លោក ហ្វ្រេង ខាន់ នាយកប្រតិបត្តិ និងជាប្រធានផ្នែកលំនៅឋានរបស់ក្រុមហ៊ុន Knight Frank Thailand បានគូសបញ្ជាក់ថា ទីផ្សារលក់ផ្ទះខុនដូនៅប្រទេសថៃ នៅមានសន្ទុះយឺតនៅឡើយបើធៀបនឹងវិស័យផ្សេងៗ ដោយសារការរីតបន្តឹងគោលការណ៍ផ្តល់ប្រាក់កម្ចីពីធនាគារ។ អ្នកជំនាញរូបនេះវាយតម្លៃថា ទីផ្សារលំនៅឋាននៅឆ្នាំ២០២៤ នឹងនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងអត្រាបដិសេធប្រាក់កម្ចីទិញផ្ទះ និងតម្លៃអភិវឌ្ឍន៍ខ្ពស់តែម្ដង។
បើតាមលោក ខាន់ ក្នុងចំណោមខុនដូ១០យូនីត ដែលពួកគេបានលក់ គឺមាន៥-៦យូនីត ត្រូវបានធនាគារបដិសេធផ្ដល់កម្ចី ហើយស្ថានភាពបែបនេះគឺកាន់តែធ្ងន់ធ្ងរថែមទៀតសម្រាប់យូនីតដែលមានតម្លៃក្រោម៨ម៉ឺនដុល្លារ។ សម្រាប់យូនីតដែលមានតម្លៃចន្លោះពីជាង៨ម៉ឺន ទៅជាង១៦ម៉ឺនដុល្លារ គឺភាគរយនៃការបដិសេធផ្ដល់កម្ចីអាចមានចន្លោះពី៤០-៥០%។ ទោះបីជាផ្ទះមានតម្លៃទាបក៏ដោយ ក៏ការបដិសេធផ្ដល់កម្ចីពីធនាគារនៅតែមានលទ្ធភាពខ្ពស់ដដែលដោយសារតែធនាគារបង្កើនការត្រួតពិនិត្យលម្អិតលើអ្នកទិញផ្ទះ ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តមកដល់ឆ្នាំ២០២៤ ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះតែម្ដង។
លោក ម៉ាខឹស ប៊ឺថិនសាវ (Marcus Burtenshaw)នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងយុទ្ធសាស្រ្ត និងដំណោះស្រាយនៅក្រុមហ៊ុន Knight Frank Thailand បាននិយាយថា កំណើនរបស់វិស័យឧស្សាហកម្មរបស់ប្រទេសថៃកាលពីឆ្នាំ២០២៣ ត្រូវបានជំរុញជាចម្បងដោយសារតែការកើនឡើងនូវឧស្សាហកម្មយានយន្តអគ្គិសនី (EV)។
ក្រៅពីវិស័យនេះ វិស័យបដិសណ្ឋារកិច្ចក៏បានស្ទុះងើបឡើងវិញឈានដល់កម្រិតដូចកាលពីមុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ផងដែរ។ លោក ខាឡូស ម៉ាទីណេស (Carlos Martinez) នាយកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank Thailand បាននិយាយថា អត្រាជួលបន្ទប់ក្នុងមួយយប់បានកើនឡើងយ៉ាងខ្លាំង បើទោះជាចំនួនភ្ញៀវទេសចរបរទេសមិនទាន់បានកើនឡើងដល់កម្រិតដូចកាលពីមុនពេលនៃជំងឺរាតត្បាតក៏ដោយ៕