កម្មវិធីប្រគល់រថយន្ដ និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសរថយន្ដ ហ្វដនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។
ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។
លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សនេះហើយ ដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស រថយន្ត ហ្វដ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត ជាពិសេសទៀតនោះប្អូនៗនិស្សិតថែមទាំងអាចមានឱកាសមកចូលបម្រើការក្នុងក្រុមហ៊ុន អ អិម អេ ផងដែរ។”
ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាពទំនើបនៃបច្ចេកវិទ្យាដែលមានបំពាក់នៅលើរថយន្ត ហ្វដ ហើយថ្ងៃនេះដែរ ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដែលនេះជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់ពីចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗនៃរថយន្ត។”
ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជាមួយឆ្នាំៗមានសិស្សចូលរៀនប្រមាណរាប់ពាន់នាក់ ប៉ុន្តែនៅក្នុងមុខជំនាញបច្ចេកទេស ឬបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈហាក់បីដូចជានៅមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ ដូច្នេះខ្ញុំជឿជាក់ថា តាមរយៈការដាក់ឲ្យដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើតនូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ ”