សារព័ត៌មានធំៗដែលបានដកស្រង់ស្ថិតិចេញផ្សាយដោយធនាគារកណ្តាលចិន បានរាយការណ៍ថា ទំហំនៃការផ្តល់ប្រាក់កម្ចីថ្មីៗរបស់វិស័យធនាគារនៅក្នុងប្រទេសចិន បានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅក្នុងខែមេសា កន្លងទៅ ប៉ុន្តែនៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះគឺមានលក្ខណៈទប់ទល់ ស្របពេលខ្លួនបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីជំរុញការស្ទុះងើបវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនៅប៉ុន្មានខែចុងក្រោយនេះ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការផ្តល់ប្រាក់កម្ចីថ្មីៗរបស់វិស័យធនាគារនៅក្នុងប្រទេសចិន សម្រាប់ខែមេសា មានទំហំ១០១ពាន់លានដុល្លារអាម៉េរិក ទាបជាងខែមីនា ដែលមានទំហំប្រមាណជាង៤៣៦ពាន់លានដុល្លារអាម៉េរិក។
អ្នកវិភាគបានអះអាងថា ទោះជាស្ថានភាពនៅតែធ្លាក់ចុះយ៉ាងណាក្ដី ក៏គេគិតថា អន្តរាគមន៍សេដ្ឋកិច្ចដែលរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញជាបន្តបន្ទាប់ឃើញថាទទួលបានផល ហើយធនាគារនានានៅក្នុងប្រទេសចិន ទំនឹងជាបន្តដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់កម្ចីនៅដើមឆ្នាំនេះដើម្បីទទួលបានអតិថិជនល្អ និងទទួលបានចំណែកទីផ្សារទូលំទូលាយ។
ធនាគារកណ្តាលចិន បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ខ្លួននឹងធានាឱ្យបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ និងកំពុងពង្រឹងការពង្រីកឥណទានដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។
សេដ្ឋកិច្ចរបស់ប្រទេសចិន សម្រេចបានកំណើនក្នុងអត្រា៥,៣% ដែលលឿនជាងការរំពឹងទុកដែលបានព្យាករពីមុនដោយអ្នកជំនាញការបស្ចិមប្រទេស ហើយនៅពេលនេះធនាគារនានាកំពុងព្យាយាមបង្កើនកំណើន នៅពេលប្រឈមមុខនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការកើនឡើងបំណុលរបស់រដ្ឋបាលមូលដ្ឋាន។
ផ្អែកតាមសិ្ថតិនេះ អ្នកជំនាញបានអះអាងថា ស្ថានភាពនៃឥណទានចិន នឹងមានកំណើនកើនឡើងប្រមាណជាជិត១០%នៅក្នុងឆ្នាំនេះ៕
ដោយៈ សរ សុជាតិ