ឆ្លើយតបនឹងសំណួរនេះអ្នកជំនាញបានផ្តល់ជាយោបល់ថា ក្រសួងស្ថាប័នពាក់ព័ន្ធគួរតែបង្កើតមុខរបរនៅនឹងកន្លែង ដើម្បីអាចឱ្យពួកគេអាចប្រាក់ចំណូល ក៏ដូចជាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ទន្ទឹមនឹងរកទីតាំងសាងសង់ជំរុំឱ្យពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានស្នាក់នៅបណ្ដោះអាសន្ន រដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធគួរបង្កើតមុខរបរដល់ពួកគេ ដើម្បីឱ្យពួកគេអាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ បើតាមអ្នកជំនាញរូបនេះ មានតែកិច្ចចរចារកដំណោះស្រាយប៉ុណ្ណោះ ទើបអាចជួយសម្រួលឱ្យពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ថៃ ហាក់មានលេសពន្យារពេលកិច្ចចរចាជាបន្តបន្ទាប់ ជាមួយកម្ពុជា ដែលទាមទារឱ្យកម្ពុជាត្រូវពន្លឿនការដាក់ពាក្យបណ្តឹងទៅស្ថាប័នអន្តរជាតិ ឱ្យជួយដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន កំពុងប្រឈមនឹងបញ្ហាដូចជាមិនមានមុខរបរច្បាស់លាស់ បាត់បង់ប្រាក់ចំណូល ផ្ទះរងការខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ដោយសារក្រុមយោធាថៃបំផ្លិចបំផ្លាញ និងលួចប្លន់។ ជាការយល់ឃើញរបស់អ្នកជំនាញរូបនេះ ទន្ទឹមនឹងកំពុងស្វែងរកទីលំនៅថ្មីបណ្ឌោះអាសន្នដល់ពលរដ្ឋភៀសសឹក រដ្ឋាភិបាលគួរតែគិតគូរបណ្ដុះបណ្ដាលជំនាញវីជ្ជាជីវៈ ក៏ដូចជាបង្កើតមុខរបរជាក់ស្ដែងនៅនឹងកន្លែង ដើម្បីអាចឱ្យពលរដ្ឋមានលទ្ធភាពទ្រទ្រង់ជីវភាពដោយខ្លួនឯងជាជាងផ្ដល់ជាជំនួយដោយផ្ដល់។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតបានចាត់ទុកសកម្មភាពរបស់ថៃថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបានជំរុញឱ្យកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាធំ ដើម្បីដាក់សម្ពាធឱ្យថៃដកទ័ព និងប្រគល់ទីលំនៅជូនពលរដ្ឋខ្មែរវិញ ព្រោះការអត់ធ្មត់តែម្យ៉ាងមិនមែនជាដំណោះស្រាយជោគជ័យឡើយ។
គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងរៀបចំផែនការជ្រើសរើសទីតាំងរៀបចំលំនៅដ្ឋានថ្មីបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដើម្បីធានាថា ទោះបីជាមិនទាន់បានទៅផ្ទះដើមវិញ ក៏ពួកគេមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅតាមបណ្តោយព្រំដែនកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា