អ្នកជំនាញ នៅក្នុងវិស័យថាមពលស្អាត បាអះអាងថា បច្ចុប្បន្ន ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងកាន់តែច្រើន ដ្បិតថាវា ជួយកាត់បន្ថយថ្លៃចំណាយលើការប្រើប្រាស់ថាមពល និងជួយការពារដល់បរិស្ថានថែមទៀតផង។ មិនតែប៉ុណ្ណោះ ការចូលរួមពីស្ថាប័នផ្ដល់កម្ចី នៅក្នុងការផ្ដល់ឥណទានការប្រាក់ទាប និងភាពអនុគ្រោះមួយចំនួនទៀត ក៏ជាកត្តាជួយឲ្យវិស័យថាមពលស្អាតនៅកម្ពុជាកើនឡើងផងដែរ។
លោកបណ្ឌិត គង់ ផារិទ្ធ ប្រធានក្រុមហ៊ុន I.M.B Cambodia បានគូសបញ្ជាក់ បច្ចុប្បន្ន និន្នាការពិភពលោកក៏កំពុងងាកមកប្រើប្រាស់ថាមពលស្អាតកាន់តែច្រើន រួមទាំងនៅកម្ពុជាផងដែរ។ ជាក់ស្តែង នៅតាមបណ្តារោងចក្រកាត់ដេរនៅកម្ពុជាបច្ចុប្បន្ន ដែលមានការបញ្ជាទិញពីម្ចាស់ម៉ាកយីហោធំៗមួយចំនួននៅលើពិភពលោក ក៏មានការតម្រូវឱ្យរោងចក្រទាំងនោះ មានកាតព្វកិច្ចប្រើប្រាស់នូវថាមពលស្អាតនេះដែរ ក្នុងគោលដៅកាត់បន្ថយដល់ការបំពុលក្នុងបរិស្ថាន។
អ្នកជំនាញរូបនេះ អះអាងថា ភាពរីកចម្រើនរបស់វិស័យថាមពលស្អាត ក្រៅតែទទួលបានការលើកទឹកចិត្តពីរដ្ឋហើយនោះ វាក៏មានការចូលរួមយ៉ាងសកម្មភាពពីស្ថាប័នពាក់ព័ន្ធក្នុងវិស័យឯកជន ពិសេស គឺស្ថាប័នផ្ដល់កម្ចី សម្រាប់ការពង្រីកអាជីវកម្ម។ លោកបណ្ឌិត គង់ ផារិទ្ធ ក៏បានបញ្ជាក់ដែរថា នៅក្នុងអាជីវកម្មប្រព័ន្ធសូឡានៃក្រុមហ៊ុនរបស់លោក បច្ចុប្បន្ន គឺទទួលបានទុនកម្ចីជាច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ ថុAMK ខណៈលក្ខខណ្ឌកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ គឺមានលក្ខណៈងាយស្រួល និងមានភាពអនុគ្រោះច្រើនសម្រាប់អាជីវកម្ម
ពាក់ព័ន្ធនឹងកម្ចីសម្រាប់អាជីវកម្មក្នុងវិស័យថាមពលកកើតឡើងវិញនេះដែរ លោក ប៊ុន ច័ន្ទភិវឌ្ឍន៍ នាយកប្រតិបត្តិសាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានគូសបញ្ជាក់ថា បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានផ្តល់កម្ចីក្នុងវិស័យថាមពលកកើតឡើងវិញនេះ សម្រាប់អាជីវកម្មប្រើប្រាស់ប្រព័ន្ធសូឡា ឡជីវឧស្ម័ន និងកម្ចីសម្រាប់យានយន្តអគ្គិសនីជាដើម។
លោក ច័ន្ទភិវឌ្ឍន៍ គូសបញ្ជាក់ថា គោលដៅចម្បង ដែល AMK ពង្រីកការផ្ដល់កម្ចីក្នុងវិស័យនេះ គឺដើម្បីចូលរួមចំណែកដល់ការជួយការពារបរិស្ថាន ក៏ដូចជាការជួយកាត់បន្ថយនូវការសាយភាយឧស្ម័នផ្ទះកញ្ចក់នាពេលបច្ចុប្បន្ន និងអនាគត។
បើតាម នាយកប្រតិបត្តិសាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) រូបនេះ ការផ្តល់កម្ចីរបស់ AMK សម្រាប់អាជីវកម្មកកើតឡើងវិញ គឺមានការអនុគ្រោះច្រើន ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ម្ចាស់អាជីវកម្ម ជាមួយនឹងការផ្តល់ជូននូវអត្រាការប្រាក់ទាប និងមិនតម្រូវឱ្យមានទ្រព្យធានាផងដែរ។
មកទល់ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់កម្ចីក្នុងទំហំប្រមាណជាង ២លានដុល្លារហើយ សម្រាប់វិស័យថាមពលស្អាតនេះ និងត្រូវបានរំពឹងថា ទំហំកម្ចីនៅក្នុងវិស័យនេះ នឹងមានការកើនឡើងខ្ពស់នៅចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុន ច័ន្ទភិវឌ្ឍន៍។
របាយការណ៍ពីអាជ្ញាធរអគ្គិសនីកម្ពុជា បង្ហាញថា គិតត្រឹមឆ្នាំ២០២២ ប្រភពអគ្គិសនីក្នុងស្រុក ដែលបានមកពីថាមពលកកើតឡើងវិញមានជាង៦០% ដោយក្នុងនោះ ភាគច្រើនជាងថាមពលវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់៕