លោកឧកញ៉ាបានបន្តថា សព្វថ្ងៃ គ្លីនិកទាំង៧ មិនទាន់ទទួលព្យាបាលអតិថិជនទូទៅនៅឡើយ គឺព្យាបាលតែបុគ្គលិកនិងសិស្សរបស់ខ្លួនតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកឧកញ៉ាចិត្តធម៌រូបនេះ បានទទួលព្យាបាលអ្នកជំងឺក្រីក្រ ដែលគ្មានលទ្ធភាពព្យាបាលជំងឺនៅខាងក្រៅផងដែរ។
លោឧកញ៉ា បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំទទួលភាគច្រើនជាអ្នកក្រ ដែលមិនស្គាល់ភ្នំពេញ ហើយមានជំងឺ ខ្ញុំបញ្ជូនស្ងាត់ៗតាមរយៈមូលនិធិខ្ញុំ ដើម្បីទៅព្យាបាលនៅគ្លីនិក។ ខ្ញុំចំណាយប្រាក់សម្រាប់ពួកគេពី ១៨ ទៅ ២០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ វាជាបន្ទុកធ្ងន់ណាស់ តែអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំត្រូវតែបរិច្ចាគ ដើម្បីជួយអ្នកក្រីក្រ»។
លោកឧកញ៉ាបន្តថា ប្រសិនបើមានអ្នកក្រីក្រមានជំងឺ ហើយគ្មានលទ្ធភាពព្យាបាលនៅខាងក្រៅ អាចបញ្ជូនមកតាមមូលនិធិរបស់លោក ដើម្បីទទួលបានការព្យាបាលដោយមិនគិតថ្លៃ។
លោកឧកញ៉ា គួច ម៉េងលី ត្រូវបានមហាជនស្គាល់ជាទូទៅថា ជាឧកញ៉ាម្នាក់ដែលចូលចិត្តចែករំលែកគំនិតអាជីវកម្ម ឬសីលធម៌សង្គម ទៅកាន់មហាជន និងចូលចិត្តជួយអ្នកដទៃតាមលទ្ធភាពរបស់ខ្លួន។ លោកជនជាតិខ្មែរសញ្ជាតិអាមេរិក និងបានធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញជាលើកដំបូង នៅឆ្នាំ២០០២ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្តនៅស្រុកឆ្លូង ខេត្តក្រចេះ។
ដោយស្រលាញ់ប្រទេសកំណើត លោកក៏បានសម្រេចចិត្តត្រលប់មករស់នៅស្រុកខ្មែរវិញ និងបានបោះទុនវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។ សព្វថ្ងៃ លោកវេជ្ជបណ្ឌិតមានសាលារៀន អន្តរទ្វីបអាមេរិកាំង (AIS) និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ដែលផ្ដល់ការបង្រៀនដល់សិស្ស ១២.០០០នាក់ និងមានបុគ្គលិកសិក្សាជាង ១ពាន់នាក់។
ក្នុងវិស័យសុខាភិបាល លោកវេជ្ជបណ្ឌិត គួច ម៉េងលី វិនិយោគលើការបង្កើតនិងដំណើរការគ្លីនិកចំនួន ៧។ ក្រៅពីកិច្ចការជំនួញ លោកឧកញ៉ាបានបរិច្ចាគថវិកាជាច្រើនដើម្បីសង់សាលារៀន បង្កើតមូលនិធិជួយអ្នកក្រីក្រ និងចូលរួមកិច្ចការសង្គមជាច្រើន។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងថា៖ «ខ្ញុំជាមនុស្សចូលចិត្តធ្វើទាន អត់ចូលចិត្តធ្វើបុណ្យទេ ព្រោះធ្វើបុណ្យដើម្បីឲ្យមានសម្ផស្ស មានបាន និងបានធំដុំនៅជាតិក្រោយ វាមើលអត់ឃើញ មិនដឹងជាតិក្រោយយើងកើតជាជន្លេន កណ្តុរ ឬអត់ចាប់ជាតិក៏មិនដឹង។ ដូច្នេះ ខ្ញុំចូលចិត្តធ្វើទាន ដែលឃើញភ្លាមៗ ដូចជា ឃើញគេឃ្លាន យើងឲ្យបាយគេញ៉ាំ ឃើញគេរងារ យើងឲ្យអាវពាក់ ឃើញគេអត់ការងារ យើងឲ្យការងារធ្វើ ព្រោះវាឃើញនឹងភ្នែក វាពិតជាស័ក្តិសិទ្ធមែន»៕