វិស័យពាណិជ្ជកម្ម

លោក ត្រាំ គំរាមដំឡើងពន្ធខ្ពស់កប់ពពកលើប្រេងរុស្ស៊ី បើក្រុងមូស្គូ រារាំងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ខឹងមួម៉ៅក្ដៅចិត្តនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន យ៉ាងខ្លាំង ហើយបានគំរាមដំឡើងពន្ធកប់ពពកចន្លោះពី២៥% ទៅ៥០% លើអ្នកណាដែលហ៊ានទិញប្រេងរបស់រុស្ស៊ី ប្រសិនបើក្រុងមូស្គូ រារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីឈានទៅដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មាន NBC News ថា លោកមួម៉ៅក្ដៅចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីសប្តាហ៍មុន បានរិះគន់ចំពោះភាពគួរឱ្យជឿទុកចិត្តបាន នៃការដឹកនាំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី។

ចាប់តាំងពីចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាន់ជំហរផ្សះផ្សាច្រើនជាងមុនចំពោះប្រទេសរុស្ស៊ី ដែលបានធ្វើឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច មានការព្រួយបារម្ភ ខណៈដែលលោកព្យាយាមសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាមដែលក្រុងមូស្គូ បានបញ្ឆេះឡើងដើម្បីចូលឈ្លានពានប្រទេស អ៊ុយក្រែន រយៈពេល៣ឆ្នាំមកនេះ។

ទោះជាយ៉ាងណា ការអត្ថាធិប្បាយដ៏មុតស្រួចរបស់លោក ដូណាល់ ត្រាំ អំពីលោក ពូទីន កាលពីថ្ងៃអាទិត្យ សប្ដាហ៍កន្លងទៅនេះ បានឆ្លុះបញ្ចាំងពីការមួម៉ៅក្ដៅចិត្តកាន់តែខ្លាំងឡើងរបស់លោក នៅពេលដែលដំណើរការចរចាឆ្ពោះទៅរកបទឈប់បាញ់បានជាប់គាំង។

លោក ដូណាល់ ត្រាំ បានព្រមានថា ប្រសិនបើរុស្ស៊ី មិនជួយបញ្ឈប់សង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែនទេនោះ វាជាកំហុសរបស់រុស្ស៊ី ហើយលោកនឹងដំឡើងពន្ធខ្ពស់លើប្រេងទាំងអស់ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី ហើយថា អ្នកណាដែលហ៊ានទិញប្រេងរុស្ស៊ី នឹងប្រឈមមុខការដំឡើងពន្ធខ្ពស់ឈានដល់ចន្លោះពី២៥% ទៅ៥០% ហើយថែមទាំងត្រូវបានរារាំងមិនឱ្យធ្វើអាជីវកម្មនៅសហរដ្ឋអាម៉េរិក ទៀតផង​។

បន្តិចក្រោយមក​ លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌ជាថ្មីម្ដងទៀតថា លោកខកចិត្តចំពោះលោក ពូទីន ប៉ុន្តែបាននិយាយថា លោកជឿថា លោកទាំងពីរនឹងនាំមកនូវវឌ្ឍនភាពជាជំហាន​ៗ។ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងដាក់ចេញវិធានការពាណិជ្ជកម្មថ្មីៗអំឡុងពេលមួយខែទៀត។

ទោះជាយ៉ាងណា ភ្លាមៗមិនទាន់មានប្រតិកម្មឆ្លើយតបពីទីក្រុងមូស្គូ នៅឡើយទេ។ ប្រទេសរុស្ស៊ី បានចាត់ទុកការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងជុំទិសដោយលោកខាងលិច​ថា អយុត្តិធម៌ និងខុសច្បាប់ ហើយថា វាជាវិធីមួយសម្រាប់លោកខាងលិច ប្រើប្រាស់ដើម្បីកេងចំណេញផ្នែកសេដ្ឋកិច្ច៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើកម្ពុជា គួរដល់ពេលគិតគូរលើបច្ចេកទេសសាងសង់អគារដើម្បីទប់ទល់នឹងគ្រោះរញ្ជួយដីហើយមែនទេ?

គ្រោះរញ្ជួយដីជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យសំណង់អគារខ្ពស់មួយចំនួនដួលរលំ និងបង្កគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លា…

កំពូលមហាសេដ្ឋី Elon Musk នឹងបញ្ចប់យុទ្ធនាការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអាម៉េរិក ឱ្យបាន១ទ្រីលានដុល្លារ ក្នុងពេលឆាប់ៗនេះ

កំពូលមហាសេដ្ឋី Elon Musk ដែលត្រូវបានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជ្រើសតាំងឱ្យដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក (DO…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ