ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះការស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានប្រវែងជាង១៣គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង៦៧% ហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍កំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំ។ ក្រោយផ្លូវនេះសាងសង់រួច វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ក្បែរនោះ ឬធ្វើដំណើរចេញចូលអាកាសយានដ្ឋាននេះប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញឱ្យតម្លៃអចលនទ្រព្យនៅតំបន់មាននោះកាន់តែមានតមម្លៃខ្ពស់ផងដែរ។
ជុំវិញវឌ្ឍនភាពនៃការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា មកទល់ពេលនេះស្ថាបនាជំហានទី១ សម្រេចបានប្រមាណ៥៥%ហើយ ជាមួយការចំណាយទុនវិនិយោគអស់ប្រមាណ៨រយលានដុល្លារអាម៉េរិក។ បើគ្មានការប្រែប្រួលទេ មន្ត្រីជាន់ខ្ពស់រូបនេះវាយតម្លៃថា អាកាសយានដ្ឋានដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារមួយនេះ អាចនឹងបញ្ចប់ការសាងសង់នៅត្រឹមចុងឆ្នាំ២០២៤ និងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៥។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពេលកន្លងទៅបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល និងជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ឯកឧត្តមជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការ វានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឲ្យមានការកើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕