ក្រុង​រណប ING City!

ទីក្រុង​រណប ING City របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចាប់​ផ្ដើម​មាន​សន្ទុះ​អភិវឌ្ឍន៍​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ!


ក្រោយ​ពី​សង់​ផ្លូវ​៦០​ម៉ែត្រ ដែល​ជា​សមិទ្ធផល​ដុំ​កំភួន​មួយ​នៃ​គម្រោង​ទីក្រុង​រណប ING City សម្រេច​រួច​រាល់ ការ​អភិវឌ្ឍ​សំណង់​នានា​ឲ្យ​ដូច​នៅ​ក្នុង​ផែនការ​មេ​របស់​ក្រុង​រណប​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​មួយ​នេះ ហាក់​មិន​សូវ​មាន​ការ​ផុស​ផុល​ខ្លាំង​នៅ​ឡើយ​ទេ។ ប៉ុន្ដែ រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា គម្រោង​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​រណប​នេះ បាន​ប្រកាស​សាងសង់​និង​ខ្លះ​ទៀត កំពុង​សាងសង់​ជា​បណ្ដើរៗ​ហើយ។
រូប​ភាព​គំរូ​នៃ​គម្រោង​ទីក្រុង​រណប​ ING City ភាគ​ខាង​ត្បូង​នៃ​រាជ​ធានី​ភ្នំពេញ ជាការ​វិនិយោគ​របស់​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។
ដោយ

ទីក្រុង​រណប ING City ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ និង​មាន​ផ្លូវ​សម្តេច​តេជោ​ហ៊ុន សែន ឬ​ហៅ​ថា ផ្លូវ ៦០​ម៉ែត្រ ពុះ​កាត់​ចំ​កណ្ដាល​នោះ បច្ចុប្បន្ន កំពុង​បង្ហាញ​ពី​សន្ទុះ​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយ​ពី​គម្រោង​ធំៗ​មួយ​ចំនួន បាន​និង​កំពុង​ដាក់​ទិសដៅ​អភិវឌ្ឍ​សាងសង់​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់។

បើតាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បាន​លើក​ឡើង​ថា តំបន់​នេះ​នឹង​ក្លាយ​ជា​បណ្ដុំសំណង់​​លំនៅដ្ឋាន​និង​ពាណិជ្ជកម្ម​ចម្រុះ ដែល​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម ទៅ​ថ្ងៃ​អនាគត។ យ៉ាង​ណា​ក៏​ដោយ ទីក្រុង​រណប​នេះ​ហាក់​នៅ​មាន​ការ​អភិវឌ្ឍ​មិន​សូវ​ផុសផុល​ដូច​ជា​ទីក្រុង​រណប​ផ្សេង​ទៀត ដូចជា ទីក្រុង​រណប​បឹងកក់ និង​ជ្រោយ​ចង្វារ​នៅ​ឡើយ​ទេ។ 

ក្រោយ​ពី​សមទ្ធផល​ធំ​នៃ​ទីក្រុង ING City គឺ​ផ្លូវ ទំហំ ៦០​ម៉ែត្រ បាន​សាងសង់​រួច​រាល់ បច្ចុប្បន្ន ក៏​មាន​គម្រោង​ធំ​មួយ​ចំនួន​បាន​ប្រកាស​សាងសង់ និង​ខ្លះ​ទៀត បាន​និង​កំពុង​សាងសង់​ជា​បន្ត​បន្ទាប់។ ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បាន​សម្ពោធ​បុក​គ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន PH Diamond Place ដោយ​បាន​វិនិយោគ​ប្រមាណ​ ៦០​លាន​ដុល្លារ​អាមេរិក នៅ​លើ​ផ្ទៃ​ដី​ជិត ៦​ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប​ជាង ៦​ម៉ឺន ២​ពាន់​ម៉ែត្រ​ការ៉េ ជាមួយនឹង​ចំណត​ដែល​អាច​ចត​ឡាន​បាន​ចំនួន ២៦០០​គ្រឿង និង​ម៉ូតូ​ចំនួន​ជាង ៩៥០​គ្រឿង ហើយ​គម្រោង​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ។

ផ្សារ​ទំនើប PH Diamond Place ដែល​សង់​លើ​ផ្ទៃ​ដី​ជិត ៦​ហិកតា​នេះ គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​នៃ​គម្រោង​ដ៏​ធំ​របស់​បុរី ប៉េង ហួត នៅក្នុង​ទឹកដី​នៃ​ទីក្រុង​រណប ING City នេះ ខណៈ​ដែល​ទំហំ​ផ្ទៃដី​សរុប មាន​ផ្ទៃដី​ជាង ៤០​ហិកតា​ឯណោះ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ចម្រុះ ដូចជា បុរី​លំនៅដ្ឋាន​ប្រណីតៗ អគារ​ខុនដូ និង​ការិយាល័យ​ខ្ពស់ៗ អគារ​សន្និបាត ពិព័រណ៍ ឬ​សាល​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍ ព្រម​ជាមួយ​នឹង​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​របស់ ប៉េង ហួត គ្រុប ក៏​នឹង​ត្រូវ​សាងសង់​ឡើង​នៅ​ទីតាំង​នោះ​ផងដែរ។

ក្រៅពីនេះ ក៏​មាន​គម្រោង​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន R & F Properties ដែល​បាន​ប្រកាស​សាងសង់​ឡើង​នៅ​លើ​ទីក្រុង​រណប​ភាគ​ខាង​ត្បូង​មួយ​នេះ​ផង​ដែរ ដោយ​គម្រោង​នេះ​ចំណាយ​ទុន​ប្រមាណ ៧០០​លាន​ដុល្លារ​អាមេរិក សាងសង់​បុរី​លំនៅដ្ឋាន និង​អគារ​ខ្ពស់ នៅលើ​ផ្ទៃដី​សរុប​ជាង ៧​ហិកតា។ 

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា តំបន់​ទីក្រុង​រណប ING City នេះ គឺ​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង ក្នុង​ការ​សាងសង់​លំនៅ​ដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម ទៅ​ថ្ងៃ​អនាគត។ ទោះយ៉ាង​ណា ឯកឧត្តម​កត់​សម្គាល់​ឃើញ​ថា ការ​លូតលាស់​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នេះ ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​គម្រោង​ភាគច្រើន​មាន​តែ​ក្នុង​គំនូរ​រូបភាព តែ​មិន​ទាន់​ឃើញ​សាងសង់​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។

ឯកឧត្តម​មាន​ប្រសាសន៍​ថា “តំបន់​នេះ​គឺ​ជា​តំបន់​មួយ ដែល​លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជា​អ្នក​រៀបចំ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​ដែល​ជា​ដុំ​កំភួន​នោះ គឺ​ផ្លូវ ៦០​ម៉ែត្រ ហើយ​ការ​អភិវឌ្ឍ​ផ្លូវ​នេះ​ទៀត​សោត គឺ​ធ្វើឡើង​លក្ខណៈ​បដិភាគ មាន​ន័យ​ថា អភិវឌ្ឍ​ឆ្លង​កាត់​ដី​នរណា បដិភាគ​កន្លែង​ហ្នឹង ហើយ​ការ​អភិវឌ្ឍ​នេះ តាំងពី​ជំនាន់​អភិបាល​ក្រុង​ឯកឧត្តម ប៉ា សុជាតិវង្ស មក​ម្ល៉េះ ដោយ​មាន​ការ​ពិភាក្សា​គ្នា​រវាង​ខេត្ត​កណ្ដាល និង​រាជ​ធានី​ភ្នំពេញ។ ឥឡូវ​នេះ អត់​ទាន់​ក្លាយ​ទៅ​ជា​ការ​ពិត ដូច​គម្រោង​នៅ​ឡើយ”។ 

សូម​ជម្រាប​ដែរ​ថា បច្ចុប្បន្ន រាជ​ធានី​ភ្នំពេញ មាន​ទីក្រុង​រណប​ធំៗ​ចំនួន​៧ ដែល​បាន​និង​កំពុង​សាងសង់​ទៅ​តាម​ដំណាក់កាល​នៃ​ផែនការ​មេ​របស់​ខ្លួន។ អ្នក​ជំនាញ​អចលនទ្រព្យ​បាន​មើល​ឃើញ​ថា នៅ​ត្រឹម​ឆ្នាំ​២០២០ រាជ​ធានី​ភ្នំពេញ​អាច​នឹង​ផ្លាស់​ប្តូរ​មុខ​មាត់​យ៉ាង​ខ្លាំង​ដោយសារ​ទីក្រុង​រណប​ចំនួន ៧ ដែល​ស្ថិត​នៅ​ជាប់​នោះ ក្រោយ​ពី​គម្រោង​ធំៗ​ជាច្រើន​ត្រូវ​បាន​សាង់សង់​រួច​រាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាហ្វេ Franchise ពី​ថៃ បុក​ចូល​ទីផ្សារ​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់

ព័ត៌មាន
នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និន្នាការ​នៃ​ការ​ទិញ​សិទ្ធិ​ធុរកិច្ច​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើង​​គួរ​​ឲ្…

ឆ្នាំ២០២០ ទំហំ​ពាណិជ្ជកម្ម​វៀតណាម​និង​កូរ៉េ​ខាង​ត្បូង នឹង​កើន​ដល់​១០០​ពាន់​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
គិត​ត្រឹម​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ជំនួស​តំណែង​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រទេស​ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ