ស្រូវ​អង្ករ​កម្ពុជា

ទីផ្សារ​ស្រូវ​អង្ករ​នឹង​ប្រសើរ​ឡើង បន្ទាប់​ពី​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​៣​កន្លែង​ទៀត​សាង​សង់​រួច


មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ អះអាង​ថា ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន នៅ​ឆ្នាំ​ក្រោយ​នេះ ខណៈ​ដែល​គម្រោង​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​៣​កន្លែង នឹង​ត្រូវ​សាងសង់​នៅ​​ខេត្ត​សំខាន់ៗ​ចំនួន​៣​នៅ​កម្ពុជា គឺ​ខេត្ត​កំពង់ធំ ព្រៃវែង និង​តាកែវ។
ស្រូវអង្ករកម្ពុជា
ដោយ

វត្តមាន​របស់​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​ទាំង​៣​ទី​តាំង​នេះ នឹង​ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​ស្រូវ​លើ​ទីផ្សារ​មាន​ស្ថិរភាព ដែល​អាច​ឆ្លើយតប​នឹង​តម្រូវការ​នាំចេញ។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​ជា​រោង​ម៉ាស៊ីន​កិន​ស្រូវ​ធំៗ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Amru Rice និង​ក្រុមហ៊ុន Khmer Food ត្រូវ​បាន​ជ្រើស​យក​សម្រាប់​ការ​ទទួល​បាន​កម្ចី​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ ក្នុង​ចំណោម​​ក្រុមហ៊ុន​ប្រមាណ​១០​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ។ 

បើ​តាម​ការ​លើក​ឡើង​ពី​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ បាន​ឲ្យ​ដឹង​ថា កម្ចី​ឥណទាន​សម្រាប់​គម្រោង​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្ត​ចំនួន​៣​នេះ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​​១៥​លាន​ដុល្លារ ជាមួយ​នឹង​អត្រា​ការ​ប្រាក់​៥% ក្នុង​មួយ​ឆ្នាំ។ ដោយ​ក្នុង​នោះ ខេត្ត​កំពង់ធំ​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន Amru Rice សាងសង់​ និង​ខេត្ត​តាកែវ និង​ព្រៃវែង ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​ឲ្យ​ក្រុមហ៊ុន Khmer ​Food។

លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​បទ។

ឯកឧត្តម កៅ ថាច បាន​បន្ថែម​ទៀត​ថា ការសាងសង់​ឡ​សម្ងួត និង​ទីតាំង​ស្ដុក​ស្រូវ​នេះ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​រក្សា​បាន​នូវ​ការ​ផ្គត់ផ្គង់​​ស្រូវ​អង្ករ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ក្រុមហ៊ុន​ធ្វើការ​នាំចេញ​​នៅ​លើ​ទីផ្សារ​ក្រៅ​ប្រទេស ព្រោះ​កន្លង​មក រាល់​រដូវ​ប្រមូល​ផល​ស្រូវ​ធំ​ម្ដងៗ តម្លៃ​ស្រូវ​តែងតែ​ធ្លាក់​ចុះ​ទាប ដោយសារ​តែ​បរិមាណ​ច្រើន។ ដូច្នេះ កម្ពុជា​ចាំបាច់​ត្រូវការ​កន្លែង​សម្ងួត​និង​ស្តុក​ស្រូវ​ទុក​សម្រាប់​បញ្ចេញ​លក់​​ពេល​មាន​តម្រូវការ​ទីផ្សារ​និង​តម្លៃ​សមរម្យ។

បើ​តាម​ការ​អះអាង​ពី​ឯកឧត្តម កៅ ថាច ឡ​សម្ងួត​ទាំង​៣​ទីតាំង​នេះ​នឹង​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន ៤៥០០​តោន​ក្នុង​១​ថ្ងៃ ខណៈ​ដែល​ឃ្លាំង​ស្តុក​មាន​សមត្ថភាព​ស្ដុក​ស្រូវ​បាន​១៥​ម៉ឺន​តោន។ ដូច្នេះ វា​នឹង​ជួយ​សម្រួល​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​បាន​កាន់​តែ​ប្រសើរ​ឡើង។

ឧកញ៉ា គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន​ Khmer Food ដែល​នាំ​ស្រូវអង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា គឹម សាវុធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Food ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​ឃ្លាំង​ស្ដុក​និង​ឡ​សម្ងួត​នៅ​ខេត្ត​តាកែវ និង​ព្រៃវែង បាន​លើក​ឡើង​ថា ក្រុមហ៊ុន​លោក​បាន​ចំណាយ​​ទុន​ផ្ទាល់​ខ្លួន​មួយ​ចំនួន​រួច​ជា​ស្រេច​ក្នុង​ការ​កក់​ម៉ាស៊ីន​ឡ​សម្ងួត​ពី​ក្រៅ​ប្រទេស ដែល​ត្រៀម​នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ដើម​ខែ​មករា ខាង​មុខ​នេះ ហើយ​លោក​ក៏​បាន​ប្តេជ្ញា​ថា នឹង​សាងសង់​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​​នេះ ឲ្យ​បាន​ហើយ​រួច​រាល់​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៨ សម្រាប់​ត្រៀម​ទទួល​ការ​ប្រមូល​ផល​ស្រូវ​ធំ​ដែល​កៀក​ខិត​ចូល​​មក​ដល់។ 

លើស​ពី​នេះ លោក​ក៏​រំពឹង​ថា ក្រោយ​ពី​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​នេះ ត្រូវ​បាន​សាងសង់​រួច​រាល់ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​អាច​មាន​សមត្ថភាព​ផលិត​អង្ករ​បាន​កាន់​តែ​ច្រើន សម្រាប់​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​បរទេស ​ព្រោះ​ពេល​ខ្លះ ពេល​ទីផ្សារ​មាន​តម្រូវការ​អង្ករ តែ​ក្រុមហ៊ុន​ក្នុង​ស្រុក​បែរ​ជា​មិន​មាន​អង្ករ​គ្រប់​គ្រាន់​ដើម្បី​នាំ​ចេញ​ទៅ​វិញ ដោយសារ​តែ​កន្លង​មក កម្ពុជា​នៅ​ខ្វះ​ខាត​ម៉ាស៊ីន​សម្ងួត​និង​ឃ្លាំង​ស្ដុក​ស្រូវ។

លោក​ឧកញ៉ា​បាន​គូស​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​មាន​ឡ​សម្ងួត​និង​កន្លែង​ទុក​ដាក់​ស្រូវ​បាន​ត្រឹម​ត្រូវ នោះ​កម្ពុជា​អាច​នឹង​កាត់​បន្ថយ​ការ​លក់​ស្រូវ​ទៅ​កាន់​ប្រទេស​ជិត​ខាង ហើយ​កម្ពុជា​ក៏​អាច​ចំណេញ​ពី​អនុផល រហូត​ដល់​៣៥% បន្ទាប់​ពី​អង្ករ​ផង​ដែរ ដូចជា​កន្ទក់​និង​អង្កាម​ជាដើម។ មិន​តែ​ប៉ុណ្ណោះ អង្ករ​កម្ពុជា​នឹង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រកួត​ប្រជែង​តម្លៃ ជាមួយ​អង្ករ​ប្រទេស​ជិត​ខាង​ផង​ដែរ។ 

លោក​ឧកញ៉ា សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amru Rice។

លោក​ឧកញ៉ា សុង សារ៉ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amru Rice ដែល​ទទួល​បាន​សិទ្ធិ​សាងសង់​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ថា គម្រោង​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ​ថ្មី​នេះ មិន​ត្រឹមតែ​​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សម្រាប់​តែ​ខេត្ត​កំពង់ធំ​មួយ​នោះ​ទេ ប៉ុន្ដែ ក៏​អាច​ជួយ​បំពេញ​តម្រូវការ​សម្រាប់​ខេត្ត​មួយ​ចំនួន​នៅ​ជាប់ៗ​នោះ​ផង​ដែរ ហើយ​លោក​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ដែរ​ថា នឹង​ធ្វើ​យ៉ាង​ណា​សាងសង់​ឲ្យ​បាន​ហើយ​នៅ​ក្នុង​ខែ​មករា​ខាង​មុខ​នេះ តាម​ការ​កំណត់​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ។ យ៉ាង​ណា​ក៏​ដោយ លោក​ក៏​សង្ឃឹម​ថា ធនាគារ​អភិវឌ្ឍ​ន៍​ជនបទ​នឹង​ទម្លាក់​ប្រាក់​កម្ចី​ឲ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការងារ​សាងសង់​ឲ្យ​បាន​លឿន​ទៅ​តាម​កាល​កំណត់។

សូម​ជម្រាប​ដែរ​ថា គិត​មក​ទល់​ពេល​នេះ កម្ពុជា​យើង​មាន​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​តែ​មួយ​ទីតាំង​ប៉ុណ្ណោះ គឺ​នៅ​ខេត្ត​បាត់ដំបង ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​៣​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ឃ្លាំង​ស្តុក​​មាន​សមត្ថភាព​ស្ដុក​ស្រូវ​បាន​២០​ម៉ឺន​តោន។ ដូច្នេះ ក្រោយ​ពេល​គម្រោង​ទី២​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​សាងសង់​ឃ្លាំង​ស្ដុក និង​ឡ​សម្ងួត​នៅ​តាម​ខេត្ត​ចំនួន​៣​នេះ ត្រូវ​បាន​សាងសង់​រួច​រាល់ និង​បូក​បញ្ចូល​ទាំង​សមត្ថភាព​ឡ​សម្ងួត​និង​ឃ្លាំង​ស្តុក​ស្រូវ​នៅ​ខេត្ត​បាត់ដំបង​ទៀត​នោះ កម្ពុជា​នឹង​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​រហូត​ដល់ ៧​ពាន់​៥​រយ​តោន​ក្នុង​មួយ​ថ្ងៃ និង​មាន​ឃ្លាំង​ស្តុក​ស្រូវ​ទុក​បាន​ ៣៥​ម៉ឺន​តោន។ សមិទ្ធផល​ទាំង​​នេះ នឹង​ជួយ​សម្រួល​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ធ្លាប់​តែ​ប្រឈម​នឹង​បញ្ហា​ទីផ្សារ នឹង​ឈាន​ទៅ​រក​ភាព​ប្រសើរ​ឡើង​ជាង​មុន៕




អត្ថបទបន្ទាប់


កម្ពុជា​ផលិត​បន្លែ​បាន​តែ​ជិត​៥០%​នៃ​តម្រូវការ ក្រៅ​ពី​នោះ​គឺ​នាំ​ចូល!

កម្ពុជា​ល្បីល្បាញជា​ប្រទេស​កសិកម្ម ប៉ុន្តែ បើ​និយាយ​ពី​បន្លែ កម្ពុជា​ផលិត​បាន​ត្រឹម​តែ​ជិតពាក់កណ្ដាល​ប៉ុណ្ណោះ​នៃ​តម្រូវការ​ក្នុង​ស្រុក​សរុ…

និស្សិត​ខ្មែរ​មួយ​ក្រុម​បង្ហាញ​គម្រោង​«​​ចំណត​ស្វ័យ​ប្រវត្តិ ដោយ​មិន​ប្រើ​មនុស្ស»

និស្សិត​ខ្មែរ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា (NPIC) បាន​រួម​គ្នា​បង្កើត​ចំណត​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំបាច់​ប្រើ​សន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ