អចលនទ្រព្យ

លោក សន សៀប សុំគេធ្វើការអត់យកប្រាក់ខែ រហូតក្លាយជា CEO ក្រុមហ៊ុនអចលនទ្រព្យ


ខណៈវិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងនៅកម្ពុជា មានអ្នកមានមិនតិចទេ ដែលមានបានដោយសារវិស័យមួយនេះ។
លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ( រូបថត៖ ហេង ភិរម្យ)
ដោយ

ដូចគ្នាដែរ លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ដែលផ្តល់សេវាវាយតម្លៃអចលនទ្រព្យ សេវាទិញលក់ និងជួលអចលនទ្រព្យ សេវាធ្វើទីផ្សារលក់គម្រោងអចលនទ្រព្យ បានពន្យល់ថា ការវាយតម្លៃអចលនទ្រព្យ គឺគេវាយតម្លៃលើដី សណ្ឋាគារ តំបន់កោះ រោងចក្រ… ថាតើវាមានតម្លៃប៉ុន្មាន? ការវាយតម្លៃអចលនទ្រព្យ គឺមានពីរវិធី ទីមួយ គឺវិធីវិទ្យាសាស្រ្ត ដោយមាន៥រូបមន្ត ដូចជា ៖ រូបមន្តប្រៀបធៀប រូបមន្តថ្លៃដើម រូបមន្តចំណូល រូបមន្តប្រាក់ចំណេញ និងរូបមន្តអភិវឌ្ឍន៍។ ទីពីរ គឺសិល្បៈ(Art) ដែលសំដៅលើបទពិសោធន៍ការងារ និងសុឆន្ទៈក្នុងការវិនិច្ឆ័យ។

ទីផ្សារហិរញ្ញវត្ថុ គេត្រូវការវាយតម្លៃអចលនទ្រព្យឲ្យបានដឹងតម្លៃដី អាគារ… មុនសម្រេចចិត្តលក់ ឬទិញអចលនទ្រព្យនោះ។ នេះជាការបញ្ជាក់របស់អ្នកជំនាញអចលនទ្រព្យជាង១ទសវត្សរ៍ខាងលើ ដោយបន្តថា ការវាយតម្លៃអចលនទ្រព្យដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺទាមទារអ្នកធ្វើការងារនេះ មានចំណេះដឹងច្រើន និងមានព័ត៌មានច្រើនស្តីពីអចលនទ្រព្យ និងមានឯកសារយោងដែលមានប្រភពច្បាស់លាស់ និងទុកចិត្តបាន ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវសម្រាប់អតិថិជនដែលមករកសេវា។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សេវាវាយតម្លៃអចលនទ្រព្យ មិនខុសពីពេទ្យនោះទេ។ មុនចាក់ថ្នាំ យើងក៏ឆ្ងល់ដែរ តើពេទ្យពូកែឬអត់? ទាល់តែគាត់ព្យាបាលរួច បានយើងដឹងថា ពូកែ។ យើងដូចគ្នា ទាល់តែ វាយតម្លៃចលនទ្រព្យរួច វាយតម្លៃសព្វគ្រប់ និងបង្ហាញឯកសារគ្រប់គ្រាន់ ទើបលទ្ធផលចេញមក បានដឹងថា អូ អីចឹងមែន!»។     

តើលោក សន សៀប ចាប់ផ្តើមជំនួញអចលនទ្រព្យដោយរបៀបណា?

តាមពិតទៅ លោក សន សៀប គឺជាកូនកសិករម្នាក់ស្ថិតនៅខេត្តព្រៃវែង ដែលអូសជើងយ៉ាងស្វិតស្វាញ មកជាន់ទឹកដីរាជធានីភ្នំពេញ ដើម្បីសិក្សារៀនសូត្រ និងស្វែងរកឱកាសការងារ។  អតីតនិស្សិតជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះ បានប្រាប់ខេម​បូណូមីស​ថា៖ «ពេលខ្ញុំកំពុងរៀន បរិញ្ញាបត្រក្នុងឆ្នាំទី៣ខ្ញុំបានរៀនពីសហគ្រិនភាព និងធ្វើកិច្ចការសាលាមួយទាក់ទងនឹងចលនទ្រព្យ ហើយអ្វីដែលចាប់អារម្មណ៍ គឺទឹកលុយ។ គេចាប់ផ្តើមក្រុមហ៊ុនអចលនទ្រព្យពីទឹកលុយ៥ពាន់ដុល្លារ រយៈពេល៥ឆ្នាំ ឡើងដល់៥លាន។ ដូច្នេះ ខ្ញុំក៏ចង់មានបាន ដូចគេដែរ។ ហេតុនេះហើយ ខ្ញុំចាប់អារម្មណ៍ និងចាប់ផ្តើមគិតគូមើលថា អាហ្នឹងស្អីគេ? ត្រូវការអ្វីខ្លះ ដើម្បីចាប់យកអាជីពនេះបាន?»។

លោកបន្តថា៖ «ពេលនោះ ខ្ញុំក៏រៀបចំផែនការជាច្រើនជំហាន។ ជំហានដំបូង ខ្ញុំដើររកការងារផ្នែកចលនទ្រព្យឲ្យបាន ទោះអត់ប្រាក់ខែក៏ដោយ ព្រោះ កាលនោះ នៅស្រុកយើងអត់មានសាលារៀនចលនទ្រព្យទេ។ ដូច្នេះ ខ្ញុំបានធ្វើការងារផ្នែកហ្នឹងទាំងក្រុមហ៊ុនក្នុងស្រុក និង ធ្វើការនៅប្រទេស​ម៉ាឡេស៊ី ដែលជាឱកាសស្វែងយល់ពីការងារអចលនទ្រព្យ។ ប្រធានក្រុមហ៊ុនបានផ្តល់ទំនុកចិត្ត និង ផ្តល់ការងារច្រើន ព្រោះ គេធ្វើការ​៨ម៉ោង ខ្ញុំធ្វើ១២ម៉ោង ដើម្បីរៀនសូត្រ។ ម្ចាស់ក្រុមហ៊ុន គាត់មកពីក្រៅស្រុក យើងមកពីតាមខេត្ត។ ដូច្នេះ សមត្ថភាពខុសគ្នាឆ្ងាយ យើងបាន  ធ្វើការជាមួយគាត់ អ៊ីចឹងហើយសម្ពាធមានច្រើន ប៉ុន្តែ ខ្ញុំទទួលបាន ព្រោះ ខ្ញុំតែគិតថា ពេលខ្ញុំធ្វើការ មានសម្ពាធកាន់តែធំ ខ្ញុំទប់បានកាន់តែច្រើន ខ្ញុំកាន់តែរឹងមាំ»។

បន្ទាប់ពីបានចាប់ផ្តើមការងារក្នុងក្រុមហ៊ុនអចលនទ្រព្យរយៈពេល៥ឆ្នាំ លោកមានបទពិសោធន៍សមល្មម និងទុនតិចតួច ក៏បានបង្កើតក្រុមហ៊ុនជាមួយស្ថាបនិកជំនាញអចលនទ្រព្យ២នាក់ទៀតនៅក្នុងឆ្នាំ២០១០។ ចាប់ផ្តើមពីស្ថាបនិក៣នាក់ និងប្រើដើមទុន២ម៉ឺនដុល្លារ បច្ចុប្បន្ន Key Real Estate  ទទួលអតិថិជនជាង២ពាន់ករណីក្នុងមួយឆ្នាំ មានបុគ្គលិក៥០នាក់ និង មានសាខានៅភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប និងគ្រោងពង្រីកសាខានៅខេត្តព្រះហនុនៅឆ្នាំក្រោយនេះ៕  

None



អត្ថបទបន្ទាប់


សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​និយាយ​ថា ទណ្ឌកម្ម​ណា​មួយ​គឺ​មិន​ចំណេញ​សម្រាប់​ប្រទេស​ជាតិ​ទេ

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជា​ (EuroCham Cambodia) បាន​និយាយ​ថា ទណ្ឌកម្ម​ពាណិជ្ជកម្ម​ណា​មួយ​ដែល​អាច​នឹង​កើត​ឡើង វា​មិន​ចំណេញ​សម្រ…

ក្មេងៗអាយុ១៥ ទៅ២២ឆ្នាំនៅវៀតណាម រកលុយបានតិច តែចាយលុយច្រើនលើការញ៉ាំចំណីក្រៅផ្ទះ

យុវជនវ័យក្មេងវៀតណាម ដែលមានវ័យចន្លោះពី១៥ឆ្នាំ ដល់២២ឆ្នាំ ត្រូវបានការស្រាវជ្រាវមួយរកឃើញថា មានការចាយវាយធំលើការហូបចុកនំចំណីនៅក្រៅផ្ទះ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ