អចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande អាចប្រឈមនឹងការរំលាយ


តុលាការក្រុងហុងកុង កាលពីថ្ងៃចន្ទនេះ បានសម្រេចទុកពេលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន អេវើក្រេន (Evergrande Group) រហូតដល់ថ្ងៃទី៤ ខែធ្នូ ដើម្បីរៀបចំផែនការសងបំណុលឡើងវិញ បើមិនដូច្នោះទេក្រុមហ៊ុននេះនឹងត្រូវប្រឈមមុខនឹងការរំលាយចោលជាក់ជាមិនខានឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យ
ដោយ

ក្រុមហ៊ុន អេវើក្រេន ដែលជំពាក់បំណុលគេជាង៣០០ពាន់លានដុល្លាររួមទាំង១៩ពាន់លានដុល្លារនៅក្នុងមូលបត្របំណុលទីផ្សារអន្តរជាតិដែរនោះ បានខកខានសងបំណុលបរទេសនៅចុងឆ្នាំ២០២១ និងបានរងគ្រោះដោយវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ចាប់តាំងពីពេលនោះមក។

ចៅក្រមនៃតុលាការក្រុងហុងកុង គឺលោកស្រី លីនដា ចាន់ (Linda Chan) បាននិយាយកាលពីថ្ងៃចន្ទថា តុលាការក្រុងហុងកុងនឹងទុកពេលលើកចុងក្រោយសម្រាប់ក្រុមហ៊ុន អេវើក្រេន ក្នុងការរៀបចំផែនការសងបំណុលបរទេសឡើងវិញ នៅត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅមុនពេលតុលាការនេះនឹងសម្រេចចិត្តចុងក្រោយចំពោះកាពន្យារពេលនេះ។

លោកស្រី ចាន់ បាននិយាយថា ករណីនេះគួរតែជាឱកាសចុងក្រោយសម្រាប់ក្រុមហ៊ុននេះ ដើម្បីពិនិត្យមើលថាតើវាអាចរៀបចំសំណើរៀបចំរចនាសម្ព័ន្ធឡើងវិញដោយប្រើប្រាស់ភាគហ៊ុនតាមរយៈក្រុមហ៊ុនប្រតិបត្តិការទ្រព្យសកម្មសំខាន់ៗផ្សេងទៀត និងដាក់បញ្ចូលមូលធនទៅក្នុងយានជំនិះ ដែលរៀបចំរចនាសម្ព័ន្ធឡើងវិញបានដែរ ឬក៏យ៉ាងណា។

លោកស្រី ចាន់ បានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះត្រូវតែបង្កើតផែនការឱ្យរឹងមាំមុនពេលសវនាការលើកក្រោយ បើមិនដូច្នេះទេវានឹងត្រូវបានរំលាយជាក់ជាមិនខាន។ ការពន្យារពេលនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចដោះស្រាយកិច្ចព្រមព្រៀង ដែលនឹងផ្តល់ផលចំណេញកាន់តែច្រើនដល់ម្ចាស់បំណុលក្នុងករណីមានការរំលាយចោលមែននោះ។

ក្រុមហ៊ុននេះបានធ្វើការលើសំណើរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរយៈពេលជិត២ឆ្នាំមកហើយ ប៉ុន្តែការចាប់ឃុំខ្លួនភ្លាមៗនូវស្ថាបនិកក្រុមហ៊ុននេះ គឺលោក ហួយ កា យ៉ាន(Hui Ka Yan) សង្ស័យពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្មបានធ្វើឱ្យមានភាពស្មុគស្មាញដល់ផែនការនេះ។

សវនាការកាលពីថ្ងៃចន្ទនោះ គឺជាការពន្យារពេលលើកទី៥ហើយចាប់តាំងពីក្រុមហ៊ុន Top Shine Global ដែលជាម្ចាស់បំណុលនៅក្រៅប្រទេសបានដាក់ពាក្យបណ្ដឹងក្រុមហ៊ុន អេវើក្រេន កាលពីខែមិថុនា ឆ្នាំ២០២២ ហើយក្រុមហ៊ុន អេវើក្រេន បានដាក់ពាក្យសុំការការពារក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែសីហា ប៉ុន្តែដំណើរការទាំងនោះត្រូវបានពន្យារពេល។

ដោយធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិននោះ ក្រុមហ៊ុន អេវើក្រេន កំពុងមានតានតឹងផ្នែកហិរញ្ញវត្ថុដោយសារមានបំណុលកើនឡើងក្នុងពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលការលក់អចលនទ្រព្យធ្លាក់ចុះបានធ្វើឱ្យប៉ះពាល់ដល់សាច់ប្រាក់របស់ខ្លួន បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលចិនទៅលើវិស័យមួយនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF ព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំក្រោយនឹងបន្តធ្លាក់ចុះបន្ថែមទៀត

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងសម្រេចបានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២៤ ខាងមុខកំណើ…

មេធំ WTO ព្រមានពីការបែកខ្ញែកសេដ្ឋកិច្ចរបស់ពិភពលោក និងស្នើឱ្យរក្សាលំហួរពាណិជ្ជកម្មសេរី

ព័ត៌មាន
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី ណូស៊ី អូកុនជោ អ៊ីស្វីឡា ( Ngozi Okonjo-Iweala) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ