ក៏ប៉ុន្តែលោក Sunak បានសន្យាថា លោកនឹងចូលខ្លួនមកដោះស្រាយវិបត្តិទាំងពីរនេះ និងក៏ដូចជាកែតម្រូវកំហុស ដែលមេដឹកនាំមុនបានបង្កើតឡើងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ភ្លាមៗក្រោយបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការកាលពីថ្ងៃអង្គារទី២៥តុលា លោក Sunak បានចាត់តាំងឱ្យលោក Jeremy Hunt នៅកាន់ដំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល។ លោក Jeremy នេះជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលទើបចូលកាន់ដំណែងថ្មីថ្មោងដូចគ្នា ពោលគឺក្រោមការដឹកនាំរបស់លោកស្រីលីស ត្រាស់ ក្រោយពេលលោកស្រីបណ្តេញរដ្ឋមន្ត្រីហិរញ្ញវត្ថុមុនចេញពីកៅអី។
នៅខាងក្រៅការិយាល័យធ្វើការនាយករដ្ឋមន្ត្រី Downing Street និងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោក Sunak អះអាងថា លោកនឹងបង្រួបបង្រួមអង់គ្លេសឡើងវិញ។ លោកថា នឹងរៀបចំគណៈរដ្ឋមន្ត្រីមួយ ដែលមានសមាជិកចេញពីគ្រប់ផ្នែកទាំងអស់នៃបក្សអភិរក្សនិយម ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាលើគោលនយោបាយ ហើយក្រៅពីនោះលោក នឹងបញ្ចៀសរាល់ការអនុវត្តគោលនយោបាយណា ដែលមានផលប៉ះពាល់ ធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច និងគំរាមកំហែងដល់សម្ព័ន្ធមិត្តជាអន្តរជាតិ។
ត្រង់ចំណុចនេះ លោក Sunak ចង់សំដៅថាលោក នឹងមិនអនុវត្តគោលនយោបាយដូចមេដឹកនាំមុនគឺលោកស្រី លីស ត្រាស នោះទេ។ គួររំឭកថាលោកស្រី លីស ត្រាស ក្រោយចូលកាន់តំណែងបានដាក់ចេញនូវគោលនយោបាយកាត់បន្ថយពន្ធ ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរំជើបរំជួលខ្លាំង អ្នកវិនិយោគនាំគ្នាខ្លាចរអា ហើយបានរងការព្រមានភ្លាមៗពីអន្តរជាតិផងដែរ រួមមានប្រទេសសម្ព័ន្ធមិត្ត និងមូនិធិរូបិយវត្ថុអន្តរជាតិ IMF។
ក្រៅពីនោះលោក Sunak បានសន្យាថា នឹងចាត់ទុកស្ថិរភាពសេដ្ឋកិច្ចអង់គ្លេសជាស្នូលនៃរបៀបវារៈការងារបស់លោក។ លោកក៏បានប្តេជ្ញាថា នឹងដាក់តម្រូវការរបស់សាធារណជនមុនគេ ពីលើបញ្ហានយោបាយផងដែរ។ ទោះយ៉ាងណា មិនមែនសាធារណៈមតិទាំងអស់សុទ្ធតែពេញចិត្តនឹងវត្តមាននាយករដ្ឋមន្ត្រីរូបនេះឡើយ។ ពលរដ្ឋខ្លះលើកឡើងថា លោក Sunak ជាបេក្ខភាពល្អមួយ ប៉ុន្តែល្អក្នុងចំណោមបេក្ខភាពមិនបានការជាច្រើន។ ពលរដ្ឋអង់គ្លេសខ្លះទៀតយល់ថា ការដែលត្រឹមរយៈពេលមិនដល់២ខែផង មានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដល់ទៅ២រូប មិនមែនជារឿងល្អឡើយ ហើយពួកគេចង់ឱ្យមានការបោះឆ្នោតមុនអាណត្តិតែម្តង។ ពលរដ្ឋមួយចំនួនទៀតមិនចង់ឃើញការផ្លាស់ប្តូរមេដឹកនាំទៀតឡើយ ដោយសង្ឃឹមថាលោក Sunak នឹងអង្គុយកៅអីនេះរហូតដល់ការបោះឆ្នោតលើកក្រោយ គឺនៅដើមឆ្នាំ២០២៥។
គួរជម្រាបថា អ្វីដែលគេអាចដឹងបានគិតមកទល់ពេលនេះ គឺអង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ នឹងត្រូវកាត់បន្ថយចំណាយសាធារណៈរបស់រដ្ឋច្រើនសម្បើម។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Jeremy Hunt អះអាងថា លោកកំពុងត្រៀមគម្រោងកញ្ចប់ថវិកាថ្មីមួយ ស្របជាមួយនឹងគម្រោងខ្ចីប្រាក់បន្ថែមផងដែរ ដើម្បីដាក់គោលដៅកំណើនសេដ្ឋកិច្ចថ្មី ហើយដែលនឹងចេញផ្សាយលំអិតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ដែរថា លោក Rishi Sunak ជាមេដឹកនាំអង់គ្លេស ដែលមានវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអង់គ្លេស បើគិតចាប់ពីឆ្នាំ ១៨១២មក។ ម្តាយឪពុករបស់លោក Sunak មានដើមកំណើតជាជនជាតិឥណ្ឌា និងបានធ្វើអន្តោប្រវេសន៍មកដល់ទឹកដីអង់គ្លេសនៅឆ្នាំ១៩៦០។ លោកចូលប្រឡូកនយោបាយនៅឆ្នាំ ២០១៥ ក្នុងនាមជាតំណាងរាស្រ្ត និងក្លាយរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងអាណត្តិរបស់លោក បូរីស ចនសុន កាលពីឆ្នាំ២០២០ និងក្នុងវ័យមិនដល់ ៤០ឆ្នាំផង។
បុរសដែលមានដើមកំណើតអាស៊ីរូបនេះ ចូលមកកាន់តំណែងស្របពេលដែលអង់គ្លេស ត្រូវបានចាត់ទុកថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកលំបិនមួយក្នុងប្រវត្តិសាស្ត្រ គឺទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ។ សេដ្ឋកិច្ចអង់គ្លេសចុះខ្សោយ ជីវភាពពលរដ្ឋជួបការលំបាក ដោយសារតែបានចាកចេញពីសហភាពអឺរ៉ុប (Brexit)កាលពី៣ឆ្នាំមុនមក ហើយអ្វីៗកាន់តែលំបាកបន្ថែមទៀត ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
តម្លៃទំនិញចំណីអាហារ តម្លៃប្រេងឥន្ធនៈ តម្លៃហ្កាស ជាពិសេសតម្លៃចរន្តអគ្គិសនី គឺបានឡើងទ្វេដង។ អត្រាអតិផរណានៅអង់គ្លេស មានចំនួន ១០,១% ពោលគឺខ្ពស់ជាងគេក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅកាត់ថាG7៕