នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណក្រុមហ៊ុនអាម៉េរិក ដែលជឿជាក់ និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ជំរុញឱ្យសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជាការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជាជាមួយបណ្ដាប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក។
ពាក់ព័ន្ធនឹងការវិនិយោគ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីភាពទាក់ទាញ នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
សម្តេចធិបតី ក៏បានបញ្ជាក់ជូនប្រធានសភាពាណិជ្ជកម្ម អំពីឱកាសនៃការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ក្នុងទិសដៅចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថលផងដែរ។
ឆ្លើយតបនឹងសំណើរបស់សម្តេចធិបតី លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជាបានបង្ហាញពីជំហរនៃការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស(FDI)មកកម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និងការគាំទ្រដល់ស្រ្តី លើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងផ្នែកហិរញ្ញវត្ថុជាដើម។
ទន្ទឹមនឹងនេះប្រធានសភាពាណិជ្ជកម្មរូបនេះ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល និងធានាបាននូវបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាម៉េរិ នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា៕