អ្នកជំនាញការរបស់ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាធនាគារកណ្តាលនៃបណ្តាប្រទេសរដ្ឋសមាជិកអាស៊ានបានបើកការពិភាក្សាកាលពីថ្ងៃច័ន្ទ នៅទីក្រុង ចូកយ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រងនៅក្នុងតំបន់ ស្របពេលដែលគេដឹងថា តំបន់នេះតែងតែមានហានិភ័យគ្រោះមហន្តរាយធម្មជាតិសឹងតែរាល់ឆ្នាំ ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Antara បានឲ្យដឹងថា អ្នកជំនាញហិរញ្ញវត្ថុនិងធនាគាររបស់ប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានលើកទឹកចិត្តឲ្យពិភាក្សានិងចែករំលែកមេរៀនសំខាន់ៗស្តីពីបញ្ហានេះ ព្រោះអាស៊ានជាតំបន់ងាយរងគ្រោះបំផុតក្នុងពិភពលោក ។
លោកបណ្ឌិត ប៉ា ជីយូណូ (Parjiono) អ្នកជំនាញនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបានអះអាងថាឥណ្ឌូណេស៊ីកំពុងនាំមុខគេក្នុងឋានៈជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងកម្មវិធីឥណទានហានិភ័យគ្រោះមហន្តរាយ និងសេវាកម្មធានារ៉ាប់រង ។
លោកបានអះអាងថា ដើម្បីវិបុលភាពរបស់ប្រទេសនិងតំបន់ ឥណ្ឌូនេស៊ីបានផ្តួចផ្តើមឲ្យមាន យុទ្ធសាស្ត្រហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង តាំងពីឆ្នាំ២០១៨។
លោកបានបន្តថា ទោះបីជាយុទ្ធសាស្រ្តនេះបង្កើតនៅឆ្នាំ២០១៨ ក៏ដោយ ប៉ុន្តែឥណ្ឌូនេស៊ីធ្លាប់បានអនុវត្តកម្មវិធីឥណទាននេះតាំងពីឆ្នាំ២០០៦ នៅពេលដែលទីក្រុង ចូកយ៉ាកាតា បានរងគ្រោះរញ្ជួយដី ដែលនាំឲ្យឥណ្ឌូនេស៊ីខាតបង់អស់ដល់ទៅជិត ២ ពាន់លានដុល្លារ ។
លោកបានបន្តថា ផ្អែកលើទិដ្ឋភាពនេះហើយ ទើបឥណ្ឌូនេស៊ីដាក់ចេញនូវយុទ្ធសាស្រ្តហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ តាមឯកសារមួយរបស់ធនាគារពិភពលោកបានបង្ហាញថា នៅក្នុងមួយឆ្នាំ តំបន់អាស៊ានអាចនឹងប្រឈមមុខនឹងគ្រោះមហន្តរាយតម្លៃសរុបលើសពី៤ពាន់៤រយលានដុល្លារ ។
ប្រភពដដែលបានអះអាងថា តាំងពីឆ្នាំ២០០០មក ប្រជាជននៅអាស៊ានប្រមាណជាជាង១រយ លាននាក់ បានរងគ្រោះដោយសារតែគ្រោះមហន្តរាយនានានៅក្នុងតំបន់។ ដូច្នេះ គេសន្និដ្ឋានថា យុទ្ធសាស្រ្តហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយនិងសេវាកម្មធានារ៉ាប់រង នឹងអាចជួយប្រជាជាតិនៅក្នុងតំបន់ឱ្យបន្សាំ ក៏ដូចជាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិបានប្រសើរ៕
ដោយៈ សរ សុជាតិ