សំណង់អគារ

សម្តេចធិបតី ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យគុណភាពអគារចាស់ៗ និងស្តង់ដាសាងសង់អគារ


ក្រោយប្រទេសថៃ និងមីយ៉ាន់ម៉ា រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៧,៧ រ៉ិចទ័រ ដែលបណ្តាលឱ្យបាក់រលំអគារ និងសម្លាប់មនុស្សជាច្រើននាក់ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើការរៀបចំស្តង់ដាគុណភាពសំណង់ ជាពិសេសសំណង់អគារខ្ពស់ៗ ដើម្បីបង្ការហានិភ័យណាមួយ ដែលអាចកើតមានឡើងដោយសារបញ្ហាសំណង់អគារមិនរឹងមាំ។ អ្នកជំនាញបានចាត់ទុកការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះ គឺជាសារដាស់តឿនដ៏សំខាន់មួយ ដើម្បីលើកម្ពស់វិស័យសំណង់នៅកម្ពុជា។
សំណង់អគារ
ដោយ

នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ក្រុមហ៊ុនសាងសង់ទាំងអស់ កុំដើម្បីតែផលចំណេញតិចតួចបែរជាកាត់បន្ថយគុណភាពសំណង់ឱ្យសោះ ដ្បិតអាចបង្កឱ្យមានគ្រោះថ្នាក់ដោយសារសំណង់អគារមិនរឹងមាំ។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឱ្យបានហ្មត់ចត់លើការរៀបចំស្តង់ដាសំណង់ ជាពិសេសសំណង់អគារខ្ពស់ៗ ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដែលបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា និងថៃ ដែលបានបង្កឱ្យមានការដួលរលំអគារ និងសម្លាប់មនុស្សជាច្រើនរូប។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាត់ទុកការជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការត្រួតពិនិត្យគុណភាព និងស្តង់ដាសាងសង់អគាររបស់ប្រជាមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាសារដាស់តឿន និងជាកត្តាជំរុញមួយក្នុងការជួយការពារ និងធានាគុណភាពសំណង់អគារនៅកម្ពុជា ក៏ដូចជាជួយបញ្ចៀសហានិភ័យផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ បើតាមអ្នកជំនាញរូបនេះ ការជំរុញឱ្យមានការគិតគូរលើការលើកកម្ពស់ស្តង់ដាគុណភាពអគារនេះ ក៏ជាកត្តាសំខាន់មួយក្នុងការទាក់ទាញការវិនិយោគិននានា មកកាន់ប្រទេសកម្ពុជា ផងដែរ។

​ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា ការក្រើនរម្លឹករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យលើកកម្ពស់ស្តង់ដា​គុណភាពសំណង់នេះ ពិតជា​សំខាន់ខ្លាំងណាស់សម្រាប់វិស័យសំណង់នៅកម្ពុជា។ ទន្ទឹមនេះ លោក ស្នើឱ្យក្រសួងពាក់ព័ន្ធគួរមានយន្តការរួមមួយក្នុងការកំណត់ស្តង់ដា​គុណភាពសំណង់ ដ្បិតថា បច្ចុប្បន្នមានការប្រើប្រាស់ស្តង់ដា​ច្រើនខុសៗគ្នានៅក្នុងវិស័យនេះ។

​គួរជម្រាបថា ទោះបីជាគ្រោះរញ្ជួយដីនៅកម្ពុជា អាចកើតមានក្នុងលទ្ធភាពទាបក៏ដោយ តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់ក្រសួងស្ថាប័នជំនាញអាជ្ញាធរពាក់ព័ន្ធ ត្រូវគិតគូត្រួតពិនិត្យមើលលើគុណភាពសំណង់របស់អគារចាស់ៗនៅទីក្រុងភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ដោយប្រការណាមួយ៕




អត្ថបទបន្ទាប់


ទីបំផុត រថយន្ដទំនើបម៉ាក LYNK & CO ត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជា ជាផ្លូវការហើយ!

ដូចផែនការដែលបានរៀបចំទុក នៅទីបំផុត រថយន្ដទំនើបម៉ាក LYNK & CO ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា ជាផ្លូវការហើយ ក្រោយពេលដែល ក្រុមហ៊ុន …

តម្លៃត្រីចិញ្ចឹមក្នុងស្រុកហាក់មានការធ្លាក់ចុះនៅដើមឆ្នាំនេះ តើមកពីមូលហេតុអ្វី?

តម្លៃត្រីចិញ្ចឹមនៅកម្ពុជា បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ២០២៥ មក បន្ទាប់ពីបានកើនឡើងខ្ពស់នៅចុងឆ្នាំ២០២៤ កន្លងទៅ បើទោះបីទិន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ