Advertisement
កិច្ច​ព្រមព្រៀង​ប្រេងកាត

តំណក់​ប្រេង​ដំបូង​​នឹង​ជំរុញ​ឲ្យ​កម្ពុជា​​​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី?


អ្វីៗ​ទើប​តែ​បាន​ឈាន​មក​ដល់​ចំណុច​ចុង​បញ្ចប់​នៃ​កញ្ចប់​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ប្លុក អេ ក្នុង​ដែន​សមុទ្រ​កម្ពុជា​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​ច្រើន​មក​ហើយ ក្នុង​ការ​ខិត​ខំ​ចរចា​យ៉ាង​ស្វិត​ស្វាញ​បំផុត រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍ​អណ្តូង​ប្រេង​នៅ​កម្ពុជា ឈ្មោះ​ KrisEnergy ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​សិង្ហ​បុរី។
កម្ពុជា​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​រុករក​ប្រេង KrisEnergy ដើម្បី​បើក​ផ្លូវ​ដល់​ការ​ទាញ​យក​ធនធាន​ប្រេង​កាត​ពី​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា។
ដោយ
Advertisement

កិច្ច​ព្រមព្រៀង​សារ​ពើ​ពន្ធ​និង​កិច្ច​ព្រមព្រៀង​បច្ចេកទេស​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​​រាជ​រដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​​រ៉ែ​និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ជាមួយ​នឹង​ក្រុមហ៊ុន KrisEnergy ​ដើម្បី​បើក​ផ្លូវ​​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើ​ការ​អភិវឌ្ឍ​និង​ទាញ​យក​ប្រេង​ពី Block A ដែល​ជា​ប្លុក​ប្រេង​កាត​ជាតិ​របស់​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ចុះ អ្វីៗ​ទើប​តែ​ចាប់​ផ្តើម​នៅ​ឡើយ​ទេ សម្រាប់​ដំណើរការ​ទាញ​យក​ប្រេង​កាត​ពី​ប្លុក អេ កម្ពុជា។ ទាំង​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​កម្ពុជា​សុទ្ធ​តែ​បាន​សច្ចា​តាំង​ចិត្ត​យ៉ាង​មុតមាំ​ជាក់លាក់​ហើយ​ម្តង​នេះ ថា​នឹង​យក​តំណក់​ប្រេង​ជា​លើក​ដំបូង​បង្អស់​ជូន​ដល់​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ២៤​ខែ​ខាង​មុខ​ទៀត ពោល​ក្នុង​អំឡុង​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០។

បើ​សិន​ជា​អ្វីៗ​ដើរ​ទៅ​តាម​ផែនការ​ជាក់​លាក់​ទាំង​អស់​ខាង​លើ​នេះ​មែន នោះ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ​មុខ​មាត់​កាន់​តែ​ស្រស់​បំព្រង​ជាមួយ​នឹង​កំណប់​ទ្រព្យ​ដ៏​មហា​សាល ដែល​ប្រជាជន​កម្ពុជា​ទន្ទឹង​រង់ចាំ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

កម្ពុជា​និង​ក្រុមហ៊ុន KrisEnergy មក​ពី​សិង្ហ​បុរី​ ចុះ​កិច្ច​ព្រមព្រៀង​បើក​ផ្លូវ​ការរុករក​និង​ទាញ​យក​ប្រេង​ក្នុង​សមុទ្រ​កម្ពុជា។

ទាំង​ខាង​រដ្ឋាភិបាល​កម្ពុជា និងទាំង​អ្នក​ជំនាញ​សេដ្ឋកិច្ច​សុទ្ធតែ​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា ជាមួយ​នឹង​ក្តី​រំពឹង​ខ្ពស់​ពី​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​អណ្តូង​ប្រេង​កម្ពុជា ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន ថា​នឹង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​កាន់​តែ​រីក​លូត​លាស់​ខ្លាំង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា «ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ី»។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ អូន ព័ន្ធ​មុនីរត្ន័ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​បញ្ជាក់​ថា យើង​សង្ឃឹម​ថា ក្រុមហ៊ុន​នឹង​ដំណើរការ​រលូន​ជោគជ័យ​ក្នុង​ដំណាក់​កាល​ទី១ នៃ​ប្លុក អេ និង​បើក​ផ្លូវ​ពន្លឿន​សន្ទុះ​សម្រាប់​ផែនការ​ស្វែង​រុក​រក វាយ​តម្លៃ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​វិស័យ​ប្រេងកាត​នៅ​ដំណាក់​កាល​ទី២ និង​ទី៣ នៅ​ប្លុក អេ ទាំង​មូល និង​រៀបចំ​ចរចា​កិច្ច​ព្រមព្រៀង​ប្លុក​ផ្សេងៗ​ទៀត។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ បន្តថា ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ដ៏​ធំ​នៅ​ក្នុង​វិស័យ​ប្រេង​កាត​នេះ ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី។ ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​ ក៏​ដោយសារ​​មាន​ការ​ចូលរួម​ចំណែក​ពី​ការ​ជឿទុក​ចិត្ត​របស់​វិនិយោគិន​មក​លើ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​បរិស្ថាន​វិនិយោគ​អំណោយ​ផល​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

ទស្សនាវីដេអូ អំពីធនធាន​ប្រេងកាត នៅ​ប្លុក A ក្នុង​ដែន​សមុទ្រ​កម្ពុជា

Advertisement

តើ​កម្ពុជា​អាច​នឹង​បញ្ជៀស​នូវ​បណ្តាសា​ធនធាន​ប្រេង និង​ជំងឺ​ហូឡង់ ដែរ​​ឬ​​ទេ?

ឆ្លើយតប​ទៅ​នឹង​សំណួរ​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ថា កម្ពុជា​មាន​ទិសដៅ​ច្បាស់​លាស់​ហើយ គឺ​មិន​បណ្តែត​បណ្តោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ចំណូល​ប្រេង​​និង​ឧស្ម័ន ជា​ចរន្ត​ដង្ហើម​ស្លាប់​រស់​នៃ​សេដ្ឋកិច្ច​ទេ ប៉ុន្តែ នឹង​ប្រើ​ប្រាស់​ចំណូល​នេះ រួម​ចំណែក​ក្នុង​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​ធានា​ចីរភាព​កំណើន​ក្នុង​រយៈ​ពេល​មធ្យម​និង​វែង។ 

ឯកឧត្តម​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ទាំង​ក្នុង​ក្រប​ខណ្ឌ​ធនធាន​មនុស្ស ស្ថាប័ន និង​គោល​នយោបាយ ដើម្បី​បញ្ចៀស​នូវ​បណ្តាសា​ធនធាន​ធម្មជាតិ និង​ជំងឺ​ហូឡង់ ដោយ​បាន​សិក្សា​ពី​បទ​ពិសោធន៍​ជូរ​ចត់​កន្លង​មក​របស់​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន​នៅ​លើ​ពិភពលោក និង​បាន​គិតគូរ​រួច​ជា​ស្រេច ដើម្បី​ប្រែ​ក្លាយ​ចំណូល​ប្រេង​ឲ្យ​ទៅ​ជា​កាតាលីករ​ពិត​ប្រាកដ​មួយ ក្នុង​ការ​អភិវឌ្ឍ​ពិពិធកម្ម និង​ទំនើប​កម្ម​សេដ្ឋកិច្ច ដែល​មាន​វិស័យ​ឧស្សាហកម្ម​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

Advertisement

កម្ពុជា​ទទួល​បាន​ចំណែក​ភាគហ៊ុន​ប៉ុន្មាន​ភាគរយ​ពី​ការ​ទាញ​យក​ផល​អណ្តូង​ប្រេង​នេះ?

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល បាន​មាន​ប្រសាសន៍​ថា ក្រសួង​រ៉ែ​និង​ថាមពល​កំពុង​រៀបចំ​ជំរុញ​រៀបចំ​បញ្ចប់​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង់​ប្រេង​កាត និង​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត​ដើម្បី​ធានា​ដល់​បរិស្ថាន​វិនិយោគ និង​ភាព​ច្បាស់​លាស់​ក្នុង​ការ​ដាក់​ទុក​វិនិយោគ​ផង​ដែរ។

ឯកឧត្តម ស៊ុយ សែម បាន​បន្ថែម​ថា តាម​រយៈ​កិច្ច​ព្រមព្រៀង​ក្នុង​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ក្នុង​ប្លុក​ A និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផលិតកម្ម​លើក​ទី១​របស់​ខ្លួន គឺ​ជំហាន​ទី​១A និង​ទី​1B ដែល​មាន​រយៈពេល​ផលិតកម្ម​ចំនួន​៩​ឆ្នាំ និង​មាន​សក្តានុពល​ផលិត​ប្រេង​ឆៅ​ប្រមាណ ៣០​លាន​បារ៉ែល។

លោក Kelvin Tang  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KrisEnergy គ្រុប និង​ជា​ប្រធាន​ក្រុមហ៊ុន KrisEnergy នៅ​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ដោយ​ប្រែ​ក្លាយ​កំណប់​ក្រោម​សមុទ្រ​ទៅ​ជា​ប្រាក់​សម្រាប់​រដ្ឋាភិបាល​យក​ទៅ​អភិវឌ្ឍ​តាម​តម្រូវការ​របស់​ខ្លួន។

Advertisement

លោក​បន្ថែម​ថា តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​បាន​ភាគហ៊ុន ៥% ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ចំណូល​មិន​មែន​សារពើ​ពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។

ចំណែក​ឯ​ក្រុមហ៊ុន KrisEnergy កាន់កាប់​ភាគ​ហ៊ុន ៩៥%។ ក្រៅពី​ចំណូល​ពី​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​លើ​ភាគហ៊ុន ៥% កម្ពុជា​អាច​ទទួល​បាន​ចំណូល​ពន្ធ និង​សួយសារ​អាករ​ផ្សេងៗ ដូចជា ពន្ធ​លើ​ប្រាក់​ចំណូល​ប្រមាណ ២៥% ពន្ធ​លើ​ប្រាក់​ចំណូល​លើស​កម្រិត ពន្ធ​លើ​ការ​នាំចេញ​ ២% ពន្ធ​កាត់​ទុក​លើ​ការ​ទូទាត់​ភាគ​លាភ​ជាដើម។

លោក​បាន​បញ្ជាក់​អះអាង​ទៀត​ថា តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ បើ​ទោះ​ជា​តម្លៃ​ប្រេង​កាត​ប្រែប្រួល​យ៉ាង​ណា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នេះ​ ក៏​ក្រុមហ៊ុន​របស់​លោក​នឹង​ធ្វើការ​ទាញ​យក​ប្រេង​កាត​តាម​អ្វី​បាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។

Advertisement

សូម​បញ្ជាក់​ថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ក្នុង Block A រួម​មាន កិច្ច​ព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ គឺ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម និង​ការ​ចែង​ឡើង​វិញ​នៃ​កិច្ច​ព្រមព្រៀង​ប្រេងកាត​ចុះ​ថ្ងៃទី​១៨ មីនា ឆ្នាំ​២០០២ កិច្ច​ព្រមព្រៀង​ប្រេងកាត​ប្លុក A ក្រោយ​ធ្វើ​វិសោធនកម្ម​រួច និង​ការ​ចែង​ឡើង​វិញ​នូវ​កិច្ច​ព្រមព្រៀង​ប្រគល់​ផ្ទៃ​ក្រឡា​​សង​វិញ វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ប្រតិបត្តិការ​រួម​គ្នា កិច្ច​ប្រតិបត្តិការ​ប្រគល់​សិទ្ធិ និង​ទទួល​កាតព្វកិច្ច និង​លិខិត​អនុញ្ញាត​ផលិត​កម្ម​លើក​ទី១។

ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន KrisEnergy នេះ បាន​គ្រប់គ្រង​ភាគហ៊ុន​ទាំង​មូល​លើ Block បន្ទាប់​ពី​បាន​ទិញ​ភាគហ៊ុន​ទាំង​ស្រុង​ពី​ក្រុមហ៊ុន Chevron កាល​ពី​ឆ្នាំ​២០១៣ និង​បាន​ទិញ​ភាគហ៊ុន Mitsui Oil Exploration Co. Ltd និង GS Energy Corporation កាល​ពី​ឆ្នាំ​មុន។

តំបន់​កិច្ច​សន្យា​ប្លុក A នេះ មាន​ទំហំ​ប្រមាណ​ជាង ៣​ពាន់​គីឡូម៉ែត្រ​ក្រឡា​ដែល​ស្ថិត​ក្នុង​អាង​សមុទ្រ​ខ្មែរ ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ដែល​មាន​ជម្រៅ​ទឹក​ពី​ប្រមាណ​ ៥០ ទៅ ៨០ ម៉ែត្រ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា គួច ម៉េងលី បរិច្ចាគ​​ប្រមាណ​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ព្យាបាល​អ្នក​ក្រីក្រ

ព័ត៌មាន
លោក​ឧកញ៉ា គួច ម៉េងលី ស្ថាបនិក​ក្រុមហ៊ុន Mengly J. Quach Education ដែល​វិនិយោគ​លើ​សាលា​ចំណេះ​ដឹង​ទូទៅ និង​ជា​ឧកញ៉ា​ចិត្ត​ធម៌​ដ...

អាមេរិក​ដាក់ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​៤ រួមទាំង​កម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល​អាមេរិក ក្រោម​ការដឹកនាំ​របស់​​លោក ដូណាល់ ត្រាំ នឹង​ដាក់​ទណ្ឌកម្ម​«ទិដ្ឋាការ»​លើ​ប្រទេស​ ៤ ដែល​ប្រកែក​មិន​ព្រមទទួលយក​​ពលរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ