ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ចបានដកហូតវត្ថុតាងនានា ជាអាទិ៍៖ ទូរស័ព្ទដៃចំនួន ១ ៥៩៥ គ្រឿង, កុំព្យូទ័រចំនួន ៣០គ្រឿង, Monitor ចំនួន ១៥៤ គ្រឿង, ធុង CPU ចំនួន៦៤គ្រឿង, ដុំចែកអ៊ីនធឺណេតចំនួន៥ដុំ, និងរថយន្ដចំនួន៥គ្រឿង ព្រមទាំងឧបករណ៍-សម្ភារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
បន្ទាប់ពីបន្ដនីតិវិធី និងពិនិត្យលម្អិតលើវត្ថុតាង ដែលប្រមូលបាន អាជ្ញាធរមានសមត្ថកិច្ចពិនិត្យឃើញថា កាស៊ីណូនេះ ពិតជាមានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាប្រាកដមែន ហើយអាជ្ញាធរក៏បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូនេះនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្ដិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។ ក្នុងស្មារតីនេះ គ.ល.ក. បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងប្រឆាំងអំពើឆបោកតាមអនឡាញ តាមរយៈការពង្រឹងការត្រួតពិនិត្យ ការផ្សព្វផ្សាយការយល់ដឹង និងវិធានការការពារអ្នកប្រើប្រាស់។