សង្វៀនពាណិជ្ជកម្មអាមេរិក-ចិន

អាមេរិកបិទខ្ទប់ការនាំចេញឈីបកុំព្យូទ័រទៅចិនកំពុងក្លាយជាសង្វៀនពាណិជ្ជកម្មថ្មីទៀត ខណៈមេដឹកនាំប្រទេសទាំងពីរត្រៀមជួបពិភាក្សាគ្នា


ការបិទខ្ទប់ការនាំចេញការនាំចេញបន្ទះឈីបកុំព្យូទ័រទំនើបៗទៅកាន់ប្រទេសចិន របស់រដ្ឋបាលលោកចូបៃឌិន កំពុងក្លាយជាសញ្ញាថ្មីមួយ នៃដំណាក់កាលតានតឹងនៃទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ ពោលគឺនៅចំពេលដែល បញ្ហាពាណិជ្ជកម្មកាន់តែមានភាពអាប់អួ និងប្រជែងគ្នាកាន់តែខ្លាំងឡើងក្នុងការដណ្ដើមយកអំណាចបច្ចេកវិទ្យា និងយោធានាំមុខគេក្នុងពិភពលោក។
អាមេរិកបិទខ្ទប់ការនាំចេញឈីបកុំព្យូទ័រទៅចិនកំពុងក្លាយជាសង្វៀនពាណិជ្ជកម្មថ្មី ជាមួយចិន។

ទោះយ៉ាងណា មេដឹកនាំពិភពលោកទាំងពីរ គឺលោក ចូ បៃឌិន និងលោកស៊ី ជីនពីង គ្រោងនឹងជួបគ្នាទល់មុខនៅថ្ងៃចន្ទទី ១៤ វិច្ឆិកានេះ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ដែលចិន និងអាមេរិកមានភាពរកាំរកូសនឹងគ្នានៅមួយរយៈចុងក្រោយនេះ ក៏ដូចជាបញ្ហាពិភពលោកផ្សេងទៀត។

សហរដ្ឋអាមេរិក កាលពីខែមុននេះ បានប្រកាសពីជំហានថ្មីមួយទៀត ក្នុងការបិទខ្ទប់ការនាំចេញឈីបកុំព្យូទ័រទំនើបៗទៅកាន់ប្រទេសចិន ហើយវិធានការនេះ ក៏បានជួយឲ្យលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកមានទឹកមាត់ប្រៃជាងមុន ក្នុងការជួបពិភាក្សាជាមួយនឹងលោក ស៊ី ជីនពីង នៅថ្ងៃចន្ទ ទី ១៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅក្រៅកិច្ចប្រជុំ G20 ដែលគ្រោងនឹងធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់លោកចូ បៃឌិន ក្នុងការគ្រប់គ្រងការប្រកួតប្រជែងរវាងអាមេរិក និងចិន ខណៈដែលវិធានការចុងក្រោយរបស់អាមេរិក លើការហាមឃាត់ការនាំចេញបន្ទះឈីបទៅចិននេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាច្រើននៃភាគីទាំងសងខាង រួមទាំងពិភពលោកផងដែរ។

មែនទែនទៅ បន្ទាប់ពីជាង២ទសវត្សរ៍នៃការផ្ដោតលើការពង្រីកពាណិជ្ជកម្ម និងកំណើនជាសាកល ប្រទេសមហាអំណាចទាំងពីរនេះ គឺកំពុងតែមានការបើកចំហរជាអាទិភាពចំពោះផលប្រយោជន៍ជាតិរបស់ពួកគេ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងតស៊ូជាមួយនឹងកំណើនអតិផរណា និងការធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ច។ ក្នុងវិស័យបច្ចេកវិទ្យា សហរដ្ឋអាមេរិក និងចិន មានចំណុចពិសេសរៀងៗខ្លួន ក្នុងការអភិវឌ្ឍ និងផលិតបន្ទះឈីបកុំព្យូទ័រ ដែលផលិតផលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់កំណើនសេដ្ឋកិច្ច និងផលប្រយោជន៍សន្ដិសុខសម្រាប់ពួកគេ។

ជុំវិញ បញ្ហាសន្ដិសុខពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្នែកបច្ចេកវិទ្យានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបញ្ជាក់ច្បាស់ៗរួចហើយថា អាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារផលប្រយោជន៍ពលរដ្ឋអាមេរិក ពីការគំរាមកំហែងរបស់ចិន។

យ៉ាងណាមិញ លោក ស៊ី ជីនពីង បានឆ្លើយតទៅនឹងការបិទខ្ទប់របស់អាមេរិក លើការនាំចេញបន្ទះឈីបទៅកាន់ទីផ្សារចិន កាលពីខែមុននេះដែរថា លោកសន្យានឹងធ្វើឲ្យប្រទេសចិន នឹងកាន់តែមានភាពរឹងមាំដោយខ្លួនឯង ក្នុងការផលិតបន្ទះសៀគ្វីនេះ រួមទាំងបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីដោះខ្លួនពីការពឹងផ្អែកខ្លាំងលើអាមេរិក។

សូមបញ្ជាក់ថា បញ្ហារឹតត្បិតរបស់អាមេរិកលើការនាំចេញបន្ទះឈីបទៅចិននេះ បានធ្វើឲ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មពាក់ព័ន្ធនឹងបន្ទះឈីបនៅប្រទេសចិន ក៏ដូចជាក្រុមហ៊ុនអាមេរិកដែលផ្គត់ផ្គង់បន្ទះឈីបទៅឲ្យក្រុមហ៊ុនចិន។ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើមេដឹកនាំប្រទេសទាំងពីរនឹងអាចលើកយកបញ្ហានេះ មកដាក់លើតុដើម្បីពិភាក្សា ដែរឬក៏អត់នោះទេ នៅអំឡុងជំនួបទល់មុខនៅកោះបាលី ខណៈដែល បញ្ហាដ៏រសើបកោះតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានគេជឿថា នឹងជាបញ្ហាចម្បងសម្រាប់កិច្ចពិភាក្សាក្នុងជំនួបដ៏កម្រមួយនេះ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក៖ ឥណ្ឌាអាចទិញប្រេងរបស់រុស្ស៊ីតាមដែលខ្លួនចង់បាន ឱ្យតែអាចជៀសផុតពីយន្តការកំណត់តម្លៃរបស់G7

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ិនតោន រីករាយចំពោះប្រទេសឥណ្ឌាក្នុងការបន្តទិញប្រេងពីប្រទេសរុស្ស៊ីឱ្យបានច្រើនតាមដែលខ្លួនចង…

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការស្តារសេដ្ឋកិច្ចលើកដំបូងជាមួយវិស័យឯកជន

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ