កសិករដាំទុរេននៅវៀតណាម កំពុងជួបវិបត្តិខាតបង់ធ្ងន់ធ្ងរ ក្រោយការនាំចេញជាប់គាំងដោយសារការផ្អាកការធ្វើតេស្តរកសំណល់ថ្នាំគីមី ដែលធ្វើឱ្យទុរេនវៀតណាមស្អុយរលួយពេញចម្ការ ហើយទុរេនរាប់ពាន់ទូកុងតឺន័រចាល់ពេញឃ្លាំង និងនៅតាមច្រកត្រួតពិនិត្យនៅព្រំដែនចិន។ កសិករដាំទុរេនបានត្អូញត្អែរថា ឈ្មួញដែលបានកក់ទុរេនរបស់ពួកគេក្នុងតម្លៃខ្ពស់ ជាង៣ដុល្លារអាម៉េរិកក្នុងមួយគីឡូ បានលុបចោលកិច្ចព្រមព្រៀងទិញទុរេន ដែលធ្វើឱ្យពួកគេបង្ខំចិត្តលក់ទុរេនទុំជ្រុលក្នុងតម្លៃថោកក្រោម១ដុល្លារអាម៉េរិកក្នុងមួយគីឡូ។
បើយោងតាមសមាគមទុរេនខេត្តដាក់ឡាក់ (Dak Lak) បានឱ្យដឹងថា ទុរេនរហូតដល់ទៅជិត ២ពាន់ទូកុងតឺន័របានជាប់គាំងនៅតាមឃ្លាំង និងច្រកត្រួតពិនិត្យនៅព្រំដែនចាប់តាំងពីថ្ងៃទី១១ ខែតុលា មក ដោយសារតែមន្ទីរពិសោធន៍ធ្វើតេស្តករកសំណល់ថ្នាំគីមីបានផ្អាកដំណើរការ។ បណ្ដាអ្នកនាំចេញ ក៏កំពុងជួបការលំបាកដូចគ្នាដែរ ដោយអ្នកខ្លះកំពុងព្យាយាមលក់ចេញនៅក្នុងស្រុក ឬកែច្នៃផ្លែទុរេនទាំងនោះ ខណៈពេលដែលអ្នកនាំចេញផ្សេងៗទៀតត្រូវយកទុរេនស្អុយរលួយទៅចាក់ចោល បន្ទាប់ពីរង់ចាំរហូតដល់១៥ថ្ងៃសម្រាប់ការធ្វើតេស្តពិនិត្យរកសំណល់ថ្នាំគីមី។
មជ្ឈមណ្ឌលធ្វើតេស្តរកសំណល់ថ្នាំគីមីវៀតណាម បាននិយាយថា ការផ្អាកបណ្ដោះអាសន្ននេះ គឺត្រូវការជាចាំបាច់ ដើម្បីថែរក្សាឧបករណ៍តេស្តកុំឱ្យខូច បន្ទាប់ពីបានប្រើប្រាស់ច្រើនហួសកម្រិត។
សូមបញ្ជាក់ថា ប្រទេសវៀតណាម មានមន្ទីរពិសោធន៍ចំនួន២៤ ដែលត្រូវបានអនុម័តដោយគយចិន ដែលមានសមត្ថភាពធ្វើតេស្តសំណាកគីមីលើផ្លែទុរេនបានចំនួន៣,២០០សំណាកប៉ុណ្ណោះក្នុងមួយថ្ងៃ ធ្វើឱ្យការពិនិត្យមិនទាន់ឈានទៅដល់ការស្ទះការនាំចេញ។ អាជ្ញាធរវៀតណាម បានបញ្ជាឱ្យពិនិត្យឡើងវិញនូវមន្ទីរពិសោធន៍ទាំងអស់ ហើយកំពុងស្វះស្វែងសុំការអនុម័តបន្ថែមទៀតពីប្រទេសចិន ដើម្បីបន្ធូរបន្ថយភាពជាប់គាំង។
ទិន្នន័យបង្ហាញថា ប្រទេសវៀតណាម បាននាំចេញផ្លែទុរេនក្នុងទំហំ១,៨ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ ដោយការនាំចេញផ្លែទុរេនស្រស់បានធ្លាក់ចុះ២៥% ខណៈដែលការនាំចេញផ្លែទុរេនបង្កកបានកើនឡើង១២៧%៕
ដោយ: តែម សុខុម