មន្ត្រីរុស្សីប្រាប់ឲ្យរដ្ឋមន្ត្រីការពារធ្វើអត្តឃាត!

មន្ត្រីរុស្សីក្នុងតំបន់បំបែកខ្លួនអ៊ុយក្រែន ប្រាប់ឲ្យរដ្ឋមន្ត្រីការពាររុស្សីធ្វើអត្តឃាត ក្រោយបរាជ័យម្តងហើយម្តងទៀត


មន្ត្រីក្នុងតំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី៦ តុលា បានស្នើឲ្យរដ្ឋមន្ត្រីការពារជាតិរុស្សី និងជាមនុស្សជំនិតលោក ពូទីន គួរតែពិចារណាធ្វើអត្តឃាតខ្លួនឯងទៅ ដោយសារតែភាពអាម៉ាស់នៃការបរាជ័យជាបន្តបន្ទាប់ក្នុងសមរភូមិអ៊ុយក្រែន ដែលសារនេះចាត់ទុកជាប្រមាថដ៏កំពូលទៅលើវិមានក្រឹមឡាំង។ នេះបើតាមការចុះផ្សាយដោយសារព៏ត៌មានរ៉យទ័រ។
មន្ត្រីរុស្សីប្រាប់ឲ្យរដ្ឋមន្ត្រីការពារធ្វើអត្តឃាត!

នៅក្នុងសារវីដេអូរយៈពេល៤នាទី លោកគីរីល ស្តេម៉ូសូវ (Kirill Stremousov) ជាអនុប្រធានគ្រប់គ្រង​តំបន់ Kherson ដែលត្រូវបានលើកបន្ដុបដោយរុស្ស៊ីនោះ បានធ្វើការរិះគន់ជាសាធារណៈចំពោះ «ឧត្តមសេនីយ៍ និងរដ្ឋមន្ត្រីគ្រាក់ៗ» របស់ទីក្រុងម៉ូស្គូ ដែលខកខាន និងមិនយល់ពីស្ថានការជួរមុខនៃសមរភូមិអ៊ុយក្រែន។

បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាងប្រាំពីរខែ​ជាមួយទីក្រុងកៀវ គោលបំណងធំរបស់ម៉ូស្គូក្នុងការក្រសោបយករដ្ឋធានីកៀវមិនត្រឹមតែ​សម្រេចមិនបាននោះទេ ថែមទាំងទទួលបរាជ័យផ្ទួនៗ ដោយសារការវាយបក​ដោយកងកម្លាំងអ៊ុយក្រែនផងដែរ។ ការបរាជ័យនេះ បានជំរុញឲ្យលោក ពូទីន​ កាលពីខែកញ្ញា​ បង្ខំចិត្តធ្វើការកែនទ័ព៣សែននាក់បន្ថែមទៀត និងគំរាមប្រើនុយក្លេអ៊ែរជាបន្តបន្ទាប់។

លោក Stremousov ក្នុងអាយុ៤៥ឆ្នាំបាននិយាយថា «ជាការពិតណាស់ មនុស្សជាច្រើននិយាយថាប្រសិនបើពួកគេ​ជារដ្ឋមន្ត្រីការពារជាតិ ដែលបានអនុញ្ញាត​ឱ្យមានស្ថានភាពបែបនេះកើតឡើង ពួកគេគួរតែបាញ់​សម្លាប់ខ្លួនឯង ទើបវាប្រសើរជាង»។

មែនទែនទៅ ការប្រមាថជាសាធារណៈបែបនេះ ចំពោះមេទ័ពនិងជាមនុស្សជំនិតរបស់លោក ពូទីន គឺជារឿងកម្របំផុតនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែការបរាជ័យជាបន្តបន្ទាប់​នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនបានជំរុញឱ្យ​មន្ត្រីគ្រាក់ៗមួយចំនួន​របស់ខ្លួន បានស្តីបន្ទោស ព្រមទាំង​ទម្លាក់កំហុសទៅលើឧត្តមសេនីយ៍ និងមេទ័ពកំពូលរុស្ស៊ីយ៉ាងខ្លាំង។​

ដោយឡែក មេដឹកនាំតំបន់ Chechen លោក Ramzan Kadyrov និង លោក ប្រីហ្កាហ្សីន (Yevgeny Prigozhin) និងជាអ្នកបង្កើតក្រុមទាហានស៊ីឈ្នួលវេកនើ (Wagner) ក៏បានចំអកលកលើយឱ្យពួកឧត្តមសេនីយ៍របស់លោក ពូទីនដែរ ដោយនិយាយថា យោធាម៉ូស្គូត្រូវបានប្រេះឆា​ដោយសារតែបក្សពួកនិយម ហើយមន្ត្រីជាន់ខ្ពស់ទាំងនោះគួរតែ​ត្រូវបានដកហូតឋានៈ និងត្រូវបានបញ្ជូនទៅសមរភូមិជួរមុខដើម្បីចូលប្រយុទ្ធ​ដោយផ្ទាល់ផងដែរ។

គួរជម្រាបដែរថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី លោក Sergei Shoigu ដែលជាមនុស្សជំនិតបំផុតមួយរបស់លោក ពូទីន ត្រូវបានតែងតាំងក្នុងឆ្នាំ ២០១២។

ទោះជាយ៉ាងណា វាមិនច្បាស់ទេថា តើការរិះគន់កំពុងត្រូវបានគិតគួរពិចារណាពីសំណាក់លោក ពូទីន ដោយម្ខាងវាជាបញ្ហានៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងម្ខាងទៀតជាមិត្តយល់ចិត្តថ្លើមនឹងគ្នា ថាគួរតែដកលោក Shoigu ចេញពីដំណែងដោយសារការបរាជ័យយោធារបស់ខ្លួន ឬត្រូវទុកលោកដោយប្រថុយ​នឹងការស្តីបន្ទោសកាន់តែខ្លាំងនោះ។ ទោះយ៉ាងណា​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ីមិន​បាន​ឆ្លើយ​តបនឹង​ការរិះគន់ធ្ងន់ៗនេះទេ។

បន្ថែមពីនេះ អ្នកជាតិនិយមរុស្ស៊ីជាច្រើនបានចេញមុខរិះគន់លោក Shoigu និងឧត្តមសេនីយកំពូលរបស់លោកចំពោះអ្វីៗគ្រប់យ៉ាងដែលបណ្តាលឲ្យបរាជ័យ ចាប់ពីការរៀបចំផែនការច្បាំងមិនល្អ និងការដឹកជញ្ចូនអាវុធយុទ្ធភណ្ឌរាក់កំផែល រហូតដល់យុទ្ធសាស្ត្រសង្គ្រាមហួសសម័យ និងការបាត់បង់ព័ត៌មាន​ក្នុងសមរភូមិជួរមុខជាដើម។

កាលពីសប្តាហ៍មុន ឧត្តមសេនីយចូលនិវត្តន៍ពីរនាក់ដែលបច្ចុប្បន្ន​កំពុងបម្រើការជាសមាជិកនៃរដ្ឋសភាជាន់ទាបរុស្សី (Duma) ក៏បានរិះគន់ដោយចោទប្រកាន់ក្រសួងការពារជាតិពីបទពុករលួយ និងភាពមិនស្មោះត្រង់ផងដែរ៕




អត្ថបទបន្ទាប់


ទស្សនវិស័យសេដ្ឋតំបន់អាស៊ានបូក៣ធ្លាក់ចុះ ខណៈសេដ្ឋកិច្ចចិនត្រូវបន្ទាបការព្យាករណ៍កាន់តែទាប

វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការលំបាកផ្នែកសេដ្ឋកិច្ច ក្តីបារម្ភពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ទំនងក្លាយជាបន្ទុកមួយទៀ…

អាមេរិកជំរុញបង្កើតច្បាប់ដាក់សម្ពាធលើអង្គការ OPEC+ ក្រោយកាត់បន្ថយផលិតកម្មប្រេងជិត២លានបារ៉ែលក្នុងមួយថ្ងៃ

សមាជិកព្រឹទ្ធសភាកំពូលរបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា បានផ្តល់គាំទ្រក្នុងការចេញច្បាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ