងខ្លឹមសារ​លិខិតរបស់​សមាគមអ្នកផលិត​ចំណីអាហារ​កម្ពុជា ដែល​ខេមបូណូមីស​ទទួលបាននោះ បាន​រាយការណ៍ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ការីករាលដាល​នៃមេរោគ Covid-19 មានការ​កើនឡើងគួរឲ្យកត់សម្គាល់ ហើយស្ថានភាពនេះ បានជះឥទ្ធិពល​ដោយផ្ទាល់ និងប្រយោល​លើ​ផលិតកម្ម​របស់សហគ្រាស​ធុនតូច និងមធ្យម សឹងតែគ្រប់វិស័យទាំងអស់ រួមទាំង កសិ-ឧស្សាហកម្ម កម្មន្ដសាល សេវាក្ម អាជីវកម្មលក់ដុំ និងលក់រាយជាដើម។

សមាគម​អ្នកផលិតចំណីអាហារ​កម្ពុជា បានគូសបញ្ជាក់ថា «ករណីស្ថានភាពអាក្រក់នេះ នៅតែបន្ដនោះ សហគ្រាសធុនតូច និងមធ្យម នឹងជួបប្រទះនឹង​បញ្ហា​ធ្ងន់ធ្ងរឡើងៗ ព្រមទាំងអាច​ជះឥទ្ធិពល​ដល់ខឿន​សេដ្ឋកិច្ច បង្កើន​អត្រា​អត់ការងារ​ធ្វើដល់សង្គមកម្ពុជា»។ 

នៅក្នុងចំណោម​ផលប៉ះពាល់​ធំៗ​ចំនួន ៦ ចំណុច ដែលបាន​សមាគម​បាន​រៀបរាប់​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំណុច​មួយ បានបញ្ជាក់ថា ស្ថានភាព​អាក្រក់បច្ចុប្បន្ននេះ សហគ្រាស​មួយចំនួន បានកាត់បន្ថយ​កម្មករ​ពី ៥០% ទៅ៨០% ហើយបើស្ថានភាព​ខាងលើ​នៅតែបន្ដនោះ សហគ្រាស​ធុនតូច និងមធ្យម​នឹងផ្អាក​ដំណើរការ​ផលិតកម្ម​ទាំងស្រុង។ ករណី​បិទអាជីវកម្ម​ទាំងស្រុង បណ្ដាល​ឲ្យ​សហគ្រាស​ទាំងអស់​នឹងលំបាក ក្នុងការរៀបចំ និងបង្កើត​ឡើងវិញ​នៅពេល​ស្ថានភាព ធូរស្រាល​ឡើងវិញ។ លើសពីនេះ បញ្ហា​កង្វះខាត​លទ្ធភាព​ទូទាត់​សងម្ចាស់បំណុល និងថ្លៃជួលទីតាំង ក៏ជាបញ្ហា​ប្រឈមធំមួយរបស់​សហគ្រាសផងដែរ។
សមាគម​អ្នកផលិត​ចំណីអាហារ​កម្ពុជា ក៏បាន​ស្នើ​សុំនូវដំណោះស្រាយ​ចំនួន ៧ ចំណុច ​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីដាក់ចេញនូវវិធានការបន្ទាន់​លើកស្ទួយសហគ្រាសធុនតូច និងមធ្យម។ ក្នុងនោះមានដូចជា៖

១​, ពន្យារការបង់ពន្ធ​គ្រប់ប្រភេទ​ចំពោះ​សហគ្រាស​ដែលផ្ដោតលើវិស័យ​ផលិតចំណីអាហារ កសិ-ឧស្សាហកម្ម និងកសិកម្ម។

២, បន្ថយតម្លៃថាមពល​មកនៅត្រឹម ២៥% នៃតម្លៃបច្ចុប្បន្ន សម្រាប់​វិស័យ​ដែលទាក់ទង នឹងការផលិតចំណីអាហារ

៣, ក្នុងរយៈពេល ៣ឆ្នាំខាងមុខ សូមជួយឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ សម្រួលដល់​លក្ខខណ្ឌ​នៃប្រាក់កម្ចី

៤, ស្នើ​សុំ​បង្កើត​ប្រព័ន្ធលើកទឹកចិត្ត​អ្នកទិញ​ផលិតផលខ្មែរ

៥, សម្រួល​ និងពន្លឿន​នីតិវិធី ក្នុងការ​បោះទុនវិនិយោគ​ជាមួយនឹង​ SMEs ឬបោះទុន​ឲ្យ​ធនាគារនានា ផ្តល់កម្ចីដល់ SMEs ជាមួយអត្រាការប្រាក់ទាប។

៦, សម្របសម្រួល​លើការបង់ការប្រាក់​សង​ទៅ​ធនាគារ (ពន្យារ ឬបង់តែការប្រាក់) ក្នុងរយៈពេល​ ៦ខែ​យ៉ាងតិច

៧, ស្នើសុំការគាំទ្រ​ពីសំណាក់រាជរដ្ឋាភិបាល​ នូវការ​ឧបត្ថម្ភ​ប្រាក់បៀវត្សរ៍​បុគ្គលិក ៥០% លើប្រាក់ខែគោល​ កំណត់​ដោយរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ នៅមិនទាន់មាន​ឃើញការឆ្លើយតប​ណាមួយ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ​ឡើយទេ។ ប៉ុន្ដែ ខាងវិស័យឯកជន នៅតែរងចាំមើល​ ចំពោះការឆ្លើយតប​ និងចំណាត់ការ​របស់ក្រសួង​ ព្រោះថា បើ​បញ្ហា Covid-19 អូសបន្លាយកាន់តែយូរ ហើយបើ​​រដ្ឋមិនមានចំណាត់ការ​ជួយ​វិស័យឯកជន​បានទាន់ពេលវេលាទេនោះ វិស័យឯកជន​នឹងជួបបញ្ហា​កាន់តែធ្ងន់ធ្ងរ និងឈានទៅដល់ការបិទ​អាជីវកម្ម​ផងដែរ៕​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំនេះ សេដ្ឋកិច្ច​សិង្ហបុរី​ធ្លាក់​ចុះ ២,២% ដោយសារ​​វីរុសកូវីដ១៩

ព័ត៌មាន
នៅក្នុងត្រីមាសទី​១ ដើម​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី បាន​ធ្លាក់​ចុះ​ប្រមាណ ២,២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន …

ក្នុង​វិបត្តិ​​កូវីដ១៩ វៀតណាម​នៅ​តែ​ធ្វើ​បាន​ល្អ, សម្រេច​បាន​កំណើន​ ៣,៨%

ព័ត៌មាន
នៅក្នុង​អំឡុង​ពេល​ដែល​មាន​វិបត្តិ​មេរោគ​កូវីដ​១៩ កំពុង​សាយភាយ​ទូទាំង​សកលលោក​នេះ GDP របស់​ប្រទេស​វៀតណាម បាន​សម្រេច​នូវ​កំណើន ៣,៨%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ