វិស័យកសិកម្ម

តើពោតក្រហមអាចហក់ឡើងថ្លៃទេនៅឆ្នាំនេះ ក្រោយថៃ ចុះសន្យាប្រមូលទិញ១០ម៉ឺនតោនក្នុង១ឆ្នាំ?


កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង រំពឹងថា ទីផ្សារពោតក្រហមនៅឆ្នាំនេះនឹងអាចលក់បានក្នុងតម្លៃខ្ពស់ជាងឆ្នាំមុន ក្រោយក្រុមហ៊ុនមួយរបស់ថៃ ដែលជាទីផ្សារស្រូបទាញពោតក្រហមដ៏ធំមួយរបស់កម្ពុជា បានចុះកិច្ចព្រមព្រៀងប្រមូលទិញពោតនេះពីកម្ពុជា ក្នុងមរិមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ជំរុញឱ្យក្រុមហ៊ុនដែលគ្រោងទិញពោតពីកសិករ គួរតែមានកិច្ចសន្យាទិញឱ្យបានច្បាស់លាស់ ដើម្បីអាចរក្សាតម្លៃពោតឱ្យនៅថេរ។
វិស័យកសិកម្ម
ដោយ

លោក សុខ វិន ប្រធានសហគមន៍តាសែន និងជាកសិករដាំពោតក្រហម នៅខេត្តបាត់ដំបងម្នាក់ បានលើកឡើងថា នៅឆ្នាំនេះ ដំណាំពោតក្រហមនៅតំបន់របស់លោកមានស្ថានភាពអំណាយផលល្អជាងឆ្នាំមុន តែយ៉ាងណាលោកនៅមិនទាន់ដឹងពីតម្លៃពោតក្រហមនៅឆ្នាំនេះនៅឡើយទេ ដោយកាលពីឆ្នាំមុនអាចលក់បានក្នុងតម្លៃ៦០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ពោតក្រហមស្រស់។ ប្រធានសហគមន៍រូបនេះរំពឹងថា នៅឆ្នាំនេះតម្លៃពោតក្រហមអាចនឹងហក់ឡើងលើស៦០០រៀលក្នុងមួយគីឡូក្រាម។​ តែយ៉ាងណាលោកសំណូមពរដល់រដ្ឋាភិបាលជួយកំណត់តម្លៃពោតក្នុងកម្រិតណាមួយជាមួយឈ្មួញកណ្ដាល ដើម្បីជៀសវាងការទិញខូចថ្លៃ។

​ជាមួយគ្នានេះ លោកស្រី ឯក សេងហុង កសិករដាំពោតនៅខេត្តបាត់ដំបងម្នាក់ដែរនោះបានលើកឡើងថា នៅឆ្នាំនេះដាំដំណាំពោតរបស់លោកស្រីហាក់មានការលូតលាស់ល្អ។ តែយ៉ាងណាលោកស្រីបារម្ភពីបញ្ហាសត្វល្អិត និងការប្រែប្រួលអាកាសធាតុក្នុងការធ្វើឱ្យប៉ះពាល់ដល់ការដាំដុះពោតក្រហមនៅឆ្នាំនេះ។ បើតាមកសិកររូបនេះ ពោតក្រហមនៅតំបន់លោកស្រីកាលពីឆ្នាំមុនអាចលក់បានក្នុងតម្លៃ៥០០រៀល ក្នុងមួយគីឡូក្រាម ​ប៉ុន្តែលោកស្រីរំពឹងថា តម្លៃពោតនៅឆ្នាំនេះអាចនឹងហក់ឡើងដល់រង្វង់៦០០រៀលក្នុងមួយគីឡូក្រាម។

​ដោយឡែកលោកស្រី សាប សាវិ កសិករដាំពោតម្នាក់នៅខេត្តបាត់ដំបងដែរនោះ​បានរំពឹងថា តម្លៃពោតក្រហមនៅឆ្នាំនេះនឹងអាចហក់ដល់៧០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយខ្ពស់អាចផ្តល់ប្រាក់ចំណេញដល់លោកស្រី ខណៈកាលពីឆ្នាំមុនពោតនៅតំបន់របស់លោកស្រី អាចលក់បានត្រឹមតែ៤០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។

​ជាមួយគ្នានេះ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង យល់ឃើញថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ក្នុងការប្រមូលទិញពោតក្រហមពីកម្ពុជា ១០ម៉ឺនតោន ក្នុង១ឆ្នាំនេះ វាជារឿងល្អមួយ។ តែយ៉ាងណា ដើម្បីអាចជួយឱ្យកសិករបន្ថែមទៀត ក្រុមហ៊ុនដែលមានតម្រូវការប្រមូលទិញពោតក្រហម គួរតែមានកិច្ចសន្យាទិញលក់ជាមួយកសិករឱ្យបានច្បាស់លាស់។ ទន្ទឹមនឹងនេះ លោក សំណូមពរដល់កសិករគួរចូលរួមដាំដំណាំពោតក្រហមឱ្យមានគុណភាព និងស្ដង់ដាតាមតម្រូវការរបស់ក្រុមហ៊ុនបញ្ជាទិញ។

​គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញពោតក្រហម ចំនួន១០ម៉ឺនតោនពីកម្ពុជា ក្នុងមួយឆ្នាំនាំចូលទៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ កម្ពុជា និងសភាឧហ្សាកម្មថៃ ក៏បានប្តេជ្ញាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ ក៏ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្មផងដែរ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តំបន់អាស៊ាន នឹងទទួលបានគម្រោងឧស្ម័នដ៏ច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំនេះ

ទីភ្នាក់ងារឃ្លាំមើលថាមពលសកល (Global Energy Monitor) បានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៥ នេះ តំបន់អាស៊ីអាគ្នេយ៍អាចនឹងមើលឃើញចំនួននៃការវិន…

បុរី វិមានភ្នំពេញ សហការជាមួយធនាគារ ស៊ិនហាន ផ្ដល់កម្ចីអត្រាការប្រាក់សមរម្យ សម្រាប់ការទិញដី និងផ្ទះនៅ បុរី វិមានភ្នំពេញ

ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក របស់លោកអ្នកឧកញ៉ា លី ហួរ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ