
រដ្ឋាភិបាលចិន កំពុងខិតខំធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% នៅឆ្នាំ២០២៥ តាមរយៈការបន្តជំរុញកំណើនការប្រើប្រាស់ក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។ នេះបើតាមការអះអាងរបស់លោក លី ឈាំង នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកបានបន្ថែមថា ចិននឹងរក្សាភាពស្ងប់ស្ងាត់ និងឆ្លើយតបយ៉ាងសកម្មចំពោះភាពមិនច្បាស់លាស់ផ្សេងៗពាក់ព័ន្ធនឹងបរិយាកាសខាងក្រៅដ៏តឹងតែង និងមានភាពស្មុគស្មាញ។
ការពន្យារពេលអនុវត្តពន្ធពាណិជ្ជកម្មទៅវិញទៅមករវាងអាម៉េរិក និងចិន ចំនួន៩០ថ្ងៃបន្ថែមទៀត បានជួយឱ្យចិន អាចគេចផុតពីក្រញ៉ាំពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញចិន ចំនួន ១៤៥% បានមួយរយៈទៀត ហើយការពន្យារពេលនេះក៏បានជំរុញការនាំចេញរបស់ចិន ទៅកាន់ទីផ្សារអាម៉េរិក ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញរបស់ក្រុមហ៊ុនចិន នៅតែបន្តរងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការក្នុងស្រុក និងវិបត្តិអប្បផរណា ឬតម្លៃទំនិញមានការធ្លាក់ចុះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោក លី ឈាំង បានលើកឡើងថា ចិន ត្រូវការពង្រឹងការប្រើប្រាស់ក្នុងស្រុកតាមរយៈការសម្អាតវិធានការរឹតត្បិត និងការពន្លឿនកំណើនក្នុងវិស័យថ្មីៗដូចជាសេវាកម្មជាដើម។
សម្រាប់លោក លី ចិន គួរតែអនុម័តវិធានការមួយចំនួន ដើម្បីពង្រឹងស្ថិរភាពទីផ្សារលំនៅឋាន ដែលកំពុងដាំក្បាលចុះ ហើយចិននឹងខិតខំប្រឹងប្រែងឱ្យបានច្រើនជាងនេះទៀតដើម្បីរក្សាស្ថិរភាពការងារ ធានាដល់ជីវភាពរស់នៅរបស់ប្រជាជន និងធានាស្ថិរភាពសង្គម៕
ដោយ៖ សុខ មង្គល