តម្លៃទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស បានកើនឡើងដល់ទៅតម្លៃ ៨០ដុល្លារ ក្នុងមួយបារ៉ែល ដែលមានការកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីខែតុលា ឆ្នាំ ២០១៨មក។
បើក្រឡេកទៅមើល ទីផ្សារប្រេងឆៅអាមេរិកវិញក៏បានហក់ឡើងថ្លៃខ្ពស់ដល់ទៅជាង ៧៥ដុល្លារក្នុងមួយបារ៉ែលផងដែរ ហើយវាក៏ជាតម្លៃមួយខ្ពស់បំផុត គិតចាប់ពីខែកក្កដា ឆ្នាំ ២០២១មក។
ភាពមិនច្បាស់លាស់នៃការកើនឡើងថ្លៃ នៃថាមពលនេះ បានធ្វើឲ្យវិនិយោគិនក្នុងទីផ្សារភាគហ៊ុន មានភាពវឹកវរ ហើយភាគហ៊ុននៅក្នុងផ្សារហ៊ុនអាមេរិកជាច្រើន ត្រូវបានលក់ចេញភ្លាមៗ ជាមួយទិន្នផលមូលបត្របំណុលមានការកើនឡើង ហើយវិនិយោគិន ក៏កំពុងរង់ចាំមើល ផែនការបន្ទាប់របស់ធនាគារកណ្តាលអាមេរិក។
អ្នកវិភាគផ្នែកថាមពល នៃស្ថាប័នស្រាវជ្រាវ Commerzbank បានលើកឡើងថា ទីផ្សារប្រេងឆៅនាពេលបច្ចុប្បន្ន គឺមានភាពតានតឹង ដោយសារតែតម្រូវការប្រេងកើនឡើង ហើយការផ្គត់ផ្គង់ប្រេង គឺមានកំណត់ ដែលធ្វើឲ្យតម្លៃប្រេងបន្តកើនឡើង។
បញ្ហាសំខាន់ដែលការផ្គត់ផ្គង់ប្រេង មានភាពតានតឹង គឺដោយសារតែបញ្ហាកង្វះខាតផលិតកម្មនៅឈូងសមុទ្រប្រទេសម៉ិកស៊ិក ហើយមួយវិញទៀត គឺអង្គការ OPEC+ បានផលិតប្រេងតិចជាងចំនួនដែលបានកំណត់។
បើតាមផ្សារហ៊ុន Goldman Sachs បានលើកឡើងថា ដោយសារតែគ្រប់គ្នាមើលឃើញពី ភាពសុទិដ្ឋិនិយមក្នុងរយៈពេលវែង បញ្ហាឱនភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេង គឺធំជាងអ្វីដែលបានគិតទុក ដោយសារតែ តម្រូវការប្រើប្រាស់ប្រេងកើនឡើងលើសពីការព្យាករណ៍ ខណៈការផ្គត់ផ្គង់ប្រេង ស្ថិតនៅក្រោមកម្រិតដែលបានព្រមព្រៀងគ្នា។
បញ្ហាតម្លៃប្រេងឆៅ មិនមែនជាប្រភពតែមួយ ដែលបង្កើតជាក្តីបារម្ភដល់ វិនិយោគិនទីផ្សារភាគហ៊ុននោះទេ នៅមានបញ្ហាតម្លៃធ្យូងថ្ម ដែលកើនឡើងបួនដង ធៀបនឹងឆ្នាំ២០២០ ដែលជាតម្លៃមួយខ្ពស់បំផុត ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។
បើតាមទិន្នន័យទីផ្សារពីក្រុមហ៊ុន រីហ្វីននីតធីវ (Refinitiv) ក៏បានបង្ហាញថា ភាគហ៊ុនឧស្ម័នធម្មជាតិ ក៏កំពុងជួញដូរក្នុងតម្លៃមួយខ្ពស់បំផុត ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។
ការកើនឡើងនៃតម្លៃថាមពលនេះ ក៏កើតមានឡើងចំពេលដែល ការផ្គត់ផ្គង់ថាមពលទូទាំងសកលលោក មានភាពមិនច្បាស់លាស់ បង្កជាក្តីបារម្ភកាន់តែខ្លាំង។
ជាក់ស្តែង ការកើនឡើងនៃតម្លៃធ្យូងថ្ម បានបង្ខំឲ្យរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ក្នុងប្រទេសចិន បានសម្រេចកាត់បន្ថយផលិតកម្ម បណ្តាលឲ្យមានការដាច់ភ្លើងនៅក្នុងទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង។
នៅចក្រភពអង់គ្លេស ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើន ក៏គ្មានប្រេងទាល់តែសោះ ដោយសារតែកង្វះខាតអ្នកបើកបរឡានដឹកប្រេង គួបផ្សំនឹងបញ្ហាការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប Brexit ដែលធ្វើឲ្យមានការសម្រុកទិញទំនិញយ៉ាងខ្លាំង។
កំណើនថ្លៃថាមពលខ្ពស់យ៉ាងនេះ ក៏បានធ្វើឲ្យការកំណត់អំពី អតិផរណា នៅក្នុងទស្សនវិស័យរបស់ធនាគារកណ្តាលអាមេរិក មានការពន្យារពេលជាបណ្តោះអាសន្នផងដែរ។
បើសិនជាការដាក់សម្ពាធទៅលើ តម្លៃទំនិញប្រើប្រាស់នៅតែមាន ហើយតម្លៃថាមពល នៅតែខ្ពស់ដដែលនេះ ធនាគារកណ្តាលអាមេរិក អាចនឹងកាត់បន្ថយការទិញមូលបត្របំណុល និងដំឡើងអត្រាការប្រាក់វិញ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍