ថ្លៃប្រេងឥន្ធនៈនៅវៀតណាមបានកើនចន្លោះពីជាង ៤០% ទៅជាង ៥២% នៅឆ្នាំនេះ ជាមួយនឹងការកើនថ្លៃចុងក្រោយកាលពីថ្ងៃទី២៦ តុលា ប្រេងសាំងនៅវៀតណាមបានកើនដល់ជាង ១ ដុល្លារ ក្នុងមួយលីត្រ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ២០១៤ ។
ក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុបាននិយាយរួមគ្នាថា ចាប់តាំងពីខែកញ្ញ មក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួន ៤ ដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះនៅតែទាបជាងអត្រាពិភពលោក។
យ៉ាងណាមិញ ជុំវិញតម្លៃប្រេងឥន្ធនៈកើនខ្ពស់បានធ្វើឱ្យមានការព្រួយបារម្ភអំពីការកើនឡើងអតិផរណាផងដែរ។ ជាក់ស្ដែង អតីតប្រធានការិយាល័យស្ថិតិទូទៅវៀតណាមបាននិយាយថា ការកើនឡើងក្នុងករណីតម្លៃប្រេងឥន្ធនៈ ១០% នឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបថមថយចុះ និងជំរុញតម្លៃទំនិញប្រើប្រាស់ដែលបង្កឲ្យអតិផរណាកើនបន្ថែម។សូមជម្រាបថា ការឡើងថ្លៃប្រេងឥន្ធនៈកំពុងដាក់សម្ពាធលើក្រុមហ៊ុនដែលទើបចាប់ផ្ដើមបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីការរផលប៉ះពាល់ដោយសារវិបត្តិកូវីដផងដែរ។ ជាពិសេស ក្រុមហ៊ុនវិស័យដឹកជញ្ជូន ហើយមិនតែប៉ុណ្ណោះការកើនឡើងនៃការចំណាយលើវិស័យដឹកជញ្ជូនក៏មានផលប៉ះពាល់ដល់វិស័យផ្សេងទៀតផងដែរ។ ទោះយ៉ាងណា អ្នកជំនាញមួយចំនួនបានស្នើឱ្យកាត់បន្ថយពន្ធ និងថ្លៃសេវាដែលមានប្រហែល ៦០% នៃតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន ដើម្បីបន្ធូរបន្ថយសម្ពាធលើអាជីវកម្ម និងអ្នកប្រើប្រាស់។ សូមជម្រាបថា វៀតណាមបាននាំចូលប្រេងឥន្ធនៈក្នុងទំហំទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូង ដែលកើនឡើងជាង ១៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន៕